រាជធានីភ្នំពេញ ៖ មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ជួបរឿងបរាជ័យ បើទោះបីបច្ចុប្បន្នអ្នកខ្លះបានក្លាយខ្លួនជាសេដ្ឋីលំដាប់ពិភពលោកក៏ដោយ ។ ប្រាកដណាស់ការធ្វើអាជីវកម្មក្តី ការធ្វើឱ្យមានកំហុសណាមួយក្តី វាសុទ្ធសឹងតែជាបទពិសោធ អ្នកខ្លះនៅពេលឃើញយើងធ្វើរឿងអ្វីមួយ ហើយមិនទទួលបានជោគជ័យ ពួកគេបែរជាគិតថាយើងគ្មានសមត្ថភាពនឹងបន្តការងារនោះទេ ជាពិសេសនោះគឺសមាជិកនៅក្នុងគ្រួសារយើងតែម្តង ។ ដោយយល់ឃើញថា មានមនុស្សជាច្រើនបានបោះបង់ចោលក្តីស្រមៃខ្លួន ព្រោះតែបានឮនូវពាក្យសំដីមិនល្អ និងសំដីដែលមិនបានគាំទ្រលើគំនិតរបស់ពួកគាត់ ពីសមាជិកក្នុងក្រុមគ្រួសារនោះ លោក ឃីម សុខហេង បាននិយាយថា ប្រសិនជាគេនិយាយថា ឱ្យយើងនេះគ្មានសមត្ថភាពធ្វើការងារនោះទេ គ្មានសមត្ថភាពសូម្បីតែទិញម៉ូតូល្អមួយជិះមិនបាន តើមានហេតុផលអ្វីដែលយើងត្រូវទោរទន់ជីវិតយើងទៅតាមពាក្យគេនោះ ។
ជាស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ លោកគ្រូ ឃីម សុខហេង បានបន្តថា ៖ «ឧទាហរណ៍កាលពីមុនយើងធ្លាប់បរាជ័យ ប៉ុន្តែអ្នកផ្ទះយើង (ឪពុកម្តាយ និងបងប្អូន) គាត់នៅគិតពីតម្លៃរបស់យើង ដែលយោងទៅលើទិន្នន័យចាស់ ប៉ុន្តែសម្រាប់យើងមិនគួរយកចិត្តទុកដាក់ ឬគិតទៅលើសំដីរបស់ពួកគាត់ពេកទេ ។ ប៉ុន្តែយើងត្រូវតែគិតទៅលើចំណុចខ្លះៗ ដើម្បីកែប្រែខ្លួនយើងពីភាពបរាជ័យ ខំប្រឹងធ្វើការឡើងវិញ ដើម្បីបង្ហាញថា ប៉ុណ្ណឹងមិនអាចជាចុងក្រោយនៃជីវិតនោះទេ ។ យើងប្រឹងធ្វើល្អតទៅទៀត ហើយធ្វើឱ្យបានលទ្ធផលជោគជ័យ ធ្វើម្តងហើយម្តងទៀត និយាយរួមគឺធ្វើចឹងដ៏រាបណាយើងនៅមានដង្ហើម ។ រឿងគេគិតខុសជារឿងរបស់គេ អ្នកខ្លះប្រហែលជាគិតថា គេនិយាយបែបនោះ គឺជាការបំបាក់ទឹកចិត្តយើង ចុះយើងមិនព្រមគិតថា ហេតុអ្វីទឹកចិត្តយើងអីក៏ងាយបាក់ម្ល៉េះ ? » ។
ដូចនេះយើងត្រូវមានការយល់ឃើញនូវអ្វីដែលខ្លួនធ្វើត្រូវ និងត្រូវគិតថា រឿងអ្នកដទៃគិតខុសចំពោះយើង គឺជារឿងការគិតរបស់គេ មានន័យថាផ្នត់គំនិតចាស់របស់គេគឺមិនដូរ ប៉ុន្តែទង្វើរបស់យើងបានផ្លាស់ប្តូររួចទៅហើយ ហេតុផលមួយទៀត ប្រសិនជាមនុស្សម្នាក់នោះមិនបានដូរនូវការគិតរបស់គាត់ វាគឺជាការបង្ហាញយ៉ាងច្បាស់នូវកម្រិតនៃការវាយតម្លៃរបស់គេមកលើយើង (ការគិតនៅមានកម្រិត) ។
លោកគ្រូ បន្តថា ៖ «ហេតុផលដែលខ្ញុំលើកយកមកនិយាយនេះក៏ព្រោះថា មានមនុស្សខ្លះ នៅក្នុងសមជិកគ្រួសាររបស់គាត់មិនបានលើកទឹកចិត្ត ឬគាំទ្រឱ្យគាត់ចេញទៅរកស៊ី ឬពង្រីកមុខរបរនោះទេ ។ ហើយការមិនគាំទ្រពីសមាជិកគ្រួសារ ករណីខ្លះអាចជារឿងត្រូវ ដោយសារយើងនឹងវាអាខ្លិអាខ្លាក់តាំងមុនមកហើយ ដូចនេះអាចថា គ្រួសារមិនទាន់ទុកចិត្តក៏ថា បានព្រោះថា មានអ្នកខ្លះមិនមានភាពរឹងមាំនោះទេ ហើយចង់ធ្វើអាជីវកម្មនឹង គឺចង់ធ្វើតែមួយឆាវៗ ដូចភ្លើងចំប៉ើងទៀត នៅពេលដែលគាត់ចង់ធ្វើនោះធ្វើងាប់ចោល ធ្វើទាំងយប់ទាំងថ្ងៃ ទាំងសៅរិ៍ ទាំងអាទិត្យ ហើយនៅពេលដែលគាត់ខឹង គាត់គ្រោធ គឺគាត់ទុកការងារនោះចោលតែម្តង» ។

លោកគ្រូបន្ថែមថា មនុស្សដែលរឹងមាំទៅតាមតែពេលវេលា តាមរដូវកាល ឆក់ល្វែងបែបនេះ គឺពិបាកនឹងទាញការទុកចិត្ត ពីអ្នកដទៃណាស់ ពីព្រោះយើងបានបង្ហាញពីការទទួលខុសត្រូវ ដែលមិនមានស្ថេរភាព មិនមានភាពជាប់លាប់ ហើយមិនមានភាពនឹងនទៅលើគម្រោងការងារដែលយើងត្រូវធ្វើ បែបនឹងយើងយកបេះដូងគេមិនបានទេ ។ លោកគ្រូថា ៖ «ប្រសិនជាខ្ញុំវិញ ខ្ញុំនឹងធ្វើឱ្យអ្នកដែលគិតអវិជ្ជមានលើខ្ញុំនឹង គឺគាត់គិតខុសតែម្តង អុីចឹងធ្វើម៉េចដើម្បីឱ្យការគិតអវិជ្ជមានពីអ្នកដទៃមកលើយើងខុស គឺយើងកុំធ្វើឱ្យដូចគេគិត ។ ឧទាហរណ៍ថា គេនិយាយពីយើង ថាឱ្យយើងចោលម្សៀត យើងនឹងអត់បានការ យើងនឹងវាគ្មានទៅខ្មេះអ្វីទេ អនាគតទៅមុខនឹង ក្រយៅនឹង រកតែម៉ូតូល្អមួយជិះមិនបានផង ។ សូមជម្រាបថា ឱ្យគេគិតអុីចឹងគិតទៅព្រោះជារឿងរបស់គេ ពេលខ្លះការគិតបែបនឹង ការវាយតម្លៃមកលើយើងបែបនឹង គឺវាបញ្ជាក់ពីកម្រិតអ្នកដែលវាយតម្លៃយើងដែរ ដូចនេះយើងគួរតែមានភាពរ៉ឹងមាំខាងស្មារតីខ្លួនឯងផង ហើយប្រសិនជាយើងបណ្តែតបណ្តោយខ្លួនឱ្យទៅតាមពាក្យគេ អុីចឹងទៅមុខទៀតគេប្រាកដជាថា «ន៎ ! ឃើញទេ អានឹងវាអុីចឹងមែន អញថា អីចេះខុស» អុីចឹងមានន័យថា យើងរៀបចំជីវិតយើងត្រូវនឹងអ្វីដែលគេនិយាយបាត់ទៅហើយ» ។
លោកគ្រូបន្ថែមថា អ្វីដែលយើងគួរធ្វើនោះមិនចាំបាច់ទៅតបតឬអ្វីនោះទេ ប៉ុន្តែត្រូវតែគិតនឹងខំប្រឹងធ្វើការ សន្សំលុយទិញម៉ូតូមួយឱ្យបាន ប៉ុន្តែកុំទាន់អាលបង្ហាញ ឬយកទៅឱ្យគាត់មើល ខំប្រឹងធ្វើការសន្សំលុយទិញដីម្តុំទៀតទៅ យូរៗទៅការងារយើងក៏ល្អ ប្រាក់ខែយើងក៏ច្រើន ដីយើងក៏ឡើងថ្លៃ បើគិតថា ចំណេញហើយលក់ទៅទិញឡានជិះមួយ នោះគឺគាត់នឹងឃើញ មិនចាំបាច់ទៅព្យាយាមបកស្រាយពីពាក្យគេមើលងាយមើលថោកនោះទេ សំខាន់យើងខ្លួនឯងដឹងថា យើងកំពុងធ្វើអ្វី ៕
ចែករំលែកព័តមាននេះ