ខេត្តព្រះសីហនុ៖ ទោះបីជាខេត្តព្រះសីហនុ កំពុងប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ ហើយខេត្តព្រះសីហនុ ត្រូវបានបិទចរាចរណ៍ចេញចូល ចាប់តាំងពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ប៉ុន្តែបច្ចុប្បន្ន ការសិក្សាក្នុងសាលារៀន នៅដំណើរការធម្មតា មិនបិទផ្អាកទេ នៅក្នុងស្រុកព្រៃនប់។ ប៉ុន្តែគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បានពង្រឹងវិធានការការពារជំងឺកូវីដ១៩ ជាប្រចាំ។
លោកនាយកវិទ្យាល័យ ហ៊ុន សែន វាលរេញ បញ្ជាក់ថា ដោយស្ថានភាពកូវីដ១៩ គណៈនាយក លោកគ្រូ អ្នកគ្រូ ខិតខំឲ្យសិស្ស បានទទួលការសិក្សា ប្រកបដោយគុណភាពផង និងពង្រឹងនូវគម្លាតសុវត្ថិភាពផង ដោយអនុវត្តន៍គោលការណ៍ ៣កុំ ៣ការពារ និងបានអំពាវនាវដល់មាតា បិតា អាណាព្យាបាលសិស្ស ឲ្យចូលរួមអប់រំកូនចៅបន្ថែម ដូចជា៖ ១ ផ្តល់ម៉ាស់ ឬ របាំងការពារ ឲ្យកូន ចៅ បានគ្រប់គ្នា, ២ ដាក់ជែល ឬ អាល់កុលឲ្យកូនចៅគ្រប់គ្នា, ៣ ពន្យល់ណែនាំកូន ចៅ ឲ្យសម្រាកបានគ្រប់គ្រាប់និងសម្អាតដៃគ្រប់ពេលទាំងនៅសាលានិងនៅផ្ទះ, ៤ កុំព្យាយាមនាំកូន ចៅទៅកន្លែងផ្សេង ឆ្លងតំបន់, ៥ បើកូនចៅរបស់បងប្អូនជាមាតបិតា ឬអាណាព្យាបាលសិស្ស មានស្ថានភាពឈឺ ឬក្តៅខ្លួនសូមកុំឲ្យមកសាលារៀន ដោយគ្រាន់តែសុំច្បាប់តាមទូរស័ព្ទបានហើយ និងព្យាយាមទៅរកគ្រូពេទ្យពិនិត្យ។
សូមបញ្ជាក់ថា ក្នុងដំណាក់កាលឆ្លងរាលដាលជំងឺកូវីដ១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១នេះ នៅខេត្តព្រះសីហនុ អាជ្ញាធរប្រកាសផ្អាកការសិក្សាសាលារៀនរដ្ឋ និងឯកជន តែនៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវតែប៉ុណ្ណោះ។ ចំណែកក្រុងកោះរ៉ុង ស្រុកព្រៃនប់និងស្រុកកំពង់សីលា ក្នុងខេត្តព្រះសីហនុ នៅដំណើរការសិក្សាធម្មតា៕ ដោយ៖ ហ៊ុយ ចាន់ធួន



ចែករំលែកព័តមាននេះ