ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ​! លោក​HONDA​បន្ដ​ដឹកនាំ​ក្រុម​គោព្រៃ​ដល់​ឆ្នាំ​2023 ខណៈ​កៅអី​គ្រូបង្វឹក​ថ្មី​​បាន​ប្ដូរ​ដាក់​គ្រូ​ជប៉ុន​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា FFC បាន​ប្រកាស​ពី​កិច្ចសន្យា​ថ្មី​ជាមួយ​លោក Keisuke HONDA អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​(​ក្រុម​គោព្រៃ​កម្ពុជា​) និង​សហការី​របស់​ខ្លួន​ជា​ផ្លូវការ​ហើយ ដោយ​អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន​ខាងលើ…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា FFC បាន​ប្រកាស​ពី​កិច្ចសន្យា​ថ្មី​ជាមួយ​លោក Keisuke HONDA អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​(​ក្រុម​គោព្រៃ​កម្ពុជា​) និង​សហការី​របស់​ខ្លួន​ជា​ផ្លូវការ​ហើយ ដោយ​អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន​ខាងលើ នឹង​បន្ដ​ដឹកនាំ​ក្រុម​គោព្រៃ​កម្ពុជា​រហូត​ដល់ SEA Games ឆ្នាំ​២០២៣ ។

យោង​តាម​ការ​ប្រកាស​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា ម្សិលមិញ​នេះ​បាន​បញ្ជាក់​ថា «​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​លោក Keisuke HONDA រួម​ជាមួយ​សហការី​របស់​គាត់ បាន​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី ដើម្បី​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ទាំង​ឈុត​ធំ និង​អាយុ​ក្រោម​២៣​ឆ្នាំ ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​»​។

ផ្អែក​លើ​ការ​ជូនដំណឹង​នេះ​មាន​ន័យ​ថា លោក HONDA រួម​ទាំង​សហការី​ដែល​មាន​លោក Filex Dalmas ជា​គ្រូបង្វឹក បាន​បន្ដ​កុងត្រា​ជិត​៣​ឆ្នាំ​ទៀត បន្ថែម​លើ​កុងត្រា​ចាស់ ដែល​ផុតកំណត់​កាលពី​ខែសីហា ឆ្នាំ​២០២០ ដ្បិត​បុរស​វ័យ​៣៤​ឆ្នាំ​ខាងលើ​បាន​ចុះ​កុងត្រា​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដើម្បី​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដំបូង​កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៨ បន្ទាប់​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ប្រកាស​បន្ដ​កុងត្រា​ថ្មី​ជាមួយ​លោក និង​សហការី​របស់​ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមីនា ម្សិលមិញ​នេះ ។

យ៉ាងណា​ក៏​ដោយ​មាន​ព័ត៌មាន​ដ៏​រសើប​មួយទៀត គឺ​កៅអី​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​បាន​ផ្លាស់​ប្ដូរ​ថ្មី​មិនមែន​ដឹកនាំ​ដោយ​បុរស​សញ្ជាតិ​អា​ហ្ស​ង់​ទី​ន​លោក Felix Dalmas ទៀត​ឡើយ​។

លោក កែវ សា​រ៉េ​ត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បញ្ជាក់​ថា «​លោក Felix អត់​មានឈ្មោះ​បង្ហាត់​ដូច​មុន​ទេ ដោយសារ​មាន​លក្ខខណ្ឌ​ខ្លះ អត់​ត្រូវ​គ្នា​…​។ ចឹ​ង​មាន​គ្រូបង្វឹក​ថ្មី​ដែល​មក​បង្ហាត់​ហ្នឹង គឺ​កំពុង​ធ្វើច​ត្ដា​ឡី​ស័ក ប្រហែល​ម៉ោង​១១​ថ្ងៃ​ត្រង់នេះ ទើប​ក្រសួងសុខាភិបាល គេ​ផ្ដល់​ព័ត៌មាន​មក​ថា គាត់​ចេញ​បាន ឬ​មិន​បាន ព្រោះ​គាត់​ធ្វើ​ច​ត្ដា​ឡី​ស័ក​គ្រប់​១៤​ថ្ងៃ​ហើយ​ថ្ងៃនេះ​។ ចឹ​ង​គ្រូបង្វឹក​ថ្មី ដែល​តំណាង​ឲ្យ Honda ក៏​ជា​ជនជាតិ​ជប៉ុន​ដែរ​»​។

អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដ​ថា ចំពោះ​ព័ត៌មាន​ផ្លូវការ សហព័ន្ធ​នឹង​ធ្វើការ​ប្រកាស បន្ទាប់​ពី​គ្រូបង្វឹក​ថ្មី​ខាងលើ​បញ្ចប់​ការ​ធ្វើ​ច​ត្ដា​ឡី​ស័ក ហើយ​សហព័ន្ធ​នឹង​ជជែក​លើ​ការងារ​ជា​បន្ដបន្ទាប់ ពិសេស​ពាក់ព័ន្ធ​នឹង​ផែនការ​ជ្រើសរើស​កីឡាករ​ជម្រើសជាតិ ដើម្បី​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​ផ្សេង​ៗ នា​ពេល​ខាង​មុខ​។

គួរ​ឱ្យ​ដឹង​ដែរ​ថា លោក Felix បាន​មក​ដឹកនាំ​ក្រុម​គោព្រៃ​កម្ពុជា ក្នុង​នាម​ដៃស្ដាំ​របស់​លោក Keisuke Honda ក្រោយ​ចុះ​កុងត្រា ២​ឆ្នាំ ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាលពី​ខែសីហា ឆ្នាំ​២០១៨ ដល់​ខែសីហា ឆ្នាំ​២០២០​។

ក្រោម​ការ​ដឹកនាំ​របស់​លោក បាន​បន្សល់​នូវ​ស្នាដៃ​ជា​ប្រវត្តិសាស្ដ្រ​មួយ​ជូន​កម្ពុជា គឺ​ការ​ជួយ​ក្រុម U22 កម្ពុជា ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើក​ដំបូង​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០១៩ នៅ​ហ្វី​លី​ពី​ន ហើយ​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៤ ក្រោយ​ប្រកួត​ចាញ់​ក្រុម U22 មី​យ៉ា​ន់​ម៉ា ដោយ​បាល់​១១​ម៉ែត្រ​កាត់សេចក្ដី ៥-៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ