នៅក្នុងគម្ពីរព្រះវិន័យបានបរិយាយថា កុលបុត្រដែលបានសម្រេចចិត្តចេញបួសសុទ្ធតែជាអ្នកនឿយណាយនឹងសម្បត្តិជាគ្រហស្ថ ធុញទ្រន់នឹងការគ្រប់គ្រងទ្រព្យ ក៏ស្វែងរកសេចក្តីស្ងប់ ចម្រើនមេត្តា ភាវនាដើម្បីធ្វើឱ្យបានជាក់ច្បាស់នូវព្រះនិព្វានកាត់ផ្តាច់នូចកិលេសក្នុងលោក ។ ខាងក្រោមនេះជាផ្នួសក្នុងភាពបរិសុទ្ធ១២ប្រការៈគឺ៖
១-បួសព្រោះពេញចិត្តនឹងការសិក្សា ២-បួសព្រោះសាសនានៃព្រះសម្ពុទ្ធ ៣-បួសព្រោះសម្អាតចិត្តកាយបរិសុទ្ធ ៤-បួសឱ្យរួចផុតពីទុក្ខកង្វល់ ៥-បួសព្រោះសង្រួមកាយវាចាចិត្ត ៦-បួសព្រោះកម្ចាត់ចិត្តអកុសល ៧-បួសសិក្សាធម៌សម្រេចមគ្គផល ៨-បួសបានកុសលឆ្លងផុតភពត្រៃ ៩-បួសព្រោះទ្រទ្រង់ក្នុងពុទ្ធសាសនា ១០-បួសចិត្តមេត្តាសន្តោសខន្តី ១១-បួសរួចចាកបាបនាំសុខសិរី និង១២-បួសដើម្បីបំពេញបារមីត្រាស់ដឹងនិព្វាន ។
អ្នកបួសរស់អាស្រ័យនឹងព្រះពុទ្ធសាសនាផ្ទាល់ ចូរជាអ្នកគោរពប្រតិបត្តិធម៌វិន័យឱ្យបានល្អប្រពៃ ដើម្បីញុំាងសទ្ធាបរិស័ទបន្តពីមួយជំនាន់ទៅមួយជំនាន់កុំឱ្យបែកបែរឃ្លៀងក្លាយទៅជាបការៈដទៃឡើយ ៕ សាន សារិន
ចែករំលែកព័តមាននេះ