ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពាន​ទៀត​ហើយ​! ​បុរស​ម្នាក់​ដើរ​ថ្មើរជើង​ទាំង​ផ្ទុក​កូ​វី​ដ​​ពី​ភ្នំពេញ​មក​ស្រុក តែ​ចូល​​ភូមិ​ភ្លាម​បងប្អូន​មិន​ឱ្យ​​ចូល​ផ្ទះ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​សុខចិត្ត​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ចេញពី​រាជធានី​ភ្នំពេញ​មក​កាន់​ស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទាំង​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ។​យ៉ាងណា​ក្តី នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ បុរស​រូប​នោះ​ត្រូវ​បាន​មន្ទីរ​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​យក​ទៅ​ដាក់​កន្លែង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​រួច​ហើយ…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​សុខចិត្ត​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ចេញពី​រាជធានី​ភ្នំពេញ​មក​កាន់​ស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទាំង​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ។​យ៉ាងណា​ក្តី នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ បុរស​រូប​នោះ​ត្រូវ​បាន​មន្ទីរ​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​យក​ទៅ​ដាក់​កន្លែង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​រួច​ហើយ មិន​បញ្ជូន​ទៅ​រាជធានី​ភ្នំពេញ​វិញ​ទេ​។

បើ​តាម​ការ​បញ្ជាក់​របស់​អធិការ​ស្រុក​កំពង់ត្រឡាច លោក​វរសេនីយ៍ឯក ន​ន ស៊ី​ណាត បាន​ឲ្យ​ដឹង​ថា បុរស​ដែល​វិជ្ជមាន​កូ​វី​ដ​១៩ ខាងលើ​មានឈ្មោះ អ៊ុ​ន មុន្នី​រតនៈ អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ហើយ​កាលពី​ថ្ងៃ​ទី​១៧ ខែមេសា បុរស​រូប​នោះ​បាន​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​មក​ស្រុក​កំពង់ត្រឡាច ដោយ​ដើរ​ថ្មើ​ជើង (​ដើម្បី​គេច​សមត្ថកិច្ច​យាម​តាម​ដងផ្លូវ )​។

ប្រភព​ដដែល​បន្ត​ថា លុះ​មក​ដល់​ផ្សារ​ត្រាច ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់ត្រឡាច ក៏​បាន​ហៅ​ម៉ូតូ​កង់​បី​ឥណ្ឌា​ជិះ ដើម្បី​បន្តដំណើរ​មក​ដល់​ភូមិ​ស្នា​ពេជ្រ ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច​។ គ្រាន់តែ​ចូល​មក​ដល់​របងភូមិ​ភ្លាម ក៏​មានឈ្មោះ កង ទិ​ត ដែល​ត្រូវជា​បងប្អូន​មិន​ឲ្យ​ឈ្មោះ អ៊ុ​ន មុន្នី​រតនៈ ចូល​ផ្ទះ​ទេ ព្រោះ​បាន​ទទួល​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​នៅ​ភ្នំពេញ​ថា គាត់​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ដោយ​បាន​ឲ្យ​ឈរ​នៅ​ខាងក្រៅ​ផ្ទះ ហើយ​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច និង​មន្ទីរ​ជំនាញ រួច​ក៏​បាន​យក​ទៅ​ព្យាបាល​នៅ​ស្រុក​កំពង់ត្រឡាច​តែ​ម្ដង​ទៅ ។

ជាមួយ​គ្នា​នេះ លោក​វិ​ជ្ជ​បណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមេសា​នេះ ក៏​បាន​បញ្ជាក់​ថា បុរស​ឈ្មោះ អ៊ុ​ន មុន្នី​រតនៈ ពិតជា​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ប្រាកដ​មែន ប៉ុន្តែ​ដោយសារ​តែ​នៅ​ភ្នំពេញ មាន​អ្នកជំងឺ​ច្រើន​ទើប​សម្រេច​យក​បុរស​រូប​នោះ​មក​ដាក់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ដើម្បី​ព្យាបាល​តែ​ម្ដង ។

ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​ក៏​បាន​អំពាវនាវ​ដល់​អ្នក​រត់​កង់​បី​ឥណ្ឌា ដែល​បាន​ដឹក​បុរស​ខាងលើ សូម​រួសរាន់​ទៅ​យក​សំណាក ដើម្បី​ពិនិត្យ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ជា​បន្ទាន់​ផង​ដែរ ។

គួរ​បញ្ជាក់​ផងដែរ​ថា ក្រោយ​ពី​មាន​ការ​អំពាវ​នាវ​ឱ្យ​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ដែល​បាន​ដឹក​បុរស​ខាងលើ ឱ្យ​រួស​រាល់ទៅ​យកសំណាក​ដើម្បី​ពិនិត្យ​នោះ ម្ចាស់​​ម៉ូតូ​កង់​បី​ឥណ្ឌាដែល​បាន​ដឹក​​បុរស​មាន​ផ្ទុក​កូវីដ១៩​នោះ ក៏​បាន​មក​ដល់​មន្ទីរពេទ្យ​ដើម្បី​យក​សំណាក​ទៅ​ធ្វើ​តេស្តុ​រក​វីរុស​កូវីដ​១៩ និង​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​រយៈពេល​១៤​ថ្ងៃ​ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ