ខេត្តសៀមរាប ៖ លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគងបានឱ្យដឹងថា ជនសង្ស័យម្នាក់ជំនាញខាងលួចខ្សែភ្លើងរបស់ពលរដ្ឋជាច្រើនដង នៅស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកប្រាសាទបាគង សហការគ្នាល្បាតអស់ជាច្រើនថ្ងៃ ទើបឃាត់ខ្លួនបាន។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង២រំលងអាធ្រាត ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិស្នាតេជោ៣១៧ ឃុំបល្ល័ង្កស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកបន្តថា ដោយមានកិច្ចសហការគ្នាល្អរវាងប្រជាការពារភូមិ យោធាភូមិស្នាតេជោ៣១៧ នគរបាលប៉ុស្តិ៍បល្ល័ង្ក និងកម្លាំងនគរបាលអធិការស្រុកប្រាសាទបាគង ទើបសមត្ថកិច្ចយើងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ កែក កាយ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្នោត ឃុំអំពិល ស្រុកប្រាសាទ បាគងខេត្តសៀមរាប ពាក់ព័ន្ធករណីអំពើលួច (ខ្សែភ្លើង) នៅចំណុចភូមិខុំខាងលើ។

លោកបន្តថា អង្គហេតុនៅវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍បល្ល័ង្ក និងកម្លាំងប្រជាការពារភូមិ បានល្បាតតាមគោលដៅក្នុងភូមិសាស្ត្រឃុំបល្ល័ង្ក ពេលជិះល្បាតដល់ចំណុចស្រះទឹកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ ស្ថិតនៅភូមិស្នារតេជោ៣១៧ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឃើញមនុស្សប្រុសម្នាក់ពុំស្គាល់ ពេលនោះកម្លាំងល្បាតឈប់ម៉ូតូ ស្រាប់តែមនុស្សប្រុសនោះបានរត់គេចខ្លួនចូលព្រៃ ហើយកម្លាំងល្បាតបានដេញតាមតែពុំទាន់ ពេលនោះសមត្ថកិច្ចបានពិនិត្យមើលកន្លែងដែលរត់គេចខ្លួន និងរកឃើញសម្ភារៈដូចជា៖

កង់១គ្រឿង , ខោចំនួន១ , ពិលចំនួន១គ្រឿង, ទូរស័ព្ទដៃអិនចុចពិលចំនួន១គ្រឿង, ស្បែកជើង១គូ , ការ៉ុងចំនួន១ ក្នុងការ៉ុងមានខ្សែភ្លើងចំនួន៣ដុំកំបិតតូច១ និងទុលឡាវីសកែច្នៃចំនួន១ និងបានពិនិត្យមើលនៅតាមបង្គោលភ្លើង ទើបដឹងថាជនសង្ស័យដែលរត់គេចបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងខ្សែដី(ខ្សែណើត) អស់ចំនួន ៣បង្គោលយកខ្សែភ្លើងអស់៣សសៃ។ ដោយឡែក១បង្គោលទៀតកាត់ខ្សែហើយតែយកមិនទាន់បាន។

លោកបន្ថែមថា ក្រោយមកកម្លាំងប៉ុស្តិ៍ និងប្រជាការពារឃុំបល្ល័ង្កដាក់ការហ៊ុំព័ទ្ធជុំវិញកន្លែងកើតហេតុរហូតដល់ភ្លឺ និងសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរ បាលស្រុកធ្វើការស្រាវជ្រាវតាមរយៈទូរស័ព្ទដែលបន្សល់ទុកនៅកន្លែងកើតហេតុទើបអាចកំណត់មុខសញ្ញាបានរហូតឈានដល់ការឃាត់ខ្លួនបានតែម្តង។

លោកបន្ថែមទៀតថា តាមចម្លើយសារភាពរបស់ឈ្មោះ កែក កាយ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្នោត ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចខ្សែភ្លើងនៅចំណុចភូមិស្នារតេជោ៣១៧ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគងពិតមែន ហើយកន្លងមកធ្លាប់ធ្វើសកម្មភាពលួចចំនួន១១លើក នៅក្នុងទឹកដីស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី។ក្នុងនោះដែរយោងតាមបណ្តឹងរបស់ឈ្មោះ ឡាំ គាវុធ (ជាអនុប្រធានសាខាអគ្គិសនីស្រុកបន្ទាយស្រី)បានឱ្យដឹងថា កន្លងមកតាមប្រអប់ភ្លើងក្នុងស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគងបានបាត់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្រុកប្រាសាទបាគង កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តទៅតាមនិតិវិធីផ្លូវច្បាប់៕ ដោយ ៖ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ