ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់ពីរកឃើញអ្នកពាក់ព័ន្ធនឹងឈ្មោះ សោម ឡូ មានវិជ្ជមានកូវីត១៩ ចំនួន ៦៣នាក់អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ចេញវិធានការទប់ទល់ការរីករាលដាល​នៃជំងឺកូវីត១៩

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ គិតត្រឹមព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ អ្នកដែលបានពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានកូវីត១៩ ដែលបានទៅពិនិត្យព្យាបាល នៅគ្លីនិកឯកជនមួយកន្លែង ក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង៖ គិតត្រឹមព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ អ្នកដែលបានពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានកូវីត១៩ ដែលបានទៅពិនិត្យព្យាបាល នៅគ្លីនិកឯកជនមួយកន្លែង ក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី២៩ និងថ្ងៃទី​៣០ ខែមីនា បានកើនឡើងរហូត ៦៣នាក់ហើយ។ នេះបើតាមការបញ្ជាក់របស់ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺឆ្លងនៃមន្ទីរសុខាភិបាលខេត្ត។ អាជ្ញាធរកំពង់ឆ្នាំង ក៏​បានចេញវិធានការពង្រឹងការការពារនៃជំងឺ​ឆ្លងដ៏កាចសាហាវមួយនេះដែរ។

លោកវេជ្ជបណ្ឌិត គង់ ចាន់ធា ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយឈ្មោះ សោម ឡូ មានទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលបានរកឃើញ មានវិជ្ជមានកូវីដ​១៩ កាលពីរសៀលថ្ងៃទី៤ ខែមេសា បានកើនឡើងចំនួន ៦៣ នាក់។ ក្នុងនោះ មាន លោកវេជ្ជបណ្ឌិត ប៉ុល ប៊ូ ម្ចាស់គ្លីនីក ព្យាបាលជំងឺ​ និងក្រុមគ្រួសារ ឈ្មោះ ពិន ប៉ូ ជាអ្នករត់ម៉ូតូកង់បី ជាអ្នកដឹកអ្នកជំងឺ​ និងក្រុមគ្រួសារ, ព្រមទាំងប្រជាពលរដ្ឋ ដែលបានមកព្យាបាលជំងឺនៅឃ្លីនិក វិជ្ជបណ្ឌិត ប៉ុល ប៊ូ ភាគច្រើន មកពីស្រុកកំពង់លែងផងដែរ។

 លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា អ្នកពាក់ព័ន្ធ​ទាំងអស់ បានយកសំណាក ទៅពិនិត្យអស់ហើយ ប៉ុន្តែលទ្ធផលនៅមិនទាន់ទទួលបាននៅឡើយទេ និងកំពុងតែធ្វើចត្តាឡីស័ក នៅតាមផ្ទះ។ ដោយឡែកលោក វេជ្ជបណ្ឌិត ប៉ុល ប៊ូ លទ្ធផលពិនិត្យ​សំណាក លើកទី១ គឺអវិជ្ជមាន​។

គួររំលឹកថា​ ឈ្មោះ សោម ឡូ កាលពីថ្ងៃទី២៩ ខែមីនា បានត្រឡប់ពីធ្វើការ នៅរាជធានីភ្នំពេញ​វិញ ពេលមកដល់ផ្ទះ នៅភូមិម៉ុង បារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង មានការៈមិនស្រួលខ្លួន និងបានទៅព្យាលបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងទៅគ្លីនិក វេជ្ជបណ្ឌិត​ ប៉ុល ប៊ូ។ ក្រោយមក នៅថ្ងៃទី៤ ខែមេសា ក៏បានឃើញវិជ្ជមាន Covid-19 ទើបមន្ត្រី នៃមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង ខ្នះខ្នែង ក្នុងការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បីយកសំណាក និងយកទៅធ្វើចត្តាឡីស័ក។

ពាក់ព័ន្ធនឹងបញ្ហាមាន​អ្នកវិជ្ជមានកូវីត-១៩ តែងតែមករាលដាល ក្នុងខេត្តកំពង់ឆ្នាំង​ច្រើនករណី​នេះ ​រដ្ឋបាលសាលា​ខេត្តកំពង់ឆ្នាំង​ បានចេញសេចក្តី​ជូនដំណឹង ដល់អាជ្ញាធរភូមិឃុំ ទាំងអស់ ត្រូវអនុវត្តនូវគោលការណ៍ ១៩ចំណុច ដើម្បីទប់ទល់ការរីករាលដាលនៃកូវីត១៩ ដែលវិធានការសំខាន់ៗ មានដូចជា​ អាជ្ញាធរភូមិឃុំ ត្រូវក្តាប់ចំនួនសមាជិក ក្នុងគ្រួសារនិមួយ​ៗ ក្នុងដែនដីរបស់ខ្លួនឲ្យ​បានច្បាស់លាស់​ ប្រសិនបើមានសមា​ជិកគ្រួសារណាម្នាក់ មកដល់ភ្លាម ត្រូវឱ្យគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ និងឱ្យមន្ត្រីសុខាភិបាល យកសំណាក ទៅពិនិត្យភ្លាម។ ត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនជួយពន្យល់ដល់សមាជិក​នៅខាងក្រៅ ដែលចង់មកធ្វើបុណ្យទាន សូមធ្វើបុណ្យនៅវត្ត ដែលខ្លួនរស់នៅសិនទៅ មិនបាច់មកទេ។ ពិធីជួបជុំផឹកស៊ី រាំលេងកំសាន្ត ជប់លៀងខារ៉ាអូខេ​ ក្លឹបប្រគុំតន្ត្រី​ ការលេងល្បែងកំសាន្ត ​ការចល័តការតាំងដាក់លក់ទំនិញ ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ​​ ត្រូវហាមឃាត់ជាដាច់ខាត ទោះក្រោមរូបភាពណាក៏ដោយ៕ ដោយ៖ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ