ខេត្តសៀមរាប៖ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរអគ្គិសនីខេត្តសៀមរាប និងតំណាងស្នងការនគរបាលខេត្ត បានចុះសួរសុខទុក្ខ និងផ្ដល់ថវិកាលើកទឹកចិត្តដល់កងកម្លាំងសមត្ថកិច្ច ដែលបានស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបបានជនសង្ស័យម្នាក់ ករណីលួចកាត់ខ្សែភ្លើងរបស់ពលរដ្ឋ និងរបស់អគ្គិសនី ខេត្តសៀមរាប អស់ជាច្រើនដង។
លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានថ្លែងអំណរគុណចំពោះអាជ្ញាធរអគ្គិសនីខេត្តសៀមរាប ដែលបានផ្ដល់ថវិកាដល់កងកម្លាំងសមត្ថកិច្ចស្រុកប្រាសាទបាគងទាំងអស់ ដែលបានប្រឹងប្រែងបង្ក្រាបករណីចោរលួចខ្សែភ្លើងនេះបានសម្រេច។
លោកបន្តថា ថវិកាដែលសប្បុរសជនឧបត្ថម្ភនេះ ខាងលោក បានប្រគល់ជូនអង្គភាពនិមួយៗរួចរាល់ហើយ។ ក្នុងនោះ លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃស្នងការដ្ឋានខេត្តសៀមរាប ដែលបានចុះលើកទឹកចិត្តដល់កងកម្លាំងដោយផ្ទាល់ផងដែរ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ថ្ងៃនេះ លោកមកក្នុងនាមតំណាងរបស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានចុះមកស្រុកប្រាសាទបាគង ដើម្បីណែនាំពង្រឹង និងលើកទឹកចិត្តដល់កងកម្លាំង។
លោកបន្តថា នៅក្នុងករណីនេះ សូមកោតសសើរដល់កម្លាំងសមត្ថកិច្ចស្រុកប្រាសាទបាគង ដែលបានសហការគ្នាបង្ក្រាបករណីចោរលួចខ្សែភ្លើងនេះ បានដោយជោគជ័យ។
ក្នុងនោះ លោកបានថ្លែងអំណរគុណដល់អាជ្ញាធរអគ្គិសនីខេត្តសៀមរាប ដែលបានគាំទ្រនិងផ្ដល់ថវិកាលើកទឹកចិត្តដល់កងកម្លាំងនៃស្រុកប្រាសាទបាគងផងដែរ៕ ដោយ៖ ច័ន្ទ រស្មី




ចែករំលែកព័តមាននេះ