រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងករណីអារ.ក និងចាក់សម្លាប់បុរសម្នាក់ប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិមួយចំនួន កាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១កន្លងទៅ នាសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅនោះ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដោយម្នាក់ត្រូវឃាត់បាននៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ និងម្នាក់ទៀតឃាត់នៅភ្នំពេញ ។

ប្រតិបត្តិការចុះបង្ក្រាបខាងលើ ធ្វើឡើងដោយកម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន និងមានការចូលរួមពីសំណាក់ នគរបាលខណ្ឌច្បារអំពៅ សហការជាមួយនគរបាលខេត្តតាកែវផងដែរ ។

ជនសង្ស័យទាំង២នាក់មានឈ្មោះ ម៉ៅ រដ្ឋា ហៅជិប ភេទប្រុស ត្រូវបានឃាត់ខ្លួនបាននៅតាមបណ្តោយផ្លូវជាតិលេខ១ មុខមណ្ឌលសុខភាព ព្រែកឯក សង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ ។ និងទី២ ឈ្មោះ ម៉េង ណាឃីម ភេទប្រុស អាយុ២១ឆ្នាំ ឃាត់ខ្លួនបាននៅស្រុងគិរីវង់ ខេត្តតាកែវ ។

តាមចម្លើយសារភាពចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យអោយដឹងថា នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ ( ថ្ងៃកើតហេតុ ) ពួកខ្លួនបានរៀបចំគម្រោង និងបបួលជនរងគ្រោះទៅហូបអីជុំគ្នានៅកោះពេជ្រ ប៉ុន្តែដោយស្ថានភាពមិនប្រក្រតី ក៏បាននាំគ្នាទៅផ្ទះវិញរៀងខ្លួន ។ លុះមិនបានប៉ុន្មាន ក្រុមជនសង្ស័យបានហៅជនរងគ្រោះមកក្រៅម្ដងទៀតមកម្ដុំផ្លូវថៃហ្គ័រ លុះមកដល់ចំណុចងងឹតក៏បានធ្វើសកម្មភាពអារ.ក និងចាក់សម្លាប់តែម្តងទៅ ។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង២នាក់ បានចែកសម្ភារៈគ្នា ដោយក្នុងនោះ ឈ្មោះ ម៉ៅ រដ្ឋា ហៅ ជិប យកជិញ្ជៀនមាស និងខ្សែករ ចំណែកឯឈ្មោះ ម៉េង ណាឃីម យកម៉ូតូ, ទូរស័ព្ទដៃ និងខ្សែដៃ រួចនាំគ្នាគេចខ្លួនទៅស្រុកគិរីវង់ ខេត្តតាកែវ ។

គួររំលឹកថា សពជនរងគ្រោះមានឈ្មោះសៅ គ្រឿន ហៅ ពៅ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមេការឡានដឹកដី ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ សពត្រូវបានប្រទះឃើញ ក្បែរគុម្ពត្រែង ទាំងសភាពហើមស្អុយរលួយ ក្នុងដីឡូតិ៍ទុកចោលមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវថៃហ្គឺ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៧ ល្ងាចថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២១ ។

ក្រោយការប្រទះឃើញរួចមក នៅយប់ថ្ងៃខែដដែល សមត្ថកិច្ចបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់រួចមក បានបញ្ជាក់ថា សពបានស្លាប់ដោយសារ ត្រូវគេប្រើកូនកាំបិត អារផ្តាច់បំពង់.ក និងចាក់ចំនួន៧កន្លែងលើដើមទ្រូង ទើបបណ្តាលអោយស្លាប់ ។ ដូច្នេះហើយករណីនេះ គឺជាករណី «ឃាតកម្ម» ។

ក្រោយដឹងថា ជាអំពើឃាតកម្មហើយនោះនគរបាលពាក់ព័ន្ធទាំងអស់មានទាំងថ្នាក់ក្រសួង ថ្នាក់ក្រុង រួមជាមួយថ្នាក់ខណ្ឌដែលជាម្ចាស់មូលដ្ឋាន បានបើកការស្រាបជ្រាវអស់រយៈពេល២ថ្ងៃក៏កំណត់អត្តសញ្ញាណរបស់ក្រុមឃាតករទើបឈានទៅចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់តែម្តងទៅ ។

ជុំវិញ ករណីនេះ លោកវរសេនីយ៍ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ៖ ចំពោះទ្រព្យសម្បត្តិរបស់ជនរងគ្រោះ គឺសមត្ថកិច្ចយកបានមកវិញ មានម៉ូតូមួយគ្រឿង ទូរស័ព្ទ១គ្រឿង និងខ្សែដៃ១ខ្សែ លើសពីនោះ គឺមិនមានទៀតទេ ព្រោះក្រុមជនសង្ស័យឆ្លើយសារភាពតែប៉ុណ្ណោះ ។ យ៉ាងណាមិញ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ ។
ដោយឡែកទ្រព្យដែលសមត្ថកិច្ចដកហូតមកវិញត្រូវប្រគល់ជូនសាច់ញាតិ នៃសពវិញ ប៉ុន្តែទន្ទឹមនឹងនោះ ស្នើរអោយសាច់ញាតិយកឯកសារម៉ូតូទៅផ្ទៀងផ្ទាត់អោយបានត្រឹមត្រូវជាមុនសិន មុនអនុញ្ញាត្តិប្រគល់ជូន ។
គួរបញ្ជាក់ថា នៅវេលាព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចចម្រុះបាននាំខ្លួនជនសង្ស័យទាំង២នាក់ ទៅចង្អុយកន្លែងធ្វើសកម្មភាព និងទីតាំងដែលពួកគេបោះចោលកាំបិត ប៉ុន្តែជាក់ស្តែងសមត្ថកិច្ចពុំបានរកឃើញវត្ថុតាងដែលពួកគេធ្វើសកម្មភាពឡើយ ព្រោះទីកន្លែងដែលពួកគេបោះវត្ថុតាងចោល គឺជាប្រលាយទឹកដែលមានស្មៅដុំហ៊ំមព័ទ្ធជិត ទើបត្រូវលិចបាត់រកមិនឃើញ ៕
ចែករំលែកព័តមាននេះ