ខេត្តពោធិ៍សាត់ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ផ្ទះមួយខ្នងត្រូវអគ្គិភ័យឆាបឆេះខូចខាតអស់ទាំងស្រុង ព្រមទាំងឆក់យកជីវិតជីដូនចាស់ជរាម្នាក់ដែលជាម្ចាស់ផ្ទះ បណ្តាលឱ្យឲ្យស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មទៀតផង។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅភូមិពោធិ៍ដំណាក់ ឃុំវាលស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលក្លាយជាចំណីអគ្គិភ័យខាងលើនេះ មានទំហំ០៤ម៉ែត្រគុណ០៥ម៉ែត្រ ធ្វើអំពីឈើក្រាលក្ដារ ប្រក់ស័ង្កសី ជញ្ជាំងស័ង្ហសីលាយក្ដារ ត្រូវបានភ្លើងឆាបឆេះខ្ទេចអស់ទាំងស្រុងតែម្ដង ហើយម្ចាស់ផ្ទះដែលស្លា.ប់មានឈ្មោះ រំដួល សួន ភេទស្រី អាយុ៩៦ឆ្នាំ រស់នៅឯកោម្នាក់ឯង ។
សមត្ថកិច្ចបន្តថា ក្នុងហេតុការណ៍ដ៏រន្ធត់នេះ យើងបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន០២គ្រឿង គឺរថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់មួយគ្រឿង និងរថយន្ដរបស់អធិការដ្ឋាននគរបាលស្រុកកណ្ដៀងមួយគ្រឿង ហើយប្រើប្រាស់អស់ទឹកចំនួន០២រថយន្ដ ទើបគ្រប់គ្រងសភាពការណ៍បានទាំងស្រុង។
សមត្ថកិច្ចឲ្យដឹងបន្តថា ហើយទីតាំងកន្លែងផ្ទះកើតហេតុ គឺមានផ្លូវតូចចង្អៀត ដូច្នេះធ្វើឲ្យរថយន្ដពន្លត់អគ្គិភ័យមានការលំបាកក្នុងការចូលទៅជួយអន្ដរាគមន៍ ។ ទោះបីជាមិនបានជួយសង្គ្រោះទាន់ពេលវេលាក៏ពិតមែន ប៉ុន្តែយើងបានបាញ់ពន្លត់ទាំងស្រុងនៅនឹងកន្លែងកើតហេតុ បើមិនដូច្នេះទេ អគ្គិភ័យនឹងរាលឆេះទៅដល់ផ្ទះអ្នកជិតខាងជុំវិញនោះ គឺធ្វើឱ្យស្ថានការកាន់តែធ្ងន់ធ្ងរថែមទៀតជាក់ជាមិនខាន។
តាមការប្រភពពីអ្នកជិតខាងបានឲ្យដឹងថា ជីដូនរងគ្រោះដែលស្លា.ប់ក្នុងគ្រោះអគ្គិភ័យនេះ គឺគាត់រស់នៅម្នាក់ឯង គ្មានប្ដីសី គ្មានកូនចៅ ឬបងប្អូននោះទេ ហើយសព្វថ្ងៃ គាត់រស់បានដោយសារអ្នកជិតខាងជួយផ្ដល់បាយសម្លឲ្យ ក្រៅពីនេះបានការជួយឧបត្ថម្ភពីអាជ្ញាធរមូលដ្ឋាន សាខាកាកបាទក្រហមកម្ពុជាខេត្ត និងសប្បុរសជនមួយចំនួនទៀត។ ចំណែកអគ្គិភ័យខាងលើនេះ ពុំមានអ្នកណាដឹងពីមូលហេតុច្បាស់លាស់នោះទេ លុះពេលភ្លើងឆាបឆេះសន្ធោសន្ធៅទៅហើយ ទើបផ្អើលដល់អ្នកជិតខាងតែម្តង។
អ្នកស្រុកអ្នកភូមិមានការសង្ស័យថា ករណីភ្លើងឆេះផ្ទះនៅភូមិពោធិ៍ដំណាក់ ឃុំវាលស្រុកកណ្ដៀងនេះ អាចបណ្ដាលមកពីភ្លើងចង្ក្រាន ព្រោះតាមទម្លាប់រាល់ពេលរសៀល លោកយាយ (ជនរងគ្រោះ) គាត់តែងតែបង្កាត់ភ្លើងដាំទឹកកំសៀវ និងដាំបាយ។ ប៉ុន្តែនេះគ្រាន់តែជាការសន្និដ្ឋានរបស់អ្នកស្រុកប៉ុណ្ណោះ ការពិតយ៉ាងណានោះ គឺស្ថិតនៅលើការស្រាវជ្រាវរបស់សមត្ថកិច្ច ៕
ចែករំលែកព័តមាននេះ