ខេត្តកណ្តាល ៖ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រដ្ឋបាលស្រុកកោះធំ បានប្រកាសឲ្យម្ចាស់អាជីកម្មក្នុងភូមិចំនួន៣ ក្នុងស្រុកកោះធំ ផ្អាកអាជីវកម្មបណ្តោះអាសន្ន ។

យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី១៦ មីនា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលស្រុកកោះធំ មានកិត្តិយសសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ទីប្រជុំជនជ្រៃធំ (ភូមិជ្រៃធំ ភូមិព្រែកស្បូវ , ភូមិព្រែកសឺង) មេត្តាជ្រាបថា ដោយសារបច្ចុប្បន្នស្ថានភាពនៃការចម្លង និងរីករាលដាលជំងឺកូដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ រដ្ឋបាលស្រុកស្នើឱ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតមានការជូនដំណឹងជាថ្មី ។

ជាមួយគ្នានោះដែរ រដ្ឋបាលស្រុកក៏សូមបងប្អូនប្រជាពលរដ្ឋមេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ៣កុំ ៣ការពារក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ឱ្យបានខ្ជាប់ខ្ជួន ។

សូមជម្រាបថា នៅស្រុកកោះធំត្រូវគេរកឃើញអ្នកឆ្លងកូវីដ១៩កាន់តែច្រើន រហូតដល់ជាង១០០នាក់ហើយ ៕
ចែករំលែកព័តមាននេះ