ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីថ្ងៃស្អែកទៅ ​អនុវត្តសេចក្តី​សម្រេចរបស់រាជ​រដ្ឋាភិបាល បិទខ្ទប់រាជធានី​ភ្នំពេញ និងក្រុងតាខ្មៅ ពេញលេញ លែង​យោគ​យល់​ទៀតហើយ!

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៧ ខែមេសា ថ្ងៃស្អែក​តទៅ រាជធានីភ្នំពេញ នឹងអនុវត្ត​សេចក្តីសម្រេចរសប់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់​រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពេញលេញ​ ដោយលែងយោគយល់ទៀតហើយ​។…

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៧ ខែមេសា ថ្ងៃស្អែក​តទៅ រាជធានីភ្នំពេញ នឹងអនុវត្ត​សេចក្តីសម្រេចរសប់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់​រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពេញលេញ​ ដោយលែងយោគយល់ទៀតហើយ​។ នេះបើតាម​លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ​។

លោក ម៉េត មាសភក្តី បានប្រាប់កោះសន្តិភាព នៅយប់ថ្ងៃទី១៦មេសានេះបន្ថែមថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អាជ្ញាធរ នៅមានការយោគយល់​ខ្លះ ប៉ុន្តែចាប់ពីស្អែកទៅ គឺអនុវត្តតាម​សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ពេញមួយរយភាគរយតែម្តង ដោយមិនមានការលើកលែង និងដោយមិនមានការ​យោគយល់​នោះ​ទេ»។

ចំណែកអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា ចាប់ពីថ្ងៃទី១៧ ខែមេសាតទៅ ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យធ្វើចរាចរណ៍តាមផ្លូវ​នៅរាជធានីភ្នំពេញជាដាច់ខាត។ ពោលគឺប្រជាពលរដ្ឋ មិនត្រូវអនុញ្ញាត​ឲ្យចាកចេញពីផ្ទះដាច់ខាត។

លោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា​ ប្រសិនបើនរណាម្នាក់ នៅតែល្មើសនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៩ សសរ. ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នោះកងកម្លាំងសមត្ថកិច្ច នឹងចាប់ឃាត់គ្រប់មធ្យោបាយ ធ្វើដំណើរ និងផាកពិន័យ ព្រមទាំងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីកាត់ទោស។

សូមរម្លឹកថា កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បទ​បញ្ជាដាច់ណាត់ដល់​អាជ្ញាធរសមត្ថកិច្ច ត្រូវរឹតបន្តឹង និងអនុវត្តច្បាប់ម៉ឺងម៉ាត់ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ប្រជាពលរដ្ឋ នៅផ្ទះណា ត្រូវនៅផ្ទះនោះ គ្មានការចល័ត​ពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយ ទៅភូមិមួយទៀតឡើយ ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីថ្ងៃទី១៥-២៨ ខែមេសា​។ សូម្បីតែព្រះសង្ឃ ក៏មិនត្រូវចេញពីវត្តទេ​។ វិធានការម៉ឺងម៉ាត់ដូច្នេះ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ