ខេត្តកំពង់ឆ្នាំង ៖ ក្រោយការផ្សាយរបស់កោះសន្តិភាពស្ដីអំពីជនពុំស្គាល់មុខវាយកម្ទេចអំពូលភ្លើងបំភ្លឺនិងពណ៌លម្អលើបុស្បុក ក្នុងសួន សម្ដេចចៅហ្វាវាំងគង់ សំអុល ក្នុងក្រុងកំពង់ឆ្នាំង សមត្ថកិច្ច នគរបាលបានចុះស្រាវជ្រាវជាបន្ទាន់ និងឈានដល់ការឃាត់ខ្លួនក្មេងទំនើង ៤នាក់ ដែលមានអាយុក្រោម១៨ ឆ្នាំ ។

លោក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា ក្រោយការស្រាវជ្រាវយើងបានឃាត់ខ្លួនក្មេង៤នាក់ ដែលបានធ្វើសកម្មភាពវាយបំបែក អំពូលភ្លើងបំភ្លឺ និងអំពូលភ្លើងពណ៌លំអ ក្នុងសួនច្បារសម្ដេចហ្វាវាំង គង់ សំអុល កាលពីរំលងអធ្រាត្រឈានចូលដល់ថ្ងៃទី១៦ខែមីនា ឆ្នាំ២០២១កន្លងទៅ ។

ក្មេងទំនើងទាំង៤ នាក់មាន ១-ឈ្មោះសុទ្ធ សំណាង អាយុ ១៤ឆ្នាំ រស់នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មីស្រុករលាប្អៀរ ២- ឈ្មោះ មុំ គឹមហួរ អាយុ១៧ឆ្នាំ ៣- ឈ្មោះខេង ចាន់ទ័រ អាយុ ១៤ឆ្នាំ ទាំងពីរនាក់នេះ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

លោកអធិការបានបញ្ជាក់ថា ទាំង៣នាក់ គឺជាជនដៃដល់ ។ ចំណែកម្នាក់ទៀត ជាបក្សពួកដើរជាមួយមានឈ្មោះ លី សុរ៉េតអាយុ ១៤ឆ្នាំ ។

តាមការឆ្លើយចម្លើយរបស់ក្មេងទាំង៤នាក់ ពួកគេឆ្លើយថា មូលហេតុដែលគេវ៉ៃអំពូលដោយសារខឹងនឹងអំពូលឆេះភ្លឹបភ្លែតៗ ធ្វើឲ្យចាំងភ្នែកពួកគេ ។

អធិការនគរបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថា ចំពោះក្មេងទាំង ៤ នាក់បានកសាងសំណុំរឿងបញ្ជូនទៅនគរបាលខេត្តរួចហើយ មិនដឹងថា វាសនាយ៉ាងណានោះទេ ។ ប៉ុន្តែបើតាមសាលាខេត្តបានឲ្យដឹងថា អាចឲ្យអាណាព្យាបាលក្មេងទាំង ៤នាក់ចេញថ្លៃសំណងនៃការខូចខាតទ្រព្យសម្បត្តិសាធារណៈ ដែលពួកគេបានប្រព្រឹត្តនឹងមិនយកទោសពៃរអ្វីឡើយ ព្រោះអាយុក្រោម១៨ឆ្នាំ ៕
ចែករំលែកព័តមាននេះ