ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជន ផ្តល់អំណោយ និងថវិកា ជូនលោកយាយពិការភ្នែក និងចៅកំព្រា

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ក្រោយពីកោះសន្តិភាព បានផ្សព្វ​ផ្សាយអំពីជីវិតលំបាកវេទនារបស់លោកយាយពិការភ្នែក និងចៅ ដែលដើរស៊ីឈ្នួលគេសព្វបែបយ៉ាង ដើម្បីក្រពះរួចមក ដោយមានចិត្តសប្បុរស ខ្មែរជួយខ្មែរ បណ្តាលអោយសប្បុរសជន មានក្តីមេត្តា…

ខេត្តកំពង់ស្ពឺ៖ ក្រោយពីកោះសន្តិភាព បានផ្សព្វ​ផ្សាយអំពីជីវិតលំបាកវេទនារបស់លោកយាយពិការភ្នែក និងចៅ ដែលដើរស៊ីឈ្នួលគេសព្វបែបយ៉ាង ដើម្បីក្រពះរួចមក ដោយមានចិត្តសប្បុរស ខ្មែរជួយខ្មែរ បណ្តាលអោយសប្បុរសជន មានក្តីមេត្តា បានលះបង់នូវថវិកា ក៏ដូចជាគ្រឿងឧបភោគបរិភោគ ជូន​លោកយាយ ដើម្បីដោះការលំបាក ក៏ដូចជាដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។

ការនាំយកនូវគ្រឿងឧបភោគបរិភោគនេះ ជូនដល់លោកយាយ បានធ្វើឡើង កាលពីព្រឹក​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ស្ថិតក្រាំងធ្នង់ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមរយ:កោះសន្តិភាពអំណោយទាំងអស់ រួមមាន អង្ករ ៥បាវ ស្មើនឹង ១០០គីឡូ មី ២កេស ទឹកត្រីទឹកស៊ីអ៊ីវ ២យួរ ត្រីខ ២យួរ។ អំណោយទាំងនេះ ជាទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកស្រី នួន សុន្ទរី អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ ក្នុងនោះ រួមមាន ថវិការបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ៥ម៉ឺ​នរៀល លោកហ៊ឹមគឹមជាតិ រស់នៅរាជធានីភ្នំពេញថវិកា ១០០ដុល្លារ លោកស្រី លាស់ រ័ត្នចិន្តា និងស្វាមីថវិកា ៥០ដុល្លារ។

សម្ភារៈគ្រឿងឧបភោគ បរិភោគនេះ ហាក់តិចតួចក្តី តែគ្រាន់បានដោះស្រាយ នៅពេលលោកយាយដាច់មួយពេលៗដែរ។ ទោះបីជាមិនច្រើន ប៉ុន្តែជាទឹកចិត្ត ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ហើយអាចជួយលោកយាយ និងចៅៗ ដោះស្រាយជីវភាពប្រចាំថ្ងៃ។

ក្នុងពេលទទួលអំណោយ រួមទាំងថវិកា​ លោកយាយបានថ្លែងអំណរគុណ ចំពោះសប្បុរសជន ដែលបានផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគ និងប្រាក់យ៉ាងច្រើនបែននេះ។

លោកយាយបន្តថា មួយជិវិតហើយ លោកយាយមិនដែលបានកាន់លុយ ក្រដាស ៥ម៉ឺន ឬលុយដុល្លារក្រដាស ៥០សិប និង១០០ ដុល្លារ​​បែបនេះឡើយ។​ ពេលនេះ លោកយាយស្គាល់ហើយ ហើយក៏សូមជូនពរ និងដឹងគុណដ៏ជ្រាលជ្រៅ ចំពោះម្ចាស់ទានទាំងអស់ដែលបានលះបង់ធនធានផ្ទាល់ខ្លួន ចំពោះលោកយាយ នាពេលនេះ។

លើសពីនេះទៅទៀតលោកយាយ សូមថ្លៃងអំណរគុណកាសែតកោះសន្តិភាព ដែលបានផ្សព្វផ្សាយ​ពីជីវិតលំបាកវេទនារបស់លោក អោយសប្បុរសជនបានឃើញ។

ចុងក្រោយលោកយាយបានជូនពរសប្បុរសជនទាំងអស់ ក៏ដូចជាស្ថាបនិកកាសែតកោះសន្តិភាព ព្រមទាំងក្រុមការងារ ជួបប្រទះតែសេចក្តីសុខចម្រើនតរៀងទៅ និងសូមជួបប្រទះនូវពុទ្ធពរ ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមរំលឹកថា លោកយាយពិការភ្នែកទាំងពីរ រស់នៅក្នុងខ្ទមកម្សត់ទាំងវេទនាជាមួយចៅកំព្រា ២នាក់ ហើយចៅ ក៏ត្រូវឈប់រៀនដោយសារតែជីវភាព ដើរស៊ីឈ្នួលគេរាល់ថ្ងៃ បានលុយតិចតួច គ្រាន់បានចិញ្ចឹមជីវិតបានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក ជួនកាលដាច់ពេលម្តងៗ ក៏មាន ទើបដាច់ចិត្តលើកដៃសំពះអំពាវនាវដល់សប្បុរសជនជួយ​។

លោកយាយពិការភ្នែកទាំង២ ឈ្មោះ ជួន រ៉េត អាយុ ៦៤ឆ្នាំ រស់នៅក្នុងភូមិក្រាំងធ្នង់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ​លោកយាយ មកធ្វើខ្ទម រស់នៅជាមួយចៅស្រីប្រុស ២នាក់ គាប់ជួនភ្នែករបស់គាត់ងងឹតផងនោះ ធ្វើឲ្យជីវភាពធ្លាក់​ដុនដាបមែនទែន មិនតែប៉ុណ្ណោះ ចៅៗ ត្រូវ​បោះបង់ចោលសាលារៀន នៅមើលថែលោកយាយ និងដើរស៊ីឈ្នួល បោកខោអាវ លាងចាន ធ្វើនេះធ្វើនោះ គ្រាន់បានលុយចិញ្ចឹមជីវិតប្រចាំថ្ងៃ។ បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក។

អ្នកជិតខាងនាំគ្នានិយាយថា ការរស់របស់លោកយាយ ជួន រ៉េត គឺវេទនាខ្លាំងណាស់។ ប៉ុន្តែធ្វើម្ដេច បើជីវិតរបស់គាត់ មានកម្មពៀរបែបនេះ ទៅហើយនោះ។

លោកយាយ ជួន រ៉េត បានរៀបរាប់ទាំងក្តុកក្តួលទៀតថា រាល់ថ្ងៃគាត់អាណិតចៅទាំង២របស់គាត់ខ្លាំងណាស់ ឈប់រៀនទាំងវ័យក្មេង ដោយសារដើរស៊ីឈ្នួលគេ រកលុយចិញ្ចឹមគាត់​។ ប្រសិនបើមានវាសនា បានសប្បុរសជន ដែលមានចិត្តធម៌ជួយចៅៗរបស់គាត់ បានចូលរៀនសូត្រវិញ រូបគាត់សប្បាយចិត្តរកអ្វីប្រៀបពុំបានឡើយ។ ដូច្នេះហើយរូបគាត់ និងចៅ មានតែម្រាមដៃដប់ សំពះអង្វរ តាមរយៈបណ្តាញសារព័ត៌មាន ក្រែងមានសប្បុរសជនជួយពួកគាត់។

​លោកយាយ និងចៅទាំង ២នាក់ ជួនដាច់ពេល។ ៣នាក់យាយ និងចៅ ក៏បាន​ដើរសុំបាយប្រជាពលរដ្ឋអ្នកជិតខាង ហូបមួយពេលៗ​​ ជាញឹកញាប់​៕ ដោយ៖ វង្ស សន