ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ ១៩ ៖ អ្នកក្រមានឱកាសប្រឈមច្រើនជាងអ្នកមាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជំងឺកូវីដ ១៩ មិនខុសពីជំងឺដទៃទៀតនោះទេ គឺឆ្លង និងកើតមាននៅលើមនុស្សជាទូទៅមិនរើស អាយុ វណ្ណៈ តួនាទី…

រាជធានីភ្នំពេញ ៖ ជំងឺកូវីដ ១៩ មិនខុសពីជំងឺដទៃទៀតនោះទេ គឺឆ្លង និងកើតមាននៅលើមនុស្សជាទូទៅមិនរើស អាយុ វណ្ណៈ តួនាទី មាន ក្រ នោះឡើយ ។ កន្លងមកគេធ្លាប់និយាយលេងសើចថា ជំងឺមួយចំនួន ដូចជាជំងឺទឹកនោមផ្អែមជាដើមនោះ កើតមានលើអ្នកមាន ។ អ្នកមាន មានអាហារបរិភោគសម្បូរបែប អ្នកមានមិនសូវបញ្ចេញកម្លំាងពលកម្ម ក៏អាចនាំឲ្យកើតជំងឺទំាងនោះ ប៉ុន្តែសម្រាប់ជំងឺកូវីដ ១៩ អ្នកមានប្រាក់ហាក់មានឱកាសចៀសឆ្ងាយជំងឺនេះច្រើនជាងអ្នកក្រទៅវិញ ។ 

កូវីដ ១៩ ឆ្លងនៅពេលជួបគ្នា ពេលប្រាស្រ័យទាក់ទងគ្នា ដូច្នេះបើគេមានប្រាក់ គេអាចសម្រាកនៅផ្ទះ មួយអាទិត្យ មួយខែមិនចេញទៅជួបមនុស្សគឺអាចចៀសផុតពីជំងឺកូវីដ ១៩ នេះបាន ។ កូវីដ អាចឆ្លងតាមរយៈក្រដាសប្រាក់ ដូច្នេះសម្រាប់អ្នកមានគេបានប្តូរពីការចាយវាយ ឬទូទាត់សាច់ប្រាក់ដោយផ្ទាល់ ទៅជាការប្រើប្រាស់ការទូទាត់តាមអនឡាញបាន ដូច្នេះអ្នកមានអាចកាត់បន្ថយពីការឆ្លងជំងឺកូវីដ ១៩ បានច្រើនជាងអ្នកក្រ ។ 

នៅមានទៀតដែលអ្នកមាន មានឱកាសការពារកូវីដ ១៩ បានច្រើនជាងអ្នកក្រនោះ ។ នៅផ្សារនៅហាងអាហារ ដែលមានមនុស្សច្រើន អាចប្រឈមនឹងការឆ្លង អ្នកមានមិនបាច់ទៅកាន់ទីនោះដោយផ្ទាល់ក៏មានអាហារឆ្ងាញ់ ចំណីល្អ របស់ប្រើប្រាស់សព្វយ៉ាងបានដែរ ដោយសារមានសេវាទិញលក់តាមអនឡាញ ហើយដឹកជញ្ជួនដល់ផ្ទះ ។ ចំណែកអ្នកក្រគ្មានទេសេវាបែបនោះ មានតែចូលផ្សារបើទោះបីមានមនុស្សច្រើន មានហានិភ័យឆ្លងខ្ពស់ក្តី ។ នេះមិននិយាយដល់ប្រសិទ្ធភាពការពារកូវីដ ១៩ ដែលអ្នកមានប្រាក់គេប្រើម៉ាសថ្លៃ គេប្រើទឹកថ្នាំសម្លាប់មេរោគមានឈ្មោះល្បី មានខ្លិនប្រសើរ មិនប៉ះពាល់ស្បែក មានប្រសិទ្ធិភាពការពារសុវត្ថិភាពខ្ពស់ជាងរបស់អ្នកក្រទិញប្រើ ម៉ាសមួយ ៣០០រៀល ហើយជួនកាលបោកទឹកប្រើម្តងជាពីរដងទើប បោះចោលទៅទៀត ។ 

សម្រាប់អ្នកក្រ នៅក្នុងកាលៈទេសៈមានការប្រឈមខ្លំាងយ៉ាងណាក្តី ក៏ពួកគាត់នៅតែប្រថុយចេញទៅប្រាក់ដើម្បីចិញ្ចឹមជីវិតជាដដែល មិនអាចដេកនៅផ្ទះ គេចពីជំងឺកូវីដ ១៩ បានដូចអ្នកមាននោះទេ បើបានអាចបានត្រឹមមួយថ្ងៃ ឬពីរថ្ងៃប៉ុណ្ណោះ មិនអាចបានដល់មួយអាទិត្យ ពីរអាទិត្យនោះឡើយ ។ពលរដ្ឋដែលនៅតែប្រថុយប្រឈមចេញទៅរកប្រាក់ មានដូចជារត់ម៉ូតូ អ្នករត់ម៉ួតូកង់បី អ្នកលក់បន្លែត្រីសាច់តាមរទេះ អ្នករើសអេតចាយ អ្នកប្រមូលសំរាម អ្នកលក់បន្លែ ត្រីសាច់តាមផ្សារ រួមនឹងកម្មករ និងបុគ្គលិកសេវាកម្មនានា និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាច្រើនទៀត ។ 

ពលរដ្ឋដូចបានរៀបរាប់ខាងលើនេះ ភាគច្រើនជាអ្នករកប្រាក់មួយថ្ងៃសម្រាប់ហូបមួយថ្ងៃ ឬជាអ្នកមានតម្រូវការប្រាក់ជាចំាបាច់នៅក្នុងមួយខែៗ។ ពិតណាស់នៅក្នុងកាលៈទេសៈ ដែលជំងឺកូវីដ ១៩ រាតត្បាតខ្លំាង នៅទីណាដែលមានមនុស្សពីរនាក់ឡើងទៅសុទ្ធតែអាចប្រឈមនឹងការឆ្លងវីរុសកូវីដ បានទាំងអស់ មិនមែនថាពួកគាត់ទំាងអស់នោះ មិនបានដឹងរឿងនេះនោះទេ ហើយ ប្រាកដណាស់ពួកគាត់ក៏បានដឹងថានៅទីផ្សារ នៅតាមដងផ្លូវ នៅកន្លែងធ្វើការដែលមានមនុស្សច្រើន នៅលើមធ្យោបាយធ្វើដំណើរដែលមានអ្នកជិះប្រជ្រៀតគ្នា សុទ្ធតែជាកន្លែងដែលមានការប្រឈមខ្លំាង ចុះហេតុអ្វីពួកគាត់នៅតែចេញទៅលក់ដូរ ចេញទៅដឹកភ្ញៀវ ចេញទៅធ្វើការជាដដែលនោះ នោះគឺបញ្ហាក្រពះ និងតម្រូវការប្រាក់ចំាបាច់បំផុត រហូតមិនខ្លាចការប្រឈមបែបនេះ ។ ជាធម្មជាតិមនុស្សគ្មាននណាម្នាក់ចង់ឆ្លងជំងឺដែលគ្មានថ្នាំព្យាបាលនេះទេ តែមិនអាចឈប់បាន ។ បើឈប់គ្មានលុយចាយវាយ គ្មានលុយបង់ផ្ទះជួល គ្មានលុយដោះបំណុលគេ ។ 

ពលរដ្ឋអ្នកក្រមានការប្រឈមកូវីដ ១៩ច្រើនជាអ្នកមាន នៅមានករណីជាច្រើនទៀត ។ ដោយសារមានតម្រូវការថវិកាមួយថ្ងៃសម្រាប់ហូបមួយថ្ងៃនេះ ហើយបានជាកន្លងមកគេសង្កេតឃើញមានពលរដ្ឋជាអ្នកលក់ដូរតាមផ្សារខ្លះ ពួកគាត់បានតវ៉ា ជាមួយសមត្ថកិច្ចនៅពេលចុះទៅបិទកន្លែងលក់ដូរពួកគាត់ម្តងៗ នៅក្រោយមានអ្នកជំងឺបានទៅកាន់ទីនោះដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែច្រើននោះក្តី ។ ប៉ុន្តែបើជាពលរដ្ឋទំាងនោះបដិសេធ តវ៉ាមិនចង់បិទកន្លែងគាត់ទៅវិញ នោះក៏ព្រោះទីនោះជាឆ្នាំងបាយរបស់គាត់ ។ គាត់បានដឹងថា គាត់មានហានិភ័យ ប៉ុន្តែមិនអាចផ្អាកសកម្មភាពលក់ដូរ បានឡើយ ។ អ្នកខ្លះរហូតនិយាយថា ផ្អាកលក់មួយថ្ងៃកូនៗដាច់ហើយ ។ ជាមួយគ្នានេះ អ្នករត់ម៉ូតូកង់បីជាច្រើនដឹងថា ខ្លួនប្រឈមនៅពេលមានអ្នកផ្ទុក កូវីដ ១៩ មកជិះម៉ូតូរបស់ខ្លួន ប៉ុន្តែគាត់មិនអាចផ្អាកសកម្មភាពចេញរកលុយបានទេ ទោះបីបានដឹងថា មានការដាស់ទឿនរាល់ថ្ងៃថាមិនគួរចេញក្រៅផ្ទះនោះក្តី ។

ពិតណាស់ការរាតត្បាយជំងឺកូវីដ ១៩ ជាសកលនេះ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពលរដ្ឋជាទូទៅមិនថាអ្នកក្រ ឬអ្នកមាននោះទេ ។ មនុស្សបានថ្ងូរពីសេដ្ឋកិច្ចបណ្តាលពីកូវីដ ១៩ សឹងគ្រប់គ្នា ប៉ុន្តែគ្រាន់តែថា ជំងឺកូវីដ ១៩ ហាក់ជាជំងឺមួយផ្តល់ឱកាស និងលទ្ធភាព ការពារចៀសឆ្ងាយពីវាច្រើនទៅខាងអ្នកមាន ។ តែកុំភ្លេចថា ប្រសិទ្ធភាពខ្ពស់បំផុតនៅក្នុងការប្រយុទ្ធប្រឆំាងកូវីដ ១៩ នោះ គឺការចូលរួមពីពលរដ្ឋទំាងអស់គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ