ខេត្តបន្ទាយមានជ័យ ៖ គ្រួសារមួយរស់ក្រោមដំបូលតង់ដាច់រខេករខាកប្រៀបបាននឹងដំបូលប្រក់មេឃទៅហើយ ហើយអះអាងថាឲ្យតែរដូវភ្លៀងមិនសូវបានដេកពួននោះទេ សូម្បីតែសម្លៀកបំពាក់ក៏ត្រូវសើមអស់ដែរ។
គ្រួសារក្រីក្រមួយនេះ រស់នៅលើដីចំណីផ្លូវរថភ្លើង ស្ថិតក្នុងភូមិនិងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងរស់អាស្រ័យលើការដើររើសអេតចាយលក់២នាក់ប្តីប្រពន្ធ ដើម្បីយកប្រាក់មកចិញ្ចឹមកូនរៀន។

គ្រួសារខាងលើមានប្តីឈ្មោះ ប៊ុន មឿត អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ រុំ យឿត អាយុ៤៦ឆ្នាំ មានកូនស្រីម្នាក់ក្នុងបន្ទុក ខណៈកូន៣នាក់ផ្សេងទៀតបែកគ្រួសារ ដោយខ្លះរស់នៅស្រុកថៃ ហើយពួកគេសុទ្ធតែក្រីក្រមិនអាចជួយអ្វីគាត់បានឡើយ។
ស្ត្រីខាងលើបានរៀបរាប់ថា គាត់រស់នៅចំណុចខាងលើរយៈពេល៣ឆ្នាំមកហើយ ហើយគ្រួសារគាត់រស់អាស្រ័យ ដោយប្តីប្រពន្ធនាំគ្នារើសអេតចាយដោយថ្មើជើងតាំងពីដើមរៀងមក សូម្បីតែម៉ូតូ ឬកង់ក៏គ្មានដែរ។

ស្ត្រីរូបនេះប្រាប់បន្តថា គាត់រស់នៅក្នុងភូមិខាងលើនេះតាំងពីកុមារភាព១៩៩២មកម្ល៉េះ ជាមួយឪពុកម្តាយ លុះប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ចាកចេញមករស់នៅលើដីចំណីផ្លូវរថភ្លើង។
ស្ត្រីរូបនេះបន្តថា គ្រួសារគាត់មិនដែលទទួលបានប័ណ្ណក្រីក្រពីអាជ្ញាធរឡើយ ប៉ុន្តែធ្លាប់ទទួលបានអំណោយម្តងម្កាលដែរ។ ហើយគ្រួសារគាត់បានបោះតង់រស់នៅចំនួន២កន្លែង ដោយមួយកន្លែងលើកំណល់រថភ្លើងរបស់រដ្ឋដែលគេគរទុកចោល និងមួយកន្លែងទៀតលើដីចំណីផ្លូវរថភ្លើង ប៉ុន្តែជិតៗគ្នាទេ។
គ្រួសារខាងលើនេះបានត្អូញត្អែរថា ពួកគាត់មិនមានដីសម្រាប់រស់នៅទេ ហើយក៏បានសូមអំពាវនាវសុំសប្បុរសជនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយដល់ពួកគាត់ផង ព្រោះថាពេលនេះជាសម័យកូវីដ ពួកគាត់ពិតជាវេទនាណាស់។
គួរបញ្ជាក់ថា លុះនៅពេលសាកសួរពីសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ គ្រួសារមួយនេះក៏បាននិយាយថា មិនដែលបានធ្វើទេ ព្រោះគិតតែពីរករើសអេតចាយ ដើម្បីចិញ្ចឹមក្រុមគ្រួសារតែប៉ុណ្ណោះ៕


ចែករំលែកព័តមាននេះ