ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​មួយ​ចំនួន​ក្នុងភូមិ​ប៉ា​ង​រលឹម បារម្ភ​ពី​សុខភាព​ផ្លូវដង្ហើម ព្រោះ​ក្លិន​សំរាម​ជះក្លិន​ស្អុយ​អា​សោច

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួនបាន​នាំ​គ្នា​និយាយ​ត្អូញត្អែរ និងព្រួយបារម្ភ​យ៉ាងខ្លាំងចំពោះ​សុវត្ថិភាព​ផ្លូវដង្ហើម ខណ​:​ពួក​គាត់​អះអាង​ថា មាន​ប្រជាពលរដ្ឋរស់នៅ​ក្បែរ​ផ្សារ​ប៉ា​ង រលឹម និងអាជីវករ​មួយ​ចំនួន ដែល​លក់ដូរ​នៅ​ក្នុង​ផ្សារ​មួយ​នេះ តែងតែ​ដឹក​សំរាម​យក​សំរាម​ទៅ​បោះចោល​ទាំង​យប់​ទាំង​ថ្ងៃ…

ខេត្ត​ប៉ៃលិន ៖ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួនបាន​នាំ​គ្នា​និយាយ​ត្អូញត្អែរ និងព្រួយបារម្ភ​យ៉ាងខ្លាំងចំពោះ​សុវត្ថិភាព​ផ្លូវដង្ហើម ខណ​:​ពួក​គាត់​អះអាង​ថា មាន​ប្រជាពលរដ្ឋរស់នៅ​ក្បែរ​ផ្សារ​ប៉ា​ង រលឹម និងអាជីវករ​មួយ​ចំនួន ដែល​លក់ដូរ​នៅ​ក្នុង​ផ្សារ​មួយ​នេះ តែងតែ​ដឹក​សំរាម​យក​សំរាម​ទៅ​បោះចោល​ទាំង​យប់​ទាំង​ថ្ងៃ យ៉ាង​អនាធិបតេយ្យ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្បែរ​ភូមិ ដែល​រលួយ​បង្ក​ទៅ​ជា​ក្លិនស្អុយ​អា​សោច លុះ​ពេល​ខ្យល់​បក់​បោក​ចូល​ក្នុងផ្ទះ​ខ្លួន​ម្តង​ៗ ស្ទើរ​ទ្រាំ​លែង​កើត ហើយ​ក៏​បង្ក​ទៅ​ជា​ជំងឺ​រលាក​ផ្លូវដង្ហើម និង​កើតជា​ជំងឺ​ផ្តាសាយ​ញឹកញាប់​ផង​ដែរ ។

ហេតុការណ៍​ប្រជាពលរដ្ឋ​នាំ​គ្នា​ត្អូញត្អែរ​ពី​បញ្ហា​សុខភាព​ផ្លូវដង្ហើម បន្ទាប់​ពី​គេ​យក​សំរាម​ទៅ​បោះចោល​យ៉ាង​អនាធិបតេយ្យ​នៅ​លើ​ចិញ្ចើម​ផ្លូវ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​បុរស ឈ្មោះ ម៉ៅ ពន្លក អាយុ​៤៥​ឆ្នាំ និងឈ្មោះ អ៊ូច សា​រ៉ា​វុ​ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ព្រមទាំង​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ៗ កន្លែង​គេ​យកស​ម្រាម​ទៅ​បោះចោល​នេះ បាន​រៀបរាប់​ឱ្យ​ដឹង​ទាំង​ក្តី​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ផ្លូវដង្ហើម​ខ្លួន​ដូច​ៗ​គ្នា​ថា ៖ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុងភូមិ​ប៉ា​ង​រលឹម និង​អាជីវករ​ក្នុង​ផ្សារ​ប៉ា​ង​រលឹម​មួយ​ចំនួនបាន​នាំ​គ្នា​ដឹក​យកស​ម្រាម និង​កម្ទេច​កាក​សំណល់​ផ្ទះបាយ ដូច​ជា សំបក​បន្លែ​ផ្លែ​ឈើ សំបក​ពងមាន់ ពង​ទា ស្រកាត្រី និង​ក្បាល​ត្រី ទៅ​ចាក់ចោល​អនាធិបតេយ្យ​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្បែរ​ផ្ទះ​ពួក​គាត់ អស់​រយ​:​ពេល​ជា​យូរ​មក​ហើយ លុះ​ក្រោយ​ពេល​សំរាម​ស្អុយរលួយ គាប់​ជួន​នឹង​ខ្យល់​បក់​មក​ពី​ទិស​ខាងកើត​ម្តង​ៗ បណ្តាល​ឱ្យ​ជះក្លិន​ស្អុយ​អា​សោច​ស្ទើរតែ​ទ្រាំ​មិន​បាន ហើយ​ចង់​លក់​ដី​ទៅ​រស់នៅ​កន្លែង​ផ្សេង ជា​ពិសេស​ពេល​ដែល​គេ​ដុត​សម្រាម​នេះ​ម្តង​ៗ ធ្វើ​ឱ្យ​ផ្សែងហុយ​ឆួល​ឈ្លក់ ចូល​ទៅ​ក្នុងផ្ទះ ធុំក្លិន​ឆ្ងៀម​ទ្រុប លំបាក​ក្នុង​ការ​ដកដង្ហើម​យ៉ាង​ខ្លាំង ជា​ពិសេស​ជា​ញឹកញាប់ តែង​ធ្វើ​ឱ្យ​ក្មេង​តូច​ៗ និង​មនុស្ស​ចាស់កើត​ជំងឺ​ផ្តាសាយ រលាក​ច្រមុះ រលាក​ផ្លូវដង្ហើម ក៏​សំបូរ​ទៅ​ដោយ​សត្វ​រុយ​ក្បាល​ខៀវ ហើរ​ចូល​ទៅ​ក្នុងផ្ទះ លំបាក​ក្នុង​ការ​ហូប​អាហារ​ផង​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ការ​ចាក់សំរាម​នៅ​លើ​ចិញ្ចើម​ផ្លូវ​នេះ គឺ​មាន​រយ​:​ពេល​ជាង​១​ឆ្នាំ​មក​ហើយ ដោយ​យូរ​ៗ​ម្តង ទើប​ឃើញ​អាជ្ញាធរ​ចុះ​ទៅ​ពិនិត្យ ក៏​ធ្លាប់​មាន​ខាង​មន្ត្រី​បរិស្ថាន​យក​គ្រឿងចក្រ​ទៅ​រុញ​ទំលាក់​ក្នុង​ជង្ហុក​ផង​ដែរ តែ​ក្លិន​នៅ​ស្អុយ​មិន​បាត់​នោះ​ឡើយ ទាល់តែ​ដឹក​យក​ទៅ​បោះចោល​នៅ​កន្លែង​ផ្សេង​ទើប​អាច​ឈប់​មាន​ក្លិន​បែប​នេះ ។

ពួក​គាត់​ក៏​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ក្បែរ​ៗ ផ្សារ និង​អាជីវករ​ក្នុង​ផ្សារ​ប៉ា​ង​រលឹម​មួយ​ចំនួន ឈប់​ដឹក​យក​សំរាម​ទាំងនេះ​ទៅ​បោះចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ​ទៀត ដោយ​ខាង​ផ្សារ ត្រូវ​រក​រថយន្ត​ដឹក​សំរាម​យក​ទៅ​ចាក់​នៅ​ទីលាន​ចាក់សំរាម​ណាមួយ ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​លំនៅ​ឋាន​ប្រជាពលរដ្ឋ ព្រោះ​ជាតិ​ស្អុយ និង​ផ្សែង​ពុល ពិតជា​ប៉ះពាល់​ដល់​សុខភាព​ពួក​គាត់​ខ្លាំង​ណាស់ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ ខាង​លោក​អត់​ទាន់​ដឹង​រឿង​នេះ​ទេ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ហើយ នឹង​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ទៅ​រៀបចំ​សម្អាត ។ រីឯ​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន ក៏​បានឱ្យ​ដឹង​ដែរ​ថា ៖ ខាង​លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​ចុះ​ទៅ​រៀបចំ​ដុត​កំទេច​ចោល ហើយ​ក៏​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​ចាក់សំរាម​នោះ ស៊ើបអង្កេត​មើល បើសិនជា​ឃើញ​ហើយ​ថតរូប​ឱ្យ​បាន​ច្បាស់ ខាង​លោក​នឹង​ហៅ​អ្នក​ប្រព្រឹត្ត​បទល្មើស​នេះ ទៅ​ធ្វើ​កិច្ចសន្យា​អប់រំ បើសិនជា​នៅ​មិន​រាងចាល ខាង​លោក​នឹង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ