ខេត្តមណ្ឌលគិរី ៖ មនុស្ស២នាក់ បានស្លាប់បាត់បង់អាយុជីវិត នៅក្នុងរណ្តៅដី កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ករណីដែលបុរសទាំង២នាក់នោះ បាននាំគ្នាទៅកាប់ដីមាត់អូរ ដើម្បីកាយរករ៉ែមាស ហើយបណ្តាលឲ្យបាក់ច្រាំង និងគុម្ពឫស្សី សង្កត់ពីលើ ស្ថិតនៅចំណុចអូរទេ ភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ជនរងគ្រោះម្នាក់.ឈ្មោះ ក្រូត នីន ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិព្នង មុខរបរកសិករ និងម្នាក់ទៀតឈ្មោះ ម៉ិប លើម ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិព្នង រស់នៅភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
តាមការបំភ្លឺពីសាក្សី ជាកូនបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ វេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឪពុក និងប្អូនថ្លៃ ដែលជាជនរងគ្រោះ បានចេញពីផ្ទះ ក្នុងគោលបំណងទៅជីកដី ដើម្បីរករ៉ែមាស នៅចំណុចមាត់អូរ ហៅអូរទេ មានគ្នាទាំងអស់៧នាក់ ។ លុះពេលទៅដល់ទីតាំងរ៉ែមាស ពួកគាត់ក៏បានចែកគ្នាជាក្រុមៗ ទៅតាមរណ្តៅរៀងខ្លួន ដែលរណ្តៅជនរងគ្រោះ មានគ្នា៣នាក់ និងស្ថិតនៅចម្ងាយប្រមាណ៥០ ម៉ែត្រពីគ្នា ។
សាក្សីបន្តថា ពេលចូលដល់គោលដៅហើយ ពួកគាត់ ក៏បានធ្វើសកម្មភាព ជីកកកាយដី តាមច្រាំងមាត់អូរ និងលុងជារណ្ដៅ ទំហំ៥ គុណ៦ម៉ែត្រ នៅតាមបាតអូរ ដែលច្រាំងអូរនោះ ក៏មានគុម្ពឫស្សីធំៗដុះពីលើដែរ ។ វេលាម៉ោង១១កន្លះព្រឹកថ្ងៃដដែល ក្រុមគេនាំគ្នាសម្រាកហូបបាយ ចំណែកក្រុមជនរងគ្រោះ មិនទាន់សម្រាកទេ ខណៈពេលនោះ មានប្អូនស្រីម្នាក់ ចេញទៅដាំបាយ មួយសន្ទុះ ក៏ត្រឡប់មកវិញ ស្រាប់តែមាន ឮសំឡេងក្មេងស្រែកថា ដីបាក់សង្កាត់កិនជនរងគ្រោះ សូមទៅជួយគាត់ផង ។ បន្ទាប់ពីមានសំឡេងស្រែកឲ្យជួយនោះ ក្រុមរណ្តៅផ្សេងទៀត បានស្ទុះស្ទៀរ នាំគ្នាជួយកាយដី និងបូមទឹកស្រោចលើជនរងគ្រោះឲ្យច្រាស់ដី ដើម្បីសង្គ្រោះ តែអនិច្ចា សង្ខារជីវិតបុរសទាំងពីរ បានផុតរលត់កប់ក្នុងរណ្តៅដីរ៉ែមាសនោះបាត់ទៅហើយ ។
បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង គេឃើញសមត្ថកិច្ចគ្រប់ជំនាញ បានចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យលើសាកសព រួចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែកព័តមាននេះ