រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមចំណែកក្នុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលវៀតណាម បានផ្តល់ជំនួយសប្បុរសធម៌ជាថវិកាចំនួន៣០០.០០០ ដុល្លារអាមេរិកដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ។ នេះបើ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ។

ក្រសួងការបទេសកម្ពុជាបានឲ្យដឹង កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ថា ថ្នាក់ដឹកនាំវៀតណាមបានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាប្រទេសកម្ពុជានឹងអាចជម្នះបាននូវការលំបាកបង្កដោយរោគរាតត្បាតនេះដោយជោគជ័យ និងងើបឡើងវិញយ៉ាងរឹងមាំជាងមុន ក្នុងពេលឆាប់ៗខាងមុខ ។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលបានផ្តល់នូវជំនួយជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា ។
ក្រសួងការបរទេសកម្ពុជា លើកឡើងទៀតថា ការផ្ដល់ជំនួយសប្បុរសធម៌នេះមិនត្រឹមតែបានឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ដ៏ល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់ អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ និងភាពជាអ្នកជិតខាងដ៏ល្អរវាងប្រជាជាតិ ទាំងពីរផងដែរ ៕
ចែករំលែកព័តមាននេះ