ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​កំពុង​អនុវត្ត​កម្មវិធី​រេ​ដ​បូកបាន​ល្អ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រេ​ដ​បូក គឺជា​កម្មវិធី​ជាតិ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការ​បាត់បង់​និង​រេចរឹល​ព្រៃឈើ​ ។ រេ​ដ​បូក​មាន​គោលបំណង (១)​ការពារ​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស​សម្រាប់​ជា​ផលប្រយោជន៍​ជាតិ និង​(២)​ចូលរួម​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​សកល ក្នុង​អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​តិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​។ រេដបូក…


រាជធានីភ្នំពេញ ៖ រេ​ដ​បូក គឺជា​កម្មវិធី​ជាតិ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការ​បាត់បង់​និង​រេចរឹល​ព្រៃឈើ​ ។ រេ​ដ​បូក​មាន​គោលបំណង (១)​ការពារ​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស​សម្រាប់​ជា​ផលប្រយោជន៍​ជាតិ និង​(២)​ចូលរួម​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​សកល ក្នុង​អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​តិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​។ រេដបូក (REDD+: Reducing Emission from Deforestation and Forest Degradation) ។

ក្រៅពី​ផលប្រយោជន៍​ជា​ឈើ​ប្រើប្រាស់​ និង​ជា​មុខងារ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ព្រៃឈើ ​នៅ​មានមុខ​ងារ​ដ៏​សំខាន់​មួយទៀត គឺ​ការ​ស្រូប​យក​ឧស្ម័ន​កាបូ​និ​ច (​ឧស្ម័ន​ផ្ទះ​កញ្ចក់​) ពី​បរិយាកាស ដែល​មុខងារ​នេះ ដើរតួ​នាទី​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សកល ​។ អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​តិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ បាន​លើកទឹកចិត្ត​ដល់​ប្រទេស​សម្បូរ​ណ៍​ព្រៃឈើ ខិតខំ​ការពារ​ព្រៃឈើ​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​ទទួល​បាន​ថវិកា​ក្នុង​ទម្រង់​ជា ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត (Voluntary Carbon Market) និង​ការ​ទូទាត់​ផ្អែក​តាម​លទ្ធផល Result-Based Payment)​។ នេះបើតាមក្រសួងបរិស្ថាន ។

ចំពោះ​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត ចាប់តាំងពី​ឆ្នាំ​២០១៦​មក​ដល់​បច្ចុប្បន្ន កម្ពុជា​បាន​ទទួល​ថវិកា​ចំនួន ១១,៦ លាន​ដុល្លារ​ពី​ការ​លក់​ឥណទាន​កាបូន​ក្នុង​គម្រោង​ចំនួន​ពីរ (​ដែនជម្រកសត្វព្រៃ​កែវ​សីមា និង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​) ឱ្យទៅ​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ៗ​មាន​ដូច​ជា Disney និង Shall​ជាដើម​។

មុន​នឹង​ទិញ​ឥណទាន កាបូន​នេះ មានការ​វាយតម្លៃ​ច្បាស់លាស់​ពី​អ្នកជំនាញ​លើ​សមត្ថភាព​នៃ​ការ​ផលិត​កាបូន និង​យន្តការ​ផ្សេង ៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ដើម្បី​ធានា​ការពារ​និង​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​លើ​តំបន់ការពារធម្មជាតិ​ដែល​សម្បូណ៌​ដោយ​ព្រៃឈើ សត្វព្រៃ​និង​ជីវៈចម្រុះ​ផ្សេង​ទៀត​។ ការ​សម្រេច​ទិញ​ឥណទាន​កា បូ​ន​ពី​កម្ពុជា​របស់​ក្រុមហ៊ុន​នានា​គឺ​បាន​បង្ហាញ​ថា​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​បាន​នូវ​ធន ធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​នោះ ហើយ​ធនធានធម្មជាតិ​ត្រូវ​បាន​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព​។

អាស្រ័យ​ដោយសារ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​បាន​ល្អ​ប្រសើរ កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា​កម្ពុជា​នឹង​អាច​លក់​ឥណទាន​កាបូន បាន​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​បន្តបន្ទាប់​។ រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួងបរិស្ថាន​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដោយ​ថែរក្សា​ឈើ​ឈរ​ដើម្បី​លក់​តួនាទី​ព្រៃឈើ​ដែល​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ភព​ផែនដី តាម​រយៈ​ការ​លក់ ឥណទាន​កាបូន ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​។

ថវិកា​ទាំង​អស់នេះ បាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការពារ​ព្រៃឈើ និង​អភិវឌ្ឍ​ជីវភាព​សហគមន៍​ក្នុង​តំបន់​ការពារ​ទាំង​ពីរ ដើម្បី​ធ្វើ​ជា​គំរូ​សម្រាប់​ឈាន​ទៅ​ទទួល​បាន​ថវិកា «​ការ​ទូទាត់​ផ្អែក​តាម​លទ្ធផល​» ពី​មូលនិធិ​អាកាសធាតុ​បៃតង​នៃ​អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​តិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ ដែល​គ្រង​នឹង​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២០​ ។ រហូត​មក​ដល់​ពេល​នេះ មាន​តែ​ប្រទេស​កម្ពុជា​និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ប៉ុណ្ណោះ​ក្នុង​ប្រទេស​អាស៊ាន ដែល​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​។

ក្នុង​ពេល​បច្ចុប្បន្ន កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​កំពុង​អនុវត្ត​កម្មវិធី​រេ​ដ​បូក​បាន​ល្អ​ដ៏​ទៃ​ទៀត មាន​ដូច​ជា Malaysia, Vietnam, Indonesia, Brazil, Ecuador, Colombia, Chilli, Mexico, Kenya ដែល​នឹង​មាន​សិទ្ធិ​ដាក់​គម្រោង​យក​ថវិកា​ពី​មូលនិធិ​អាកាសធាតុ​បៃតង​។
ផ្អែក​តាម​កម្រិត​យោង​ព្រៃឈើ (Forest Referral Level) កម្ពុជា​អាច​ផលិត​ឥណទាន​កាបូន​បាន​ប្រមាណ ១០​លាន​តោន​/​ឆ្នាំ សម្រាប់​ទទួល​បាន​ថវិកា​ក្នុង​ក្របខ័ណ្ឌ​ការ​ទូទាត់​ផ្អែក​តាម​លទ្ធផល ពី​មូលនិធិ​អាកាសធាតុ​បៃតង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ