ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូវីដចូល​ដល់​ក្នុង​បន្ទាយទាហាន៖ លោក ហ៊ុន ម៉ា​ណែ​ត​ចេញ​បញ្ជា​ចាត់វិធានការតឹងរុឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​រក​ឃើញ​នាយទាហាន​ម្នាក់ ដែល​ជា​សិក្ខាកាម​នៅ​សាកលវិទ្យាល័យ​ការពារ​ជាតិ បាន​ឆ្លង​កូ​វី​ដ​១៩ បើ​ទោះបីជា​នាយទាហាន​នោះ បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ ១៩ បាន​ចំនួន ២​លើក​រួច​ហើយ​នោះ…


រាជធានី​ភ្នំពេញ ៖ ក្រោយ​រក​ឃើញ​នាយទាហាន​ម្នាក់ ដែល​ជា​សិក្ខាកាម​នៅ​សាកលវិទ្យាល័យ​ការពារ​ជាតិ បាន​ឆ្លង​កូ​វី​ដ​១៩ បើ​ទោះបីជា​នាយទាហាន​នោះ បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ ១៩ បាន​ចំនួន ២​លើក​រួច​ហើយ​នោះ លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ចេញ​នូវ​បទបញ្ជា​ណែនាំ​ដល់​មេបញ្ជាការ​យោធភូមិ​ភាគ កងកាំភ្លើងធំ កងឯកភាព​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ទាំងអស់ ត្រូវ​ដាស់តឿន​យោធិន​ទាំងអស់ និង​ត្រូវ​ពង្រឹង​ការ​ប្រុង​ប្រយ័ត្ន ។

ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ទៅ​លើ ទាហាន​ម្នាក់ ឈ្មោះ ដា​រ៉ា សកល នៅ​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ ដែល​ជា​សិក្ខាកាម​នៅ​សាកលវិទ្យាល័យ ការពារ​ជាតិ ទោះបីជា​បាន​ចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២​លើក​រួចរាល់​ហើយ​ក៏​ដោយ​។

លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា តាម​រយៈ​សារ​សម្លេង​នៃ​ការ​ចេញ​បញ្ជា​ខាងលើ​នេះ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា វា​ជា​រឿង​ចាំបាច់​បំផុត «​ដោយសារ​តែ​មក​ដល់​ពេល​នេះ ការ​ឆ្លង​រាតត្បាត​កូ​វី​ដ​១៩ គឺ​ឆ្លង​ក្នុង​ទ្រង់ទ្រាយ​ធំ ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ កាន់តែ​ឃើញ​មុខសញ្ញា​ថ្មី ទីកន្លែង​ថ្មី រួម​ទាំង​កងទ័ព​យើង​ក៏​មាន ហើយ​លើក​នេះ ចូល​ទៅ​ដល់​ក្នុង​បន្ទាយ​តែ​ម្តង គឺ​ចូល​ទៅ​ដល់​សាលា​សាកលវិទ្យាល័យ​ការពារ​ជាតិ​» ។

តាម​រយៈ​សារ​សម្លេង​នៅ​រាត្រី​ថ្ងៃ​ទី​១៧ ខែមីនា លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ច្បាស់​ៗ​ថា «​ឯកឧត្តម មេបញ្ជាការ​ទាំងអស់ គ្រប់​ស្ថាប័ន អង្គភាព​ទាំងអស់ សូម​បង្កើន​នូវ​វិធាន​សុខាភិបាល និង​ដាស់តឿន​យោធិន​ទាំងអស់ ឲ្យ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល​»​។ លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ដាក់​បទបញ្ជា ឲ្យ​រៀបចំ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ដាច់​ដោយឡែក និង​ពេទ្យ នៅ​ក្នុង​បន្ទាយ​កងទ័ព ក្នុង​អង្គភាព​តែ​ម្តង សម្រាប់​យោធិន និង​គ្រួសារ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​ករណី​ចាំបាច់ ឬ​ក៏​មាន​យោធិន​ណា​ម្នាក់​ឆ្លង នៅ​ក្នុង​បន្ទាយ​មាន​របស់​យើង ហើយ​ដែល​ត្រូវ​ធ្វើការ Lockdown ឬ​មួយ​ក៏​ត្រូវធ្វើ​តេស្ត​យោធិន​ទាំងអស់ នៅ​ក្នុង​អង្គភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ