រាជធានីភ្នំពេញ ៖ ខណៈករណីអ្នកវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបន្តកើនឡើងជាគំហុកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដល់កងកម្លាំងគ្រប់ប្រភេទ មន្ត្រីរាជការ សង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងអស់ មានភាពម្ចាស់ការខ្លួនឯង ដោយទៅធ្វើការពិគ្រោះ ជាមួយមន្ត្រីសុខាភិបាល ប្រកបដោយភាពស្មោះត្រង់ អង់អាចក្លាហាន មិនមានការលាក់លៀម ឬអៀនខ្មាស់ បើមានអាការៈគួរសង្ស័យណាមួយកើតទ្បើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីឈានដល់ការបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។
លោក ហ៊ុន ម៉ាណែត ដែលមានតួនាទីជា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ពីព្រោះពេលនេះជាដំណាក់កាលលំបាកដែលត្រូវការចូលរួមពីកងកម្លាំងប្រជាការពារ កងនគរបាលជាតិ កងរាជអាវុធហត្ថ បានចូលរួមយ៉ាងសកម្ម នៅក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន នៅក្នុងប្រតិបត្តិការគ្រប់គ្រងតំបន់ចត្តាទ្បីស័ក ក្នុងស្ថានការណ៍ចាំបាច់កើតទ្បើង ដែលទាមទារឲ្យមានកម្លាំងជំនួយបន្ថែម ក្នុងការការពារការបន្តឆ្លងរាលដាលទៅក្នុងសហគមន៍ និងសង្គមគ្រួសារ។
លោកបានបន្ថែមថា «ជាក់ស្តែង ដើម្បីធានាបាននូវការជាសះស្បើយ សម្រាប់អ្នកជំងឺគ្រប់រូប ទោះបីជាជំងឺកូវីដ-១៩បានបំប្លែងខ្លួន យ៉ាងក៏ដោយ ក៏យើងបន្តរក្សានូវការប្រឹងប្រែង និងប្រុងប្រយ័ត្នខ្ពស់ ព្រោះសន្ទុះនៃការឆ្លង បានកើនទ្បើងគួរឱ្យចាប់អារម្មណ៍ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយមានទាំងករណីនាំចូល និងទាំងករណីរីករាលដាលក្នុងសហគមន៍ តែយើងមិនបានបាត់នូវភាពម្ចាស់ការ ក្នុងការគ្រប់គ្រង និងព្យាបាលទ្បើយ ហើយថែមទាំងបន្តយកចិត្តទុកដាក់កើនទ្បើង ក្នុងការទប់ស្កាត់ កុំឱ្យមានការរីករាលដាលខ្លាំងជាងនេះទៀត ជាពិសេសក្នុងអំទ្បុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ នាពេលខាងមុខ» ៕ សុខ សារ៉ាយ






ចែករំលែកព័តមាននេះ