រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ឃើញបន្ទប់ជួលមួយកន្លែងចំហរទ្វារ ក៏បានចូលទៅធ្វើសកម្មភាពរើកកាយដើម្បីលួចយកទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ ប៉ុន្តែពុំទាន់បានអីផង នៅក្នុងខណៈពេលកំពុងធ្វើសកម្មភាព ស្រាប់តែម្ចាស់ទៅទាន់ក៏បានស្រែកឆោឡោនិងឃាត់ខ្លួនបានរួចប្រគល់ជូននគរបាលចាត់ការតាមច្បាប់តែម្ដង។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចបន្ទប់ផ្ទះជួលអតីតឡឥដ្ឋ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើនោះឈ្មោះ ពេជ្យ ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដឡើយ គឺយប់ត្រង់ណាដេកត្រង់នោះ ហើយក្រោយពេលនគរបាលឃាត់ខ្លួន ជននេះក៏បានសារភាពផងដែរថា ខ្លួនពិតជាបានចូលទៅក្នុងបន្ទប់ផ្ទះជួលខាងលើដើម្បីលួចយកទ្រព្យសម្បត្តិមានតម្លៃពិតប្រាកដមែន ប៉ុន្តែពុំទាន់លួចបានអ្វីផង ទើបតែរើកកាយអីវ៉ាន់ប៉ុណ្ណោះ ក៏ត្រូវម្ចាស់គេទាន់ក៏ចាប់ខ្លួនប្រគល់ឲ្យនគរបាលបែបនេះតែម្ដង។
ប្រជាពលរដ្ឋបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់បន្ទប់ជួលខាងលើបានបើកទ្វារបន្ទប់ហើយក៏ភ្លេចបិទវិញចំហរទ្វារធ្លុង ប៉ុន្តែគាត់ពុំបានទៅណាឆ្ងាយនោះទេ គឺស្ថិតនៅជិតៗបន្ទប់នោះដែរ ។ ចំណែកឯជនសង្ស័យខណៈពេលដើរឆ្លងកាត់មុខបន្ទប់ឃើញទ្វារចំហរបែបនេះក៏បានចូលទៅធ្វើសកម្មភាពរើកកាយអីវ៉ាន់ដើម្បីលួចទ្រព្យសម្បត្តិ ប៉ុន្តែខណៈពេលកំពុងរើកកាយនោះ ស្រាប់តែម្ចាស់បន្ទប់មកទាន់ក៏បានស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលហើយអ្នកជិតខាងជួយចាប់ខ្លួនជននោះបានភ្លាមៗរួចប្រគល់ជូននគរបាលដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់តែម្ដង៕





ចែករំលែកព័តមាននេះ