ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​មួយ​ចំនួន​ដែល​នាំ​ឱ្យ​យុវវ័យ​ប្រើប្រាស់​សារធាតុ​ញៀន និង​វិធីសាស្ត្រ​ជួយ

9 ឆ្នាំ មុន

យោង​តាម​ឯកសារ​លោក​វេជ្ជបណ្ឌិត យឹ​ម សុ​បុត្រា ឯកទេស​វិកល​វិទ្យា​នៃ​គ្លីនិក​សាន់​រ៉ា​យ បាន​បង្ហាញ​ថា យុវវ័យ​មួយ​ចំនួន​សេព​គ្រឿងញៀ.ន​មក​ពី មាន​បំណង​សាកល្បង ការ​សេពគប់​មិត្តភក្តិ ការ​សប្បាយ​ភ្លើតភ្លើន បាក់ទឹកចិត្ត

យោង​តាម​ឯកសារ​លោក​វេជ្ជបណ្ឌិត យឹ​ម សុ​បុត្រា ឯកទេស​វិកល​វិទ្យា​នៃ​គ្លីនិក​សាន់​រ៉ា​យ បាន​បង្ហាញ​ថា យុវវ័យ​មួយ​ចំនួន​សេព​គ្រឿងញៀន​មក​ពី មាន​បំណង​សាកល្បង ការ​សេពគប់​មិត្តភក្តិ ការ​សប្បាយ​ភ្លើតភ្លើន  បាក់ទឹកចិត្ត និង​ក្នុង​គោលបំណង​ចង់​បង្កើន​កម្លាំង​ជាដើម ។ បុគ្គល​មួយ​ចំនួន​ប្រើប្រាស់​គ្រឿងញៀន​ដែរ តែ​មិន​បាន​ធ្វើ​ឲ្យ​ពួក​គេ​ញៀន​នោះ​ទេ រីឯ​បុគ្គល​មួយ​ចំនួន​ទៀត​នឹង​ញៀន​រហូត​ឈាន​ទៅ​មាន​វិបត្តិ​ដ៏​សែន​ស្មុគស្មាញ​ដល់​ខ្លួនឯង​ផ្ទាល់ ដល់​សង្គម​គ្រួសារ និង​សង្គម​ជាតិ ។

នៅ​ក្នុង​គ្រូ​សារ​ក៏​ដូច​ជា​មិត្តភក្តិ នៅ​ពេល​ជួបនឹង​បុគ្គល​ដែល​ញៀន​ថ្នាំ​គួរតែ​ជួយ​អន្តរាគមន៍​ដូច​ជា ៖

-​នាំ​ទៅ​បន្សាប​ជាតិពុល និង​ព្យាបាល​រោគ​សញ្ញា​ញៀន​៖ ការ​បន្សាប ឬ​កាត់​បន្ថយ​គ្រឿងញៀន ដែល​កំពុង​មាន​សម្មភាព​ទៅ​លើ​ខួរក្បាល ។ ការ​ព្យាបាល​នូវ​រោគ​សញ្ញា​ញៀន​ទាំងឡាយ​ដែល​កើត​មាន​បន្ទាប់​ពី​ការ​បញ្ឈប់ ឬ​កាត់​ផ្តាច់​ពី​ការ​ប្រើប្រាស់​គ្រឿងញៀន ។ ព្យាបាល​ជាមួយ​ឱសថ​ដែល​ជួយ​អ្នក​ញៀន​កុំ​ឲ្យ​មាន​សន្ទុះ​ទឹកចិត្ត​ចង់​ប្រើប្រាស់​គ្រឿងញៀន​ខ្លាំង ។

-​ការ​សម្រាក​ព្យាបាល​៖ បុគ្គល​ដែល​ប្រើប្រាស់​សារធាតុ​ញៀន​មួយ​ចំនួន​ឈាន​ដល់​អាការ​វិកលចរិត ដូច​សញ្ញា​ដែល​ស្តែង​ចេញ​ជា​អាកប្បកិរិយា​កាច ច្រងេងច្រងាង ឮ​សំ​ទ្បេ​ង​និង​មើលឃើញ​នូវ​អ្វី​ដែល​អ្នកផង​មិន​បានឮ​និង​មិន​បានឃើញ ។ បុគ្គល​ទាំងនេះ​ចាំបាច់​បំផុត​ត្រូវ​តែ​ដាក់​ឲ្យ​សម្រាក​ព្យាបាល និង​ថែទាំ​យ៉ាង​ម៉ត់ចត់ ។

-​ការ​ស្តារ​វិញ្ញាណ និង​ស្មារតី​៖ ជា​កម្មវិធី​ស្តារ​ទៅ​លើ​ចិត្តសាស្ត្រ និង​ស្មារតី​បុគ្គល​ដែល​ញៀន​នឹង​សារធាតុ​ញៀន ឲ្យ​គ្រប់គ្រង​អារម្មណ៍​ដោយ​ខ្លួនឯង កុំ​ឲ្យ​ឈាន​ទៅ​រក​ការ​ប្រើប្រាស់​សារធាតុ​ញៀន​សា​ជា​ថ្មី​ទៀត ។ ការ​ព្យាបាល​ក្នុង​ដំណាក់កាល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ព្យាបាល បន្សាប​ជាតិពុល និង​ការ​ព្យាបាល​រោគ​សញ្ញា​ញៀន​នឹង​សារធាតុ​ម្តងទៀត ។

-​ការ​គាំទ្រ​ពី​គ្រួសារ មិត្តភក្តិ និង​សង្គម​៖ ក្រុម​គ្រួសារ​និង​មិត្តភក្តិ ជា​គន្លឹះ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​បុគ្គល​ដែល​ញៀន​ថ្នាំ ។ ការ​រើសអើង​ពី​គ្រួសារ មិត្តភក្តិ​និង​សង្គម​វា​នឹង​បានជា​លទ្ធផល​អវិជ្ជមាន ។

-​ក្រុម​ជួយ​ខ្លួនឯង​៖ បុគ្គល​ដែល​បាន​រួច​ផុត​ឬ​ចាក់​ចេញពី​ការ​ញៀន​ថ្នាំ ជា​បុគ្គល​យា​៉​ង​សំខាន់​មួយ និង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ជួយ​ទៅ​ដល់​ក្រុម​អ្នក​ដែល​កំពុង​ញៀន​ថ្នាំ ។

-​ការ​ព្យាបាល​បញ្ហា​ផ្លូវចិត្ត​៖ បុគ្គល​មួយ​ចំនួន​មុន​នឹង​ឈាន​ទៅ​ដល់​ការ​ប្រើប្រាស់​សារធាតុ​ញៀន  ពួក​គេ​មាន​បញ្ហា​ផ្លូវចិត្ត​រួច​ទៅ​ហើយ​ដូច​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត ថប់​អារម្មណ៍ ឬ​ការ​តានតឹង​ក្នុង​ចិត្ត​ជាដើម ៕