ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើដល់ប៉ូលិស ពាក់ផ្កាយ២ មានទាំងផ្ទះជួល បែរជានាំកម្មករ ជួបជុំផឹកស៊ីច្រៀងរាំ ផ្គើនបទបញ្ជាសម្តេចតេជោ ទៅកើត!

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយ​បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ឲ្យចាត់វិធានការចាប់ច្បាប់លើ​ក្រុមអ្នកបន្តជួបជុំ​ផឹកស៊ី ច្រៀងរាំ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១​…

ភ្នំពេញ៖ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយ​បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ឲ្យចាត់វិធានការចាប់ច្បាប់លើ​ក្រុមអ្នកបន្តជួបជុំ​ផឹកស៊ី ច្រៀងរាំ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១​ បែរជាប៉ូលិស​ឧត្តមសេនីយ៍ទោ ពាក់ផ្កាយ២ ឈ្មោះ អ៊ុង ចាន់ធួក ជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាម្ចាស់ផ្ទះជួល នៅស្ទឹងមានជ័យ​ បានរៀបចំកម្មវិធីជួបជុំ​ផឹកស៊ីរាំច្រៀង និង​លេងប៉ាតម្សៅថែមទៀត​។

កង​កម្លាំងនគរបាលខណ្ឌមានជ័យ ក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បានចាប់វ៉ៃ​ខ្នោះទាំងយប់ នាំទៅកាន់អធិការដ្ឋាននគរបាល​ខណ្ឌមានជ័យ​។​

ឧត្តមសេនីយ៍​ប៉ូលិសផ្កាយ២នេះ ជាម្ចាស់​ផ្ទះជួល នៅផ្ទះ​លេខ៥៨​ ផ្លូវវេងស្រេង ក្នុង​ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បង្ហាញថា នៅវេលាម៉ោង ២១:៣០នាទី ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ៥៨​ ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមាន៖ ១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។ ២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។ ៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែក មនុស្សមួយចំនួនទៀត បានរត់ចូលផ្ទះជួលអស់ ពេលសមត្ថកិច្ច ទៅដល់​។

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជាក់ក្នុងរបាយការណ៍ថា «ជនទាំង ៣នាក់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋ ចន្លោះពី ៣០ ទៅ ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួន (អ៊ុង ចាន់ធួក) ផឹកស៊ី រាំច្រៀង លេងប៉ាតម្សៅ នៅក្នុងទីតាំងរបស់ខ្លួន»។

ឧត្តមសេនីយ៍ប៉ូលិសផ្កាយ២ មិនស្គាល់ច្បាប់នេះ រួមទាំងបុរស ២​នាក់ទៀត ត្រូវបានកម្លាំងនគរបាលវ៉ៃខ្នោះ ដឹកតាម​រថយន្តប៉ូលិស​ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ទាំងយប់ ដើម្បីចាត់ការ តាមច្បាប់។​

ក្នុងអំឡុងអនុវត្តវិធានការរដ្ឋបាល​ បម្រាមគោចរ រួមទាំង​ការបិទខ្ទប់​រាជធានីភ្នំពេញ នៅអំឡុងពេលនេះ ការជួបជុំ​ផឹកស៊ី​ច្រៀងរាំ​ មិនត្រូវបានអនុញ្ញាត​ឡើយ​។ ការរឹតបន្តឹងនេះ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែ​ដាក់ចេញបទបញ្ជាផ្ទាល់មាត់​បន្ថែមទៀត កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១​​ ឲ្យចាត់វិធានការចាប់ច្បាប់ដោយគ្មានការលើកលែងលើក្រុមអ្នកបន្តជួបជុំផឹកស៊ី ច្រៀងរាំ​ នៅអំឡុងពេល​ប្រទេសជាតិ​ជួបគ្រោះអាសន្ន​នាពេលនេះ​។

ប៉ុន្តែ​ក្រោយបទបញ្ជាផ្ទាល់មាត់របស់សម្តេចតេជោ តែប៉ុន្មានម៉ោងប៉ុណ្ណោះប បែរជា​ឧត្តមសេនីយ៍ផ្កាយ២ អ៊ុង ចាន់ធួក ជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្គើន​ បាន​រៀបចំកម្មវិធីជួបជុំផឹកស៊ី ច្រៀងរាំ ហាក់ដូចជា​ប្រទេសគ្មានច្បាប់គ្មានទម្លាប់ទាល់តែសោះ។ នេះជាទង្វើមិនសម​ជាកងកម្លាំង​នគរបាលជាតិ ទាល់តែសោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ