សព​ស្ត្រី​ជនជាតិ​អា​ឡឺ​ម៉​ង់​ម្នាក់​ត្រូវ​បាន​ជនបរទេស​៤​នាក់​ដឹក​តាម​រថយន្ត​យក​មក​ទម្លាក់​ចោល​នៅ​មន្ទីរពេទ្យ​មេគង្គ


រាជធានី​ភ្នំពេញ ៖ សាកសព​របស់​ស្ត្រី​វ័យ​ចំណាស់​ជនជាតិ​អា​ឡឺ​ម៉​ង់​ម្នាក់​ត្រូវ​បាន​បុរស​ជនជាតិ​បរទេស​៤​នាក់​ដឹក​តាម​រថយន្ត​ម៉ាក​ហ្វ​ត​១​គ្រឿង​មិនដឹង​ជា​មកពីណា​យក​មក​ទម្លាក់​ចោល​នៅ​ខាង​មុខ​មន្ទីរពេទ្យ​ឯ​ជន​យីហោ​«​មន្ទីរពេទ្យ​មេគង្គ​» រួច​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​ត្រឡប់​ទៅ​វិញ​បាត់​អស់ ។ ហេតុ​ការណ៍​​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​មុខ​មន្ទីរពេទ្យ​មេគង្គ ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​១៩៨ ផ្លូវ​លេខ​៦៣ កែង​ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ពេទ្យ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​បុរស​ជា​ជនជាតិ​បរទេស​៤​នាក់​បាន​ដឹក​ស្ត្រី​ម្នាក់​ឈ្មោះ WETHEKAM TANJA MARIA អាយុ​៦០​ឆ្នាំ ជនជាតិ​អ​ឡឺ​ម៉​ង់ តាម​រថយន្ត​ម៉ា​កហ្វ​ត ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-5764 មួយ​គ្រឿង​ដោយ​ពុំ​មាន​អ្នក​ណា​ដឹង​ថា មាន​ជម្ងឺ​អ្វី​ឡើយ​មក​កាន់​មន្ទីរពេទ្យ​ខាងលើ​ក្នុង​បំណង​ឱ្យ​ជួយ​សង្គ្រោះ​រូប​គាត់ ។ ពេល​នោះ​បុគ្គលិក​ពេទ្យ​ដែល​បម្រើ​ការ​នៅ​ក្នុង​គ្លីនិក​ខាងលើ​ក៏​បាន​ចេញ​ទៅ​ធ្វើការ​ពិនិត្យ​ស្ត្រី​រង​គ្រោះ​នៅ​ក្នុង​រថយន្ត ហើយ​ក៏​បាន​ប្រាប់​ទៅ​បុរស​ជា​ជនជាតិ​បរទេស​ទាំងនោះ​ថា ស្ត្រី​រូប​នេះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​បានឮ​ថា ក្រុម​គ្រូពេទ្យ​បាន​ប្រាប់​ថា ​ស្ត្រី​វ័យ​ចំណាស់​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​នោះ ពួក​គេ​ទាំង​៤​នាក់​នោះ​ក៏​នាំ​គ្នា​ដើរ​សំដៅ​រថយន្ត​ហើយ​លើកសព​របស់​ស្ត្រី​រង​គ្រោះ​ចុះ​យក​ទៅ​ដាក់​ទុក​ចោល​នៅ​ខាង​មុខ​មន្ទីរពេទ្យ រួច​ក៏​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​ជិះ​គេចខ្លួន​ទៅ​បាត់​អស់ ។ ពេល​ដែល​ក្រុម​ជនបរទេស​ទាំងនោះ​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​ចេញ​ទៅ​បាត់​ភ្លាម ដោយ​បន្សល់​ទុក​នូវ​សាកសព​ស្ត្រី​រង​គ្រោះ​តែ​ម្នាក់ឯង​នោះ បុគ្គលិក​របស់​គ្លីនិក​ខាងលើ​ក៏​បាន​រាយការណ៍​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​ភ្លាម​ផង​ដែរ ។

ក្រោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នោះ គេ​ក៏​បានឃើញ​មាន​ជនបរទេស​ប្រុស​-​ស្រី​ដូច​គ្នា​ជា​ច្រើន​នាក់​បាន​មក​ដល់​កន្លែង​កើតហេតុ ដោយ​បាន​ធ្វើការ​ទាមទារ​ឱ្យ​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឱ្យ​បាន​ល្អិតល្អន់​ទៅ​លើ​ការ​ស្លាប់​របស់​ស្ត្រី​រង​គ្រោះ​ខាងលើ​ផង​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ស្លាប់​របស់​ស្ត្រី​វ័យ​ចំណាស់​ជនជាតិ​អា​ឡឺ​ម៉​ង់​ខាងលើ​នេះ កម្លាំង​មាន​សមត្ថកិច្ច​មិន​ទាន់​បានដឹង​ថា នាង​ស្លាប់​ដោយសារ​អ្វី និង​ត្រូវ​បាន​បុរស​ជនបរទេស​ទាំង​៤​នាក់​នោះ​ដឹក​យក​មកពីណា​នៅឡើយ​ទេ ។ សមត្ថកិច្ច​​បាន​បញ្ជូន​សព​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៀត​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ