រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីស្លា.ប់បុរសជនជាតិខ្មែរម្នាក់អាយុ៥៨ឆ្នាំ ដោយសារតែជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងឲ្យដឹងនៅថ្ងៃទី១៤ ខែមេសាថា យោង តាមរបាយការណ៍ពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បុរសជនជាតិខ្មែរអាយុ៥៨ឆ្នាំ រស់នៅភូមិបន្ទាយរកា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានស្លា.ប់បាត់បង់ជីវិតដោយសារតែជំងឺកូវីដ១០ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ០៩ :២០នាទីព្រឹក ។
អ្នកជំងឺខាងលើបានចូលមកដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឹ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទី ជាមួយនឹងស្ថានភាពជំងឺហត់ដង្ហក់ពិបាកដកដង្ហើមទៅហើយ។ លុះមកដល់មន្ទីរពេទ្យ ដោយឃើញមានសញ្ញាសង្ស័យពីជំងឺកូវីដ១៩ គ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ក៏បានដាក់បុរសរូបនេះក្នុងបន្ទប់ដាច់ដោយឡែក ហើយក៏រៀបចំស្លៀកពាក់សម្លៀកបំពាក់ការពារវីរុសកូវីដ១៩ ដើម្បីចូលទៅសង្គ្រោះ ។ ប៉ុន្តែដោយសារតែអ្នកជំងឺមានសភាពធ្ងន់ធ្ងរពេកពុំអាចសង្គ្រោះបានឡើយ អ្នកជំងឺក៏ស្លា.ប់បាត់បង់ជីវិតនៅវេលាម៉ោង៩និង២០នាទីព្រឹក ។ ក្រោយមកដោយមានការសង្ស័យសញ្ញាជំងឺកូវីដ១៩ គ្រូពេទ្យក៏បានយកសំណាកដើម្បីពិនិត្យរកមើលវីរុសកូវីដ១៩ លុះនៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃដដែល ដោយវិទ្យាស្ថានសុខភាពសាធារណៈបានបញ្ជាក់លទ្ធផលវិជ្ជមានជំងឺកូវីដ១៩ ។
ក្រសួងបន្តថា ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ គឺបុរសជនជាតិខ្មែរអាយុ៥៨ឆ្នាំខាងលើនេះ បានស្លា.ប់បាត់បង់ជីវិតដោយសារមានវិបត្តិផ្លូវដកដង្ហើមធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវីដ១៩ ។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។ សូមជម្រាបថា កម្ពុជាមានករណីស្លា.ប់ដោយសារជំងឺកូវីដ១៩ចំនួន៣៦នាក់ហើយគិតត្រឹមថ្ងៃទី១៤មេសាឆ្នាំ២០២១នេះ៕
ចែករំលែកព័តមាននេះ