រាជធានីភ្នំពេញ ៖ លោកវេជ្ជ.ស៊ង សុភ័ក្ត្រ ឯកទេសជំងឺបេះដូង សរសៃឈាម នៃមន្ទីរពេទ្យកាល់ម៉ែតបានគូសបញ្ជាក់ថា ៖ ជំងឺលើសសម្ពាធឈាមជាបញ្ហាចំបងមួយសំរាប់សុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា ដែលជាទូទៅវាជាមូលហេតុចម្បងដែលតម្រូវអោយអ្នកជំងឺមកជួបគ្រូពេទ្យ។ ជំងឺលើសសម្ពាធឈាមអាចបង្កនូវផលវិបាកជាច្រើន ដែលអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទខួរក្បាល បេះដូង សរសៃឈាម និងតម្រងនោម។
ក) តើអ្វីទៅជាជំងឺលើសសម្ពាធឈាម? ជំងឺលើសសម្ពាធឈាមត្រូវបានធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យ ហើយត្រូវបានបែងចែកសម្ពាធឈាមទៅតាមចំណាត់ថ្នាក់ ដូចតទៅ ៖ សម្ពាធឈាមនៅពេល Systole (mmHg)
សម្ពាធឈាមធម្មតា តូចជាង ១២០ ជិតលើសសម្ពាធឈាម ចាប់ពី ១២០-១៣៩ លើសសម្ពាធឈាមដំណាក់កាលទី១ ចាប់ពី ១៤០-១៥៩ លើសសម្ពាធឈាមដំណាក់កាលទី២ ធំជាង ១៦០ សម្ពាធឈាមនៅពេល Diastole (mmHg) សម្ពាធឈាមធម្មតា តូចជាង៨០ – ជិតលើសសម្ពាធឈាម ចាប់ពី ៨០-៨៩ លើសសម្ពាធឈាមដំណាក់កាលទី១ ចាប់ពី ៩០-៩៩ លើសសម្ពាធឈាមដំណាក់កាលទី២ ធំជាង ១០០ ។ ខ) មូលហេតុដែលបង្កអោយមានជំងឺលើសសម្ពាធឈាម ៖ ក្នុងចំណោមអ្នកជំងឺលើសសម្ពាធឈាមប្រហែលជា៩០ភាគរយ យើងពុំអាចរកឃើញពីមូលហេតុបង្កនៅឡើយទេ (Hypertension artérielle essentielle ou primitive) តែមានប្រហែលជា១០ភាគរយប៉ុណ្ណោះ ដែលមានមូលហេតុបង្កច្បាស់លាស់ ដែលនៅក្នុងនោះរួមមាន ៖
ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ប្រភេទ AINS, Corticoïdes ជំងឺ Cushing (Maladie de Cushing) ជំងឺដុំក្រពេញលើតម្រងនោម (Phéochromocytose) ជំងឺដុំគីសច្រើននៅតម្រងនោម (Polykystose rénale) ជំងឺលើសសម្ពាធឈាមដោយសារសរសៃឈាមតម្រងនោម (Hypertension artérielle rénovasculaire) ជំងឺត្បៀតសរសៃឈាមអាអក (Coartation aortique) ជំងឺសរសៃឈាមអាអក (Maladie aortique) ។ គ) រោគសញ្ញានៃជំងឺលើសសម្ពាធឈាម ៖ ជាទូទៅជំងឺលើសសម្ពាធឈាមមិនមានរោគសញ្ញាអ្វីអោយច្បាស់លាស់ទេ តែភាគច្រើននៃរោគសញ្ញា ស្តែងចេញជាផលវិបាកនៃជំងឺនោះ។
ឃ) ផលវិបាកនៃជំងឺលើសសម្ពាធឈាម ។ ១) ការប៉ះពាល់ទៅលើបេះដូង ៖ ជំងឺលើសសម្ពាធឈាម គឺជាកត្តាដែលបង្កអោយមានកំណកខ្លាញ់នៅក្នុងសរសៃឈាមបេះដូង (athérome) ដែលអាចបណ្ដាលអោយមានជំងឺស្ទះសរសៃឈាមបេះដូង (cardiopathie ischémique)។
ជំងឺនេះក៏ជាកត្តាធ្វើអោយសាច់ដុំបេះដូងឡើងក្រាស់ (Hypertrophie ventriculaire gauche) ដែលជាកត្តាមួយ ធ្វើអោយសាច់ដុំបេះដូងត្រូវការអុកស៊ីសែនលើសពីធម្មតា ដែលបណ្ដាលអោយមានជំងឺបេះដូងកាន់តែធ្ងន់ធ្ងរ។ រោគសញ្ញាដែលស្ដែងចេញមានដូចជា ៖
ឈឺទ្រូងចាក់មក ក ឬដើមដៃឆ្វេង (Angine de poitrine) ហត់នៅពេលធ្វើការងារប្រចាំថ្ងៃ រឺក៏ហត់នៅពេលសម្រាក ។ ២) ការប៉ះពាល់ទៅលើសរសៃឈាម ៖ ជំងឺលើសសម្ពាធឈាមបង្កអោយមាន
កំណកខ្លាញ់នៅក្នុងសរសៃឈាម (arthérome) ការរីកប៉ោងធំនៃសរសៃឈាម (Anévrysmes) ការបែកនូវសរសៃឈាមធំ (dissections aortiques) ការស្ទះសរសៃឈាមនៅជើង (artériopathie oblitérante des membres inférieurs) ដែលស្ដែងចេញអោយថមថយនៅចំងាយដើររបស់អ្នកជំងឺ (claudication intermittente) ។ ៣) ការប៉ះពាល់ទៅលើប្រព័ន្ធប្រសាទ ៖ ជំងឺលើសសម្ពាធឈាម អាចបង្កអោយមានជាជំងឺស្ទះសរសៃឈាមខួរក្បាល ឬបែកសរសៃឈាមនៅខួរក្បាល (Accident vasculaire cérébral ischémique ou hémorragique) ដែលរោគសញ្ញា ស្ដែងចេញដោយអ្នកជំងឺទន់ដៃទន់ជើង រឺមួយចំហៀងខ្លួន និយាយមិនច្បាស់ ឈឺក្បាល និងបាត់បង់ស្មារតី។
៤) ការប៉ះពាល់ទៅលើតម្រងនោម ៖ ជំងឺលើសសម្ពាធឈាមអាចបង្កអោយមានជំងឺខ្សោយតម្រងនោម ដែលធ្វើអោយមានជាតិសាច់ចេញតាមទឹកនោម (ទឹកនោមប្រៃ) ដោយសារតែផលប៉ះពាល់ទៅលើសរសៃឈាមតម្រងនោម ហើយធ្វើអោយលើសសម្ពាធឈាមកាន់តែធ្ងន់ធ្ងរ ដែលរោគសញ្ញាស្ដែងចេញមានដូចជា ហើមជើងទាំងសងខាង ហើមមុខ ពិសេសត្របកភ្នែក។
៥) ការប៉ះពាល់ទៅលើភ្នែក ៖ វាអាចធ្វើអោយគំហើញរបស់ភ្នែកមានការធ្លាក់ចុះ ឬធ្ងន់ធ្ងររហូតដល់មើលពុំឃើញ។ ជាទូទៅផលវិបាកនៃជំងឺលើសសម្ពាធឈាមអាចត្រូវបានធើ្វការបង្ការ ដោយអ្នកជំងឺត្រូវ ៖
ពិសារថ្នាំតាមវេជ្ជបញ្ជា មកតាមដាន តាមការណាត់ជួបជាមួយគ្រូពេទ្យអោយបានជាប់លាប់ អនុវត្តតាមដំបូន្មានរបស់គ្រូពេទ្យ តាមរយៈការពិសារតមប្រៃខ្លាញ់ និងធ្វើលំហាត់ប្រាណអោយបានទៀងទាត់។ លោកវេជ្ជ.ស៊ង សុភ័ក្ត្រ ឯកទេសជំងឺបេះដូង សរសៃឈាម នៃមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា ៖ ប្រសិនបើលោកអ្នកមានរោគសញ្ញា និងកត្តាគ្រោះថ្នាក់ដូចបានរៀងរាប់ខាងលើនេះ សូមមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកការការពារ និងការព្យាបាលឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព ជៀសវាងបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ៕
ចែករំលែកព័តមាននេះ