ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លា.ប់នៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ដោយសាររន្ទះបាញ់ កាលពីវេលាម៉ោង០៣ និង២៥នាទីរសៀលថ្ងៃទី១៨ មេសា នៅចំណុចវាលព្រៃត្បែង ស្ថិតក្នុងភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខណៈដែលពួកគេពីរនាក់បងប្អូននឹងគ្នាដឹកជីយកទៅដាក់ស្រែ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះស៊ុំ សំណាង អាយុ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះស៊ុ វល័ក្ខ អាយុ២៦ឆ្នាំ ពួកគេទាំង២នាក់មានទីលំនៅភូមិចាស់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បងប្អូន បានបើកគោយន្តដឹកជី យកទៅដាក់ស្រែ នៅចំណុចវាលព្រៃត្បែង ពីខាងក្រោយ ភូមិដែលពួកគេបានរស់នៅ។
ក្នុងពេលពួកគេទាំងពីរនាក់ កំពុងបរគោយន្តបាចជីដាក់ស្រែ ក៏ស្រាប់តែមានភ្លៀងធ្លាក់និងខ្យល់ផង រំពេចនោះក៏៏មានរន្ទះបាញ់ ត្រូវពួកគេទាំង២នាក់បណ្ដាលឲ្យយុវជនឈ្មោះ ស៊ុំ សំណាង បានស្លា.ប់នៅនឹងកន្លែង ។ ចំណែកឈ្មោះស៊ុំ វល័ក្ខ រងរបួសធ្ងន់ ហើយបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាព ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេកទើបដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីសមត្ថកិច្ចនគរបាលបានចុះពិនិត្យធ្វើកោសល្យវិច័យ ។
គួររំលឹកដែរថា នៅក្នុងខែពិសាខដើមឆ្នាំ ដែលក្រោយពីរដូវចូលឆ្នាំផុតទៅ ភ្លៀងចាប់ផ្តើមធ្លាក់រាយប៉ាយនៅខេត្តកំពង់ឆ្នាំង ដើរឡើងសម្រាប់ថ្ងៃទី១៨ មេសា ម្សិលមិញនេះ ផ្ទះប្រជាពលរដ្ឋមួយចំនួនក៏បានរងគ្រោះរបើកដំបូល និងជញ្ជាំងផងដែរ ហើយ ករណីរន្ទះបាញ់បណ្ដាលឲ្យស្លា.ប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នេះចាត់ទុកជាលើកទីមួយហើយសម្រាប់រដូវវស្សាឆ្នាំ២០២១នេះ៕

ចែករំលែកព័តមាននេះ