ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានអ្នកស្រុកម្នាក់ដែលជាអ្នកប្រកបមុខរបរនេសាទត្រី បានទៅរាយមងក្នុងបឹង ក៏ស្រាប់តែប្រទះឃើញគ្រោងឆ្អឹងសាកសពមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចទឹកបឹងអន្លង់យាយម៉ែន ស្ថិតក្នុងភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយក្រោយមកក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីចុះអន្តរាគមន៍ផងដែរ។

ទាក់ទិនករណីខាងលើនេះ បើតាមបុរសអ្នកនេសាទត្រីឈ្មោះ សេង អឿន អាយុ៣៤ឆ្នាំ រស់នៅភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា កាលពីវេលារសៀលថ្ងៃទី១៦ ខែមីនា រូបគាត់បានទៅរាយមង និងចងសន្ទូចនៅចំណុចក្នុងបឹងអន្លង់យាយម៉ែន ដូចសព្វមួយដង ។
បុរសអ្នកនេសាទរូបនេះបន្តថា ប៉ុន្តែថ្ងៃនេះ គាត់ក៏បានប្រទះឃើញគ្រោងឆ្អឹងមនុស្សម្នាក់ ដែលរលួយសាច់អស់ពីខ្លួនគ្មានខោអាវ ក្នុងទឹកបឹងជម្រៅត្រឹមចង្កេះ ដែលមិនស្គាល់អត្តសញ្ញាណនោះទេ ។ លុះរហូតដល់ថ្ងៃទី១៧ ខែមីនា រូបគាត់ (សេង អឿន) ក៏បានយករឿងនេះ ទៅរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលពុកឫស្សី ដើម្បីឲ្យបានដឹង និងស្វែងរកសាច់ញាតិរបស់ជនរងគ្រោះតែម្តង ។

លុះរហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រខេត្តកណ្តាល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ជំនាញនគរបាល បានចុះទៅសហការជាមួយអាជ្ញាធរមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលពុកឫស្សី និងគ្រូពេទ្យ រួមទាំងក្រុមប្រឹក្សាឃុំ បានធ្វើការពិនិត្យទៅលើគ្រោងឆ្អឹងរលួយសាច់អស់ដែលស្ថិតនៅក្នុងទឹកបឹងនោះ ។
ប៉ុន្តែដោយសារតែគ្រោងឆ្អឹងនៅក្នុងទឹក ហើយមានភាពលំបាកក្នុងការពិនិត្យ និងធ្វើកោសល្យវិច័យផងនោះ ទើបសមត្ថកិច្ចសម្រេចស្រង់យកគ្រោងឆ្អឹងនោះមកពិនិត្យនៅលើគោកវិញ ដោយបានរៀបចំផ្គុំឆ្អឹងតាមរូបរាងមនុស្ស ។
ជាលទ្ធផលរបស់សមត្ថកិច្ចក្នុងការពិនិត្យគ្រោងឆ្អឹងសាកសពនេះ គឺមានកម្ពស់ប្រហែល១.៧២ម៉ែត្រ ហើយសាកសពរលួយសាច់អស់នៅសល់តែគ្រោងឆ្អឹង របេះដាច់ចេញពីគ្នា ដែលក្នុងពេលនោះក៏ឃើញមានអាវ១នៅចម្ងាយពីគ្រោងឆ្អឹងប្រមាណ១៥ម៉ែត្រ អាវនោះដៃវែងពណ៌ទឹកសមុទ្រ ឆ្នូតពណ៌ខៀវ ដាច់ឡេវនៅសល់៣ ។

ក្រោយពីពេលពិនិត្យរួច សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ៖ សាកសពជរងគ្រោះមានអាយុប្រហែលចន្លោះពី៣០ឆ្នាំទៅ៤០ឆ្នាំ នឹងអាចបាត់បង់ជីវិតក្នុងអំឡុងពី១ខែ ទៅ២ខែមុនម្ល៉េះ ហើយសាកសពមានសភាពរលួយសាច់អស់នៅសល់តែគ្រោងឆ្អឹង ដូច្នេះមិនអាចវាយតម្លៃបាននោះទេ ។
តែយ៉ាងណាក្តី សមត្ថកិច្ចនគរបាលជំនាញស្រុកខេត្ត កំពុងតែបើកការស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ ហើយនឹងបានប្រគល់គ្រោងឆ្អឹងសពជូនក្រុមប្រឹក្សាឃុំពុកឫស្សី ដើម្បីយកទៅបញ្ចុះនៅទួលអ្នកតាមួយកន្លែង ទុករកសាច់ញាតិផងដែរ ។ ហើយសមត្ថកិច្ចក៏បានបន្តបើកការស៊ើបស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនរងគ្រោះ ដើម្បីឈានរកមូលហេតុនៃការបាត់បង់អាយុជីវិតមនុស្សម្នាក់ដែលនៅសល់តែគ្រោងឆ្អឹងនោះឲ្យបានដឹងច្បាស់លាស់ផងដែរ ៕
ចែករំលែកព័តមាននេះ