តុលាការខេត្ត​កណ្ដាល​ឃុំខ្លួន​បុរស​ស្រវឹងស្រា បើកឡាន​បុក​គេ​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការខេត្ត​កណ្ដាល​ឃុំខ្លួន​បុរស​ស្រវឹងស្រា បើកឡាន​បុក​គេ​ស្លាប់ និង​របួស​ជា​ច្រើន​នាក់

3 អាទិត្យ មុន
  • Kandal

ខេត្តកណ្ដាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២១ លោក ប្លុង វិសាល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល បាន​ស​ម្រ​ច​ចេញ​ដីការ​ឃុំខ្លួន​បុរស​ស្រវឹងស្រា​ជោគ​ជាំ​ម្នាក់…

ខេត្តកណ្ដាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២១ លោក ប្លុង វិសាល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល បាន​ស​ម្រ​ច​ចេញ​ដីការ​ឃុំខ្លួន​បុរស​ស្រវឹងស្រា​ជោគ​ជាំ​ម្នាក់ បើករថយន្ត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​៦​នាក់​ផ្សេង​ទៀត ទាំង​យប់​នៅ​ក្រុង​តា​ខ្មៅ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​។ តៃកុង​រថយន្ត​ជា​ជន​បង្ក​ត្រូវ​ចោទ​ពី​បទ «​បើកបរ​ដោយ​ធ្វេសប្រហែស មិន​ប្រុង​ប្រយ័ត្ន បណ្ដាល​ឲ្យ​រង​របួស និង​ស្លាប់​ដល់​អ្នក​ដទៃ និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​» តាម​បញ្ញា​ត្តិ​មាត្រា​៨៣, ៨៥ និង​មាត្រា​៧៧ នៃ​ក្រមព្រហ្មទណ្ឌ​។ ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​ខាង​មុខ​មន្ទីរសម្ភព​ពិសិដ្ឋ លើ​ផ្លូវ​២១ ស្ថិត​នៅ​ភូមិ​ថ្មី​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។

Picture

ជន​ត្រូវ​ចោទ​មានឈ្មោះ ឈ្មោះ ផុ​ន ថៅ​រ៉ុ​ម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៦៩ ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។ បើ​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨ និង​៣០​នាទី ត្រង់​ចំណុច​ខាង​មុខ​មន្ទីរសម្ភព​ពិសិដ្ឋ លើ​ផ្លូវ​២១ ស្ថិត​នៅ​ភូមិ​ថ្មី​១ សង្កាត់​តា​ខ្មៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល មាន​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2S-3326 បើកបរ​ក្នុង​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក Honda cub ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1BZ-1186 អ្នក​បើក​ម៉ូតូ​មានឈ្មោះ សោម ដា​នី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល (​រង​របួស​បាក់ជើង​ខាងឆ្វេង​) និង​អ្នក​រួម​ដំណើរ​ពីក្រោយ​ឈ្មោះ សា​ម៉េ​ត នី​បញ្ញា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ត្រូវជា​កូន​មាន​ទីលំនៅ ជាមួយ​គ្នា (​រង​របួសស្រាល​) ម៉ូតូ​បើក​ក្នុង​ទិស​ដៅ​ពី ជើង​ទៅ​ត្បូង​រួច​បត់​ឆ្វេង​ត្រឡប់​ក្រោយ​។

Picture

រួច​រថយន្ត​ខាងលើ​បាន​រេ​ចង្កូត​ទៅ​បុក​នឹង​ម៉ូតូ​ចំនួន​៣​គ្រឿង​ទៀត​មាន ៖ ម៉ូតូ​ទី​១ មាន​ម៉ាក Honda សង់ ប៊ិ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BF-2600 អ្នក​បើក​ម៉ូតូ​មិន​ទាន់​ស្គាល់ រង​របួសធ្ងន់ បើក​ម៉ូតូ​មាន​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ ម៉ូតូ​ទី​២ មាន​ម៉ាក Honda scoopy ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BU-1239 អ្នក​បើក​ម៉ូតូ​មានឈ្មោះ អន ស្រី​និ​ច ភេទ​ស្រី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​ខេត្តកណ្ដាល (​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ជ័យ​ជំនះ​) និង​អ្នក​រួម​ដំណើរ​ពីក្រោយ ២​នាក់​, ទី​១-​ឈ្មោះ ហ៊ា​ង សុខ​ហ៊ុន ភេទ​ស្រី អាយុ​១៤​ឆ្នាំ​(​របួសស្រាល​), ទី​២-​ឈ្មោះ ចាន់ ស្រី​លក្ខ ភេទ​ស្រី អាយុ​១៨​ឆ្នាំ​(​របួសស្រាល​) មាន​ទីលំនៅ​ជាមួយ​គ្នា បើក​ម៉ូតូ​មាន​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ ទី​៣-​ម៉ាក Honda click ពណ៌​ស ពាក់​ស្លាក​លេខ កណ្ដាល 1Z-0344 អ្នក​បើក​ម៉ូតូ​មានឈ្មោះ តាំង ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​១​ក សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល (​របួសធ្ងន់​បាក់ជើង​ខាងឆ្វេង​) ម៉ូតូ​បើក​មាន​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ ចំពោះ​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​បាន​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ ប៉ឹង ឆដា