រាជធានីភ្នំពេញ ៖ បុរសម្នាក់បានផ្លោះរបងរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដែលស្ថិតនៅខណ្ឌព្រែកព្នៅ ហើយក៏ត្រូវបានកម្លាំងនគរបាលខណ្ឌ សហការជាមួយមូលដ្ឋាន តាមឃាត់ខ្លួនបាន រួចបញ្ជូនទៅកាន់មណ្ឌលវិញ ។
ការព្យាយាមរត់គេចខ្លួននេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ហើយក៏ត្រូវបានកម្លាំងនគរបាលតាមឃាត់ខ្លួនបាននៅចំណុចដីវាលមួយកន្លែងក្បែរស្រះចិញ្ចឹមត្រី ខាងត្បូងវិហារអ៊ិស្លាម ស្ថិតក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បុរសដែលរត់គេចនោះ ឈ្មោះ នី សុផានី អាយុ២១ឆ្នាំ ជាកម្មករលីសែងចំណីត្រី ស្នាក់នៅកន្លែងឃាត់ខ្លួនខាងលើ ។
បើតាមបុគ្គលិកពេទ្យ ដែលប្រចាំការនៅមណ្ឌលបានអោយដឹងថា បន្ទាប់ពីជននោះរត់គេចខ្លួនបាត់ មានអ្នកនៅក្បែរគ្នាបានមកប្រាប់ ហើយក៏បានរាយការណ៍ទៅកម្លាំងនគរបាលដែលប្រចាំការ សហការជាមួយមូលដ្ឋានតាមរកឃើញជនរូបនោះ នឹងឈានទៅឃាត់ខ្លួនបាននៅដីវាលដែលជាកន្លែងដែលជននោះស្នាក់នៅធ្វើការ ។

តាមព័ត៌មានអោយដឹងថា បុរសរូបនោះត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញថា ជននោះ បានប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ម្នាក់។ នៅក្នុងមណ្ឌល ក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យលើកទី១ រួចហើយ គឺអវិជ្ជមាន ហើយត្រៀមនឹងយកសំណាក់ជាលើកទី២ទៀតក្នុងរយៈពេល ប្រមាណ២ថ្ងៃខាងមុខ បើមិនមានវិជ្ជមាននឹងឱ្យត្រឡប់ទៅផ្ទះវិញ ស្រាប់តែនៅសល់ប្រមាណ៤ទៅ៥ថ្ងៃទៀត ជននោះក៏បានរត់គេចខ្លួនតែម្តង ។

បើតាមបុរសរូបនោះបានអោយដឹងថា ដោយសារតែអផ្សុក ធុញថប់ពេក មិនចេះរស់នៅ ក៏បានផ្លោះឡើងរបងផ្នែកខាងក្រោយ រួចដើរចេញរហូតទៅដល់កន្លែងស្នាក់នៅ ទើបនគរបាលទៅដល់ឃាត់ខ្លួន ហើយហៅរថយន្តសាម៉ុយទៅដឹកត្រឡប់មកវិញ។ បុរសរូបនោះ បានបញ្ជាក់ថា ដោយសារតែខ្លួនធ្លាប់ហាត់ក្បាច់គុន ទើបអាចឡើងរបងខ្ពស់ ហើយរត់ចេញបាន។
នេះចាត់ទុកជាសំណាងហើយ បើសិនជាបុរសរូបនោះមានវិជ្ជមាន ហើយរត់រួចទៅកន្លែងផ្សេងបាត់ច្បាស់ជាវីវរហើយ៕






ចែករំលែកព័តមាននេះ