ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ពាក់កណ្ដាល​ឆ្នាំ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា គ្រោង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង​នៅ​ខែឧសភា ឆ្នាំ​២០២១​។ នេះ​បើ​តាម​ការ​អះអាង​ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា គ្រោង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង​នៅ​ខែឧសភា ឆ្នាំ​២០២១​។ នេះ​បើ​តាម​ការ​អះអាង​ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។

លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់​ថា កៅអី​សម្រាប់​អង្គុយ​ទស្សនា​ដែល​មាន​ចំនួន​ជាង៥០.០០០​កៅអី​នោះ ពេល​នេះ​បំពាក់​បាន​ចំនួន​១២.០០០​កៅអី​ហើយ​នៅ​សល់​តែ​ជាង​៤០.០០០​កៅអី​ទៀត​ប៉ុណ្ណោះ ។ ក្នុង​មួយ​ថ្ងៃ​ៗ​សមត្ថភាព​ក្នុង​ការ​បំពាក់​កៅអី​អាច​ធ្វើ​បាន​ចាប់ពី​៨០០​ទៅ​ជាង​៩០០​កៅអី ខណៈ​ភាគី​ចិន​បាន​អះអាង​ថា ការ​បំពាក់​កៅអី​នេះ​នឹង​បញ្ចប់​នៅ​អំឡុង​ខែមេសា ឆ្នាំ​នេះ ។ បើ​តាម​ការ​ឲ្យ​ដឹង​បន្ថែម ស្មៅ​ក្នុង​ទីលាន​បាល់ទាត់​ក៏​បាន​ដាំ​រួចរាល់​អស់ហើយ​ដែរ និង​កំពុង​ចាប់ផ្ដើម​ដុះ​ដោយ​មាន​ពណ៌​ខៀវ​នៅ​តាម​កន្លែង​ខ្លះ​ៗ​ហើយ ។

អ្វី​ដែល​នៅ​សេសសល់​នោះ​គឺ​ការ​បំពាក់​ទីលាន​សម្រាប់​រត់​អត្តពលកម្ម តែ​ការងារ​នេះ​ក៏​នឹង​បញ្ចប់​ឲ្យ​បាន​ឆាប់​ៗ​ដែរ ។ ពេល​នេះ​ភាគី​ចិន​កំពុង​តែ​បង្កើន​ការ​តុបតែង​ដើម្បី​បញ្ចប់​ឲ្យ​បាន​សព្វគ្រប់​នា​ពេល​ឆាប់​ៗ​នេះ ។ ក្នុង​ខណៈ​ដែល​ជំងឺ​កូ​វី​ដ​-១៩​កំពុង​តែ​បន្ត​រាតត្បាត​នោះ ទាំង​វិស្វករ​ចិន និង​កម្មករ​ខ្មែរ​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​គឺ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ខាងក្រៅ ហើយ​បើ​ចេញ​ទៅ​ខាងក្រៅ​មិន​អនុញ្ញាត​ឲ្យ​ចូល​មក​ក្នុង​ការដ្ឋាន​វិញ​នោះ​ទេ ។

គួរ​បញ្ជាក់​ថា ពហុ​កីឡដ្ឋាន​ដ៏​ធំ​មួយ​នេះ​កំពុង​តែ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​China State Canstruction Engineering Corporation លើ​ផ្ទៃដី​ជាង​៩៤​ហិ​កតា ស្ថិត​ក្នុង​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា ក្រោម​ជំនួយ​ឥត​សំណង​របស់​ចិន​ចំនួន​១៦០​លាន​ដុល្លារ ។ ពហុ​កីឡ​ដ្ឋាន​នេះ​បាន​ចាប់ផ្ដើម​សាងសង់​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៧ ក្រោយ​បញ្ចប់​ការ​សាងសង់​ពហុ​កីឡដ្ឋាន​នេះ​មាន​សមត្ថភាព​ផ្ទុក​អ្នក​អង្គុយ​​ទស្សនា​បាន​ចំនួន​ជាង​៦០.០០០​នាក់​ហើយ​ទី​នេះ​ក៏​ជា​កន្លែង​សម្រាប់​ការ​ប្រកួត និង​ប្រារព្ធ​ពិធី​បើក និង​បិទ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​៣០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ ។

នៅ​ទីនោះ​ក៏​មាន​រៀបចំ​ជា​ភូមិ​កីឡា ឬ​បុរី​កីឡា​ដែល​ជា​កន្លែង​ស្នាក់​នៅ​ហូប​ចុក​របស់​កីឡាករ កីឡាការិនី​ក្នុង​អំឡុង​នៃ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ទៀត​ផង ។ គម្រោង​នៃ​ការ​សាងសង់​ភូមិ​កីឡា​គឺជា​ការ​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ​ថា​World Bridge Sports Village ដែល​ជា​ក្រុម​ហុ​៊​ន​មានបទពិសោធន៍​ក្នុង​ការ​កសាង​អគារ​ខ្ពស់​ៗ​នៅ​រាជធានី​ភ្នំពេញ ។ ភូមិ​កីឡា​នេះ​គឺ​ត្រូវ​មាន​សោភ័ណ​ភាព និង​រចនាបថ​គោរព​តាម​និយាម​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ដោយ​ត្រូវ​សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​៨​ហិ​កតា​នៅ​ផ្នែក​ខាងក្រោយ​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ។​ភូមិ​កីឡា​គឺជា​កន្លែង​ស្នាក់​នៅ​ហូប​ចុក​របស់​កីឡាករ កីឡាការិនី ក្នុង​អំឡុង​ស៊ី​ហ្គេ​ម​ដែល​អាច​រក្សា​បាន​នូវ​សុវត្ថិភាព​និង​ការ​គ្រប់គ្រង​ជាដើម ។ ភូមិ​កីឡា​នេះ​មាន​អគារ​ស្នាក់​នៅ វីឡា​មួយ​ចំនួន​សម្រាប់​មន្ត្រី អាជ្ញាកណ្ដាល ចៅក្រម ដោយ​មាន​បន្ទប់​ស្នាក់​នៅ​ជាង​១.៧០០​បន្ទប់ ដែល​ក្នុង​នោះ​បន្ទប់​ខ្លះ​មាន​គ្រែ​១ ដល់​គ្រែ​៥​ដែល​មាន​បំពាក់​នូវ​សម្ភារ​ដើម្បី​ផ្ដល់​នូវ​ផាសុកភាព​ដល់​កីឡាករ កីឡាការិនី ។

ក្នុងភូមិ​កីឡា​នេះ​រៀបចំ​ឲ្យ​មាន​សារៈមន្ទីរ​តាំង​វត្ថុ​អនុស្សាវរីយ៍​ទាំងឡាយ​ក្នុង​ស៊ី​ហ្គេ​ម និង​សម្រាប់​ការ​ស្រាវជ្រាវ​របស់​សិស្ស និស្សិត​ទាំង​ឡាយ​ក៏​ដូច​ជា​អ្នក​ជំនាន់​ក្រោយ​ដែល​ចង់​ស្រាវជ្រាវ​ពី​ស៊ី​ហ្គេ​ម ។ ភូមិ​កីឡា​នេះ​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០២២​ហើយ​ស៊ី​ហ្គេ​ម
ឆ្នាំ​២០២៣​នឹង​អាច​មាន​អត្ត​ព​លិ​ក​ស្នាក់​នៅ​សរុប​ចំនួន​៧.០០០​នាក់ រួម​ជាមួយ​មន្ត្រី គ្រូបង្វឹក ប្រតិភូ​ប្រមាណ​៣.០០០​នាក់​ទៀត ។ ស៊ី​ហ្គេ​ម​លើក​ទី​៣២​នឹង​ធ្វើ​ចន្លោះ​ពី​ថ្ងៃ​ទី​៥​ដល់​១៦​ឧសភា​ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ