ទំហំពាណិជ្ជកម្មឆ្នាំ ២០២១ នឹងធំជាង ៣៥,៨ ពាន់លានដុល្លារ​នេះជាការសន្យារបស់រដ្ឋមន្ត្រី – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទំហំពាណិជ្ជកម្មឆ្នាំ ២០២១ នឹងធំជាង ៣៥,៨ ពាន់លានដុល្លារ​នេះជាការសន្យារបស់រដ្ឋមន្ត្រី

1 អាទិត្យ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២០ ដែលមានផ្ទុះកូវីដ ២៩ នោះ មានចំនួន ៣៥,៨ពាន់លានដុល្លារ ស្មើនឹងកំណើនប្រមាណ…

រាជធានីភ្នំពេញ ៖ ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២០ ដែលមានផ្ទុះកូវីដ ២៩ នោះ មានចំនួន ៣៥,៨ពាន់លានដុល្លារ ស្មើនឹងកំណើនប្រមាណ ២,៥៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ។ សម្រាប់ការនាំចេញ របស់កម្ពុជាសម្រេចបាន ១៧,២ពាន់លានដុល្លារ កើនឡើងប្រមាណ ១៦,៧២% ខណៈការនាំចូលវិញមានទំហំ ១៨,៦ពាន់លានធ្លាក់ចុះ ៧,៨៤% ។ នេះជាការឲ្យដឹងរបស់លោក ប៉ាន សួរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នៅក្នុងពិធីសន្និបាទបូកសរុបការងារក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ ២០២០ កាលពីថ្ងៃទី ០១ មេសា ២០២១ នេះ ។

លោករដ្ឋមន្ត្រីបានសន្យាថា នឹងធ្វើឲ្យវិស័យពាណិជ្ជកម្មកម្ពុជានៅឆ្នាំ ២០២១ នេះរីកចម្រើនជាងឆ្នាំចាស់ទៅទៀត ។ លោករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាបានប្រែក្លាយវិបត្តិជំងឺកូវីដ-១៩ ទៅជាឱកាសកែទម្រង់ក្នុងប្រទេស ហើយក្រសួងពាណិជ្ជកម្ម បានខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញផលិតកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងធ្វើពពិធកម្មវិស័យនាំចេញ សំដៅពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ច ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក ។

Picture

ឆ្នាំ ២០២០ កម្ពុជាមិនបានដាក់ការរឹតត្បិត ឬហាមឃាត់ការនាំចេញនោះទេ ដេលធ្វើឱ្យការនាំចេញរបស់កម្ពុជាក្នុងឆ្នាំនោះ នៅតែទទួលបានកំណើនខ្ពស់ដដែល ។ ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្ម បានប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន តាមរយៈការធ្វើកំណែទម្រងស៊ីជម្រៅ កាត់បន្ថយការចំណាយ និងការពង្រឹងភាពប្រកួតប្រជែង នៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដោយបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ។

បើតាមលោករដ្ឋមន្រ្តី ឆ្នាំ ២០២០ ដដែលនោះកម្ពុជាបានធ្វើពិពិធកម្មទីផ្សារ និងបើកច្រកទីផ្សារបន្ថែមទៀត តាមរយការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ។ ក្នុងនោះ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្រប់ជ្រុងជ្រោយ តំបន់ហៅគាត់ថា RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ។ លោករដ្ឋមន្រ្តីថា នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនចូលជាធរមាន ការនាំចេញទៅកាន់ទីផ្សារចិន នឹងសង្ឃឹមថាកើនឡើង ២៥% ក្នុងមួយឆ្នាំ ក្នុងនោះមានកសិផល និងផលិតផលកែច្នៃរបស់កម្ពុជា រួមផ្សំនឹងការវិនិយោគក្នុងស្រុកពីបរទេសក៏នឹងកើនឡើងជាលំដាប់ផងដែរ ។ ដោយឡែកកម្ពុជានឹងមានកិច្ចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណកូរ៉េ ក្នុងឆ្នាំ២០២១នេះទៀត ដែលនឹងជួយជំរុញឱ្យមានកំណើនពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគ សម្រាប់កម្ពុជាផងដែរ ។ 

Picture

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានប្តេជ្ញាបន្តដឹកនាំអនុវត្តទិសដៅការងារពាណិជ្ជកម្មឆ្នាំ ២០២១ ឱ្យបានជោគជ័យបន្ថែមទៀត លើសសមិទ្ធផលដែលទទួលបានក្នុងឆ្នាំ ២០២០ ដោយផ្តោតលើរបៀបវារៈពង្រឹងប្រសិទ្ធភាពការងារ សំដៅឆ្លើយតបអភិក្រមទាំង ៥ គឺ ៖ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ៕