ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​ទាំងនេះ បញ្ជាក់​ថា​អ្នកមាន​បញ្ហា​ភ្នែក​ហើយ គួរ​ប្រយ័ត្ន​! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រសិនបើ​អ្នកមាន​រោគ​សញ្ញា​ទាំងនេះ បញ្ជាក់​ថា​អ្នកមាន​បញ្ហា​ភ្នែក​ហើយ គួរ​ប្រយ័ត្ន​!

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ លោកស្រី​វេជ្ជបណ្ឌិត​ឃឹម ណាំ​ហ្គេ​ច ឯកទេស​ចក្ខុរោគ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ឲ្យ​ដឹង​ថា ៖ ជំងឺភ្នែកឡើងបាយ គឺជា​ជំងឺ​ដែល​កែវភ្នែក​ភ្លឺ​ថ្លា​ពី​ធម្មជាតិ​របស់​អ្នក​ប្រែជា​ស្រអាប់​ស ធ្វើ​អោយ​គំហើញ​របស់​អ្នក​ធ្លាក់​ចុះ​ស្រវាំង​បន្ដិច​ម្ដង​ៗ​។…

រាជធានី​ភ្នំពេញ ៖ លោកស្រី​វេជ្ជបណ្ឌិត​ឃឹម ណាំ​ហ្គេ​ច ឯកទេស​ចក្ខុរោគ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ឲ្យ​ដឹង​ថា ៖ ជំងឺភ្នែកឡើងបាយ គឺជា​ជំងឺ​ដែល​កែវភ្នែក​ភ្លឺ​ថ្លា​ពី​ធម្មជាតិ​របស់​អ្នក​ប្រែជា​ស្រអាប់​ស ធ្វើ​អោយ​គំហើញ​របស់​អ្នក​ធ្លាក់​ចុះ​ស្រវាំង​បន្ដិច​ម្ដង​ៗ​។ ជំងឺភ្នែកឡើងបាយ អាច​ព្យាបាល​ជា​សះស្បើយ​តាម​រយៈ​ការ​វះកាត់ និង​ការ​ប្រើ​ម៉ាស៊ីន Phacoemulsification បូម​យក​កែវភ្នែក​ដែល​ស្រអាប់​ចេញ ដោយ​រក្សា​ទុក​នូវ​ស្រទាប់​តម្រង​កែវ​ធម្មជាតិ​របស់​អ្នកជំងឺ ដើម្បី​ដាក់​កែវ​សិប្បនិម្មិត​ថ្លា​ចូល​ក្នុង​តម្រង​កែវ​នេះ​វិញ​។ ក្រោយ​ការ​វះកាត់​ភ្នែក​ឡើងបាយ អ្នកជំងឺ​អាច​មើលឃើញ​ច្បាស់​ឡើង​វិញ​។

Picture

លោកស្រី​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ទៀត​ថា ៖ តាម​ការ​សិក្សា​ស្រាវជ្រាវ​នៅ​លើ​ពិភពលោក​ក្នុង​រយ​:​ពេល ពី​២ ទៅ ៥​ឆ្នាំ អ្នក​ដែល​បាន​បក​បាយ​ភ្នែក​រួច​ហើយ​អាច​មាន​បញ្ហា​ស្រទាប់​តម្រង​កែវ​ធម្មជាតិ​ឡើង​ស្រអាប់​ដោយ​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​ថា ដូច​មាន​បាយ​ភ្នែក​ម្ដងទៀត​។ អាការ​:​ទាំងនោះ​រួម​មាន​ដូច​ខាងក្រោម​៖

-​ស្រវាំងភ្នែក​ជាង​មុន​បន្តិច​ម្ដង​ៗ​លក្ខណ​:​ស្រ​ដៀង​នឹង​មុន​ពេល​បក​បាត
-​ចាញ់​ពន្លឺ​ថ្ងៃ
-​មើលឃើញ​ចំណាំងផ្លាត​ពន្លឺ​ខុសធម្មតា
-​អាច​ហៀរ​ទឹកភ្នែក​ពេល​ត្រូវ​ពន្លឺ​ខ្លាំង ។

ក្នុង​ករណី​មាន​រោគ​សញ្ញា​ដូច​ខាងលើ សូម​មក​ពិនិត្យ និង​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ចក្ខុរោគ ដើម្បី​ទទួល​ការ​ព្យាបាល​ដោយ​ការ​បាញ់​កាំរស្មី​ឡេ​ស័​រលាង​ទំ​លុះ​ស្រទាប់​កែវ​ដែល​ឡើង​ស្រអាប់​នេះ​ដោយ​បច្ចេកទេស YAG-Capsulotomy ដើម្បី​អោយ​អ្នកជំងឺ​អាច​មើលឃើញ​ច្បាស់​ឡើង​វិញ​។

បច្ចេកទេស​នេះ ជា​ការ​ព្យាបាល​ដែល​មិន​មានការ​ឈឺចាប់ មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់ ដោយ​មាន​ផល​ប៉ះពាល់​តិចតួច​បំផុត​។ ការ​ព្យាបាល​ចំណាយពេល​ត្រឹមតែ ៥ ទៅ ១០​នាទី ដោយ​មិន​ចាំបាច់​មានការ​វះកាត់​ម្តងទៀត​នោះ​ទេ​។

Picture

លោកស្រី​វេជ្ជបណ្ឌិត​ឃឹម ណាំ​ហ្គេ​ច ឯកទេស​ចក្ខុរោគ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​ថា ៖ សូម​ទំនាក់ទំនង​សួរ​ព័ត៌មាន និង​ប្រឹក្សា​យោបល់​បន្ថែម​ចំពោះ​ការ​ពិនិត្យ និង​ព្យាបាល​បញ្ហា​ស្រទាប់​តម្រង​កែវ​ស្រអាប់​នេះ​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​ចក្ខុរោគ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕