ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចំនួន ០៣នាក់ ក្នុងនោះ ០២នាក់ ជាមេខ្យល់នាំពលករឆ្លងដែន ដោយខុសច្បាប់ និងម្នាក់ទៀត ជាអ្នកផ្តល់ទីតាំងលាក់ពលករ សម្រាប់ឆ្លងដែន ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។
លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា៖ ជនសង្ស័យទាំង ០៣នាក់នេះ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសន្តិសុខផ្ទៃក្នុង កំលាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដែលដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះស្រាវជ្រាវបង្ក្រាបករណីនាំមនុស្សឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ហើយត្រូវបានធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ០៧យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់ ម៉ី ម៉ី ស្ថិតនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងនោះ ជនសង្ស័យពាក់ព័ន្ធ នាំពលករឆ្លងដែនខុសច្បាប់ចំនួន ០២នាក់ ដែលលួចនាំពលករចំនួន ១៤នាក់ ( ស្រី ០៩នាក់ ) ឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកស្រីឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា ជនសង្ស័យជាមេខ្យល់ ចំនួន ០២នាក់នេះ មាន៖១/-ឈ្មោះ ចក់ វី ហៅ ០៩ ភេទប្រុស អាយុ ៤១ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជនសង្ស័យជាមេក្លោង។ ២-ឈ្មោះ ឆន វាសនា ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ជនសង្ស័យជាមេខ្យល់។ ជនទាំង ០២នាក់នេះ ពាក់ព័ន្ធករណីនាំពលករប្រុសស្រីចំនួន ១៤នាក់ យកមកលាក់ខ្លួន នៅក្នុងផ្ទះសំណាក់ ម៉ី ម៉ី ស្ថិតនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីត្រៀមលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ នាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ។ ៣/-ឈ្មោះ អោម ចាន់រ៉ា ភេទប្រុស អាយុ ៦៣ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់ ម៉ី ម៉ី ដែលមិនសហការជាមួយសមត្ថកិច្ច សង្ស័យផ្តល់ទីតាំងឲ្យមេខ្យល់ លាក់ពលករបម្រុងឆ្លងដែន ទៅប្រទេសថៃ។
លោកស្រីឧត្តមសេនីយ៍ស្នងការរង ក៏បានបញ្ជាក់ទៀតថា ជនសង្ស័យជាមេខ្យល់ទាំង ០២នាក់ និងម្ចាស់ផ្ទះសំណាក់សង្ស័យផ្តល់ទីតាំងនោះ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួនទៅសលាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ដោយឡែក ពលករទាំង ១៤នាក់ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានធ្វើកិច្ចសន្យាអប់រំពួកគាត់ រួចហើយបានឲ្យពួកគាត់ វិលត្រឡប់ទៅលំនៅដ្ឋានវិញ៕ ដោយ៖ ណុប រក្សា


ចែករំលែកព័តមាននេះ