ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិកផ្តល់ជំនួយបន្ថែមដល់កម្មវិធីស្បៀងអាហារពិភពលោកឆ្លើយតបនឹងគ្រោះអាសន្ននៅកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួន ដែលហៅកាត់ថា…

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២១ សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួន ដែលហៅកាត់ថា USAID បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងផ្តល់ជំនួយចំនួន ៨៧៥.០០០ដុល្លារ បន្ថែមទៅលើជំនួយមនុស្សធម៌របស់ខ្លួន ដើម្បីពង្រឹងលទ្ធភាពត្រៀមបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិនិងវិបត្ដិនានានៅកម្ពុជា ។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ នៅប្រទេសកម្ពុជា

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ នៅប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «ការបំផ្លិចបំផ្លាញបង្កឡើងដោយទឹកជំនន់ឆ្នាំមុនបានបង្ហាញពីភាពចាំបាច់ក្នុងការត្រៀមខ្លួនដោះស្រាយទៅលើផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ។ យើងមានមោទនភាពក្នុងការចូលរួមចំណែកកែលម្អប្រព័ន្ធឆ្លើយតបនឹងវិបត្តិទាំងនេះនៅកម្ពុជា»។

ថវិកាដែលទទួលបាន ពីការិយាល័យជំនួយមនុស្សធម៌ របស់ទីភ្នាក់ងារ USAID នេះ នឹងផ្ដល់លទ្ធភាពឱ្យកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ (WFP) ពង្រឹងបន្ថែមទៅលើគម្រោងស្ដីពី “ការច្នៃប្រឌិតថ្មីដើម្បីត្រៀមបង្ការនិងឆ្លើយតបទៅនឹងគ្រោះអាសន្ន ដោយទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ” ដែលទីភ្នាក់ងារ USAID បានគាំទ្រតាំងពីឆ្នាំ២០១៩ រហូតដល់ខែមីនា ឆ្នាំ២០២២ ។

លោកស្រី Claire CONAN តំណាងកម្មវិធីស្បៀងអាហារពិភពលោក មានប្រសាសន៍ថា៖ «យើងសូមថ្លែងអំណរគុណដល់ទីភ្នាក់ងារ USAID ចំពោះការគាំទ្របន្ថែមដល់ប្រទេសកម្ពុជាដែលប្រឈមនឹងវិបត្តិអាកាសធាតុដូចជា ទឹកជំនន់ និងគ្រោះរាំងស្ងួត»។

ជំនួយនេះនឹងជួយដល់ដៃគូរដ្ឋាភិបាលនិងភាគីអនុវត្តកិច្ចការមនុស្សធម៌នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដើម្បីត្រៀមខ្លួននិងឆ្លើយតបចំពោះវិបត្តិទាំងនេះ ដោយប្រើប្រាស់ព័ត៌មានដើម្បីចាត់សកម្មភាព និងបង្កើនកិច្ចសម្របសម្រួលការងារមនុស្សធម៌បានទាន់ពេលវេលា។

កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានបរិច្ចាគថវិកាចំនួន ៧០០.០០០ដុល្លារ ដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីជួយដល់សហគមន៍រងគ្រោះដោយទឹកជំនន់នៅកម្ពុជា។

កម្មវិធីស្បៀងអាហារពិភពលោកនឹងប្រើជំនួយបន្ថែមនេះដើម្បីពង្រឹងសមត្ថភាពដៃគូរដ្ឋាភិបាលនិងភាគីអនុវត្តកិច្ចការមនុស្សធម៌ តាមរយៈវិធីសាស្រ្ត ការសម្របសម្រួល បច្ចេកវិទ្យា និងឧបករណ៍នានាពាក់ព័ន្ធនឹងការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយ។

ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដៃគូអង្គការមិនមែនរដ្ឋាភិបាល និងដៃគូស្រាវជ្រាវនិងវិទ្យាសាស្ត្រ កម្មវិធីស្បៀងអាហារពិភពលោកនឹងពង្រឹងប្រព័ន្ធព័ត៌មានសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយជាតិដែលមានស្រាប់ ដែលមានឈ្មោះថាប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍និងអង្កេតតាមដានស្ថានការណ៍គ្រោះមហន្តរាយ (ឬហៅកាត់ថា PRISM) ដោយកែលម្អសមត្ថភាពតាមដានគ្រោះវិបត្តិអាកាសធាតុ ប៉ាន់ស្មានផលប៉ះពាល់ទៅលើប្រជាជន និងកំណត់គោលដៅផ្ដល់ជំនួយបន្ទាន់ដល់កន្លែងដែលត្រូវការជំនួយបំផុត។

ក្រៅពីនេះ កម្មវិធីស្បៀងអាហារពិភពលោកនឹងគាំទ្រដល់ប្រព័ន្ធប្រកាសអាសន្នជាមុនអំពីទឹកជំនន់ គឺ ប្រព័ន្ធEWS1294 ដើម្បីជួយពង្រីកវិសាលភាព និងពង្រឹងសមត្ថភាពមន្រ្តីមូលដ្ឋាននិងសហគមន៍ដែលរងហានិភ័យ ដោយប្រើប្រាស់ព័ត៌មានដើម្បីសង្គ្រោះអាយុជីវិត។

កម្មវិធីស្បៀងអាហារពិភពលោកក៏នឹងបន្តគាំទ្រដល់វេទិកាឆ្លើយតបជំនួយមនុស្សធម៌ (HRF) ដែលជាវេទិកាពហុវិស័យនិងចម្រុះស្ថាប័នដែលសម្របសម្រួលសកម្មភាពត្រៀមបង្ការនិងឆ្លើយតបទៅនឹងគ្រោះអាសន្នក្នុងចំណោមភាគីអនុវត្តការងារមនុស្សធម៌ ដើម្បីរួមចំណែកដល់សកម្មភាពថ្នាក់ជាតិដែលដឹកនាំដោយរាជរដ្ឋាភិបាល៕

អត្ថបទសរសេរ ដោយ