ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា UNDP បានប្រកាសនៅល្ងាចថ្ងៃទី១៧ ខែមីនានេះថា ក្រោមកិច្ចសហការជាមួយនឹងធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក យូអិនឌីភី ប្រចាំកម្ពុជា បានជួយគាំទ្រដល់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការបញ្ជាទិញរថយន្តសង្គ្រោះបន្ទាន់ចំនួន ៦០ គ្រឿង ម៉ាស៊ីនជំនួយផ្លូវដង្ហើមចំនួន ៥០ គ្រឿង និងបរិក្ខារពេទ្យបន្ទាន់ផ្សេងៗ ដើម្បីជួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងកិច្ចឆ្លើយតបនឹងជំងឺកូវីដ-១៩ និងដើម្បីស្តារឡើងវិញពីជំងឺរាតត្បាតនេះ។
ដំណឹងនៃការបង្កើនចំនួនឡានពេទ្យសង្គ្រោះបន្ទាន់ ម៉ាស៊ីនជំនួយផ្លូវដង្ហើម និងបរិក្ខារពេទ្យបន្ទាន់ជាច្រើននេះ ត្រូវបានធ្វើឡើង ខណៈដែលកម្ពុជា កំពុងប្រឈមនឹងការឆ្លងរាលដាលដ៏ឆាប់រហ័សនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ថ្ងៃ២០កុម្ភៈ។
មកដល់ថ្ងៃទី១៧ ខែមីនា នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៥០៥ នាក់។ ក្នុងនោះ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានអ្នកឆ្លងកូវីដ ចំនួន ៩៩០នាក់។
រីឯចំនួនអ្នកព្យាបាលជាសះស្បើយ សរុបមានចំនួន ៨៤០នាក់ ដែលក្នុងនោះ អ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានជាសះស្បើយ ៣៤០នាក់ និងស្លាប់ម្នាក់។
មកដល់ថ្ងៃទី១៧មីនានេះ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅមន្ទីរពេទ្យ មានចំនួន ៦៦២នាក់។ ក្នុងនោះ មានអ្នកជំងឺកូវីដ១៩ ចំនួន ៣២នាក់ រង់ចាំបញ្ជូនទៅកន្លែងសម្រាក៕


ចែករំលែកព័តមាននេះ