ខេត្តស្វាយរៀង៖ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ក្នុងគ្រាដែលប្រទេសកម្ពុជា កំពុងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលឈានចូលមកដល់ នាពេលខាងមុខនេះ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខាខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានចាត់មន្ត្រី ចុះយកគំរូបន្លែ ផ្លែឈើ ជាពិសេសផ្តោតសំខាន់លើផលិតផលម្ហូបអាហារ ក្នុងផ្សារវាលយន្ត ទីរួមខេត្តស្វាយរៀង ដើម្បីធ្វើតេស្ត នៅមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខា (កបប) ខេត្តស្វាយរៀង។
លោក ផឹង និល ប្រធានសាខា (ក ក ប) ខេត្ត បានឲ្យដឹងថា នៅព្រឹកនេះ មន្ត្រីជំនាញ បានពិនិត្យគ្រឿងឧបភោគ បរិភោគ នៅផ្សារវាលយន្ត ក្រុងស្វាយរៀង ដើម្បីយកមកពិសោធន៍ នៅមន្ទីរពិសោធន៍ខ្នាតតូចចំនួន ២៧គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកបានបន្ថែមថា ជាលទ្ធផល ក្រោយការធ្វើការពិសោធន៍ មន្ត្រីជំនាញយើង បានរកឃើញទំនិញមានសារធាតុគីមីហាមឃាត់ ដូចជា ខ្ទឹមបារាំង តាសក់ ស្ពៃស្តោប មានថ្នាំគីមី កាកសំណល់កសិកម្ម ហើយមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុក ដើម្បីដុតកម្ទេចចោល នៅពេលក្រោយ។
លោក ផឹង និល បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលឈានចូលមកដល់ នាពេលខាងមុខនេះ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការទិញទំនិញគ្រប់ប្រភេទ ត្រូវមើលកាលបរិច្ឆេទ ឲ្យបានច្បាស់លាស់ជាមុនសិន មុននឹងទិញទៅបរិភោគ ចៀសវាងនាំឲ្យប៉ះពាល់ដល់សុខភាព និងជាពិសេស ត្រូវចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «៣ការពារ ៣កុំ» បើមិនចាំបាច់កុំចេញក្រៅផ្ទះ។
សូមបញ្ជាក់ថា មន្ត្រី (ក ប ប) ខេត្តស្វាយរៀង តែងតែយកចិត្តទុកដាក់ ក្នុងការពនិត្យមុខទំនិញនៅក្នុងផ្សារនានា ក្នុងខេត្តស្វាយរៀង ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕ ដោយ៖ វ៉ាន់ ប៊ុនធឿន
ចែករំលែកព័តមាននេះ