ខេត្តរតនគិរី ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន៧នាក់បានហូបត្រីខកំប៉ុងដែលនាំចូលពីប្រទេសវៀតណាមហើយ ក៏ស្រាប់តែពុល បណ្តាលឱ្យក្អួតចង្អោរ ទន់ដៃទន់ជើងគ្រប់គ្នា ហើយក៏ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ចុះទៅជួយ ដោយដឹកជញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ។
បើតាមលោកវរសេនីយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូយ៉ាដាវ បានឱ្យដឹងថា ជនរងគ្រោះទាំង៧នាក់ខាងលើនោះមាន ៖ ទី១-ឈ្មោះ សល់ សី ភេទប្រុស អាយុ១៦ឆ្នាំ, ទី២-ឈ្មោះ សល់ ឡេស ភេទប្រុស អាយុ១៥ឆ្នាំ, ទី៣-ឈ្មោះ សេវ លីន ភេទស្រី អាយុ១៤ឆ្នាំ, ទី៤-ឈ្មោះ សល់ ញូន ភេទប្រុស អាយុ១៣ឆ្នាំ, ទី៥-ឈ្មោះ សល់ ដានី ភេទស្រី អាយុ១១ឆ្នាំ, ទី៦-ឈ្មោះ សល់ សេ ភេទប្រុស អាយុ១៣ឆ្នាំ និងទី៧-ឈ្មោះ សល់ ព្រំ ភេទប្រុសអាយុ១២ឆ្នាំ។ ជនរងគ្រោះទាំងអស់គ្នា រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។
លោកអធិការបន្តថា ក្រោយពីលោកបានទទួលដំណឹងពីលោកមេភូមិភ្លាមៗថា មានករណីអ្នកហូបត្រីខពុលហើយមានអាការៈវិលមុខ ក្អួតចង្អោរ ទន់ដៃទន់ជើងនោះ លោកក៏បានដឹកនាំកម្លាំងចុះទៅជួយអន្ដរាគមន៍ភ្លាមៗផងដែរ។ លុះពេលទៅដល់ ក៏ឃើញជនរងគ្រោះត្រូវបានអ្នកភូមិនាំមកដល់ចំណុចកំពង់ចម្លងភូមិភិទៅហើយ រួចក៏ដឹកយកមកកាន់មណ្ឌលសុខភាពស្រុកអូយ៉ាដាវ ដើម្បីសង្គ្រោះបន្ទាន់តែម្តង។
លោកអធិការបន្តថា លុះនៅព្រឹកថ្ងៃទី០២ ខែមេសានេះ លោកក៏បានចាត់ឱ្យមន្ត្រីរបស់លោកទៅធ្វើកំណត់ហេតុ និងនាំយកសំបកកំប៉ុងត្រីខនោះមកកាន់អធិការដ្ឋានឱ្យកាំកុងត្រូល ដើម្បីធ្វើការពិនិត្យផងដែរ។
ហើយនៅព្រឹកនេះ ជនរងគ្រោះទាំង៧នាក់ក៏បានធូរស្រាលខ្លះហើយ ប៉ុន្ដែគ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យវិលត្រលប់ទៅផ្ទះវិញនៅឡើយទេ រង់ចាំតាមដានអាការៈបន្តទៀត ៕
ចែករំលែកព័តមាននេះ