ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចិញ្ចឹមត្រីទទួចឱ្យរដ្ឋជួយរកទីផ្សារបញ្ចេញត្រី ៣ មុឺនតោន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយទប់ស្កាត់ការនាំចូលត្រីពីប្រទេសជិតខាងផង ក្រោយពីត្រីចិញ្ចឹមគ្មានទីផ្សារ ឬបានធ្លាក់ថ្លៃ ក្រុមអ្នកចិញ្ចឹមត្រីបានលើកសំណើទៅរដ្ឋាភិបាលពិសេសក្រសួងពាក់ព័ន្ធចំនួនពីរចំណុច ទី ១ សូមចាត់វិធានការជាបន្ទាន់មួយដើម្បីដោះស្រាយទៅលើបញ្ហាត្រីដែលកកស្ទះនៅក្នុងស្រះដែលមិនទាន់ចាប់ដោយគ្មានអ្នកទិញ ប្រមាណជាង…

រាជធានីភ្នំពេញ ៖ ដោយទប់ស្កាត់ការនាំចូលត្រីពីប្រទេសជិតខាងផង ក្រោយពីត្រីចិញ្ចឹមគ្មានទីផ្សារ ឬបានធ្លាក់ថ្លៃ ក្រុមអ្នកចិញ្ចឹមត្រីបានលើកសំណើទៅរដ្ឋាភិបាលពិសេសក្រសួងពាក់ព័ន្ធចំនួនពីរចំណុច ទី ១ សូមចាត់វិធានការជាបន្ទាន់មួយដើម្បីដោះស្រាយទៅលើបញ្ហាត្រីដែលកកស្ទះនៅក្នុងស្រះដែលមិនទាន់ចាប់ដោយគ្មានអ្នកទិញ ប្រមាណជាង ៣ម៉ឺនតោន ។ ទី ២ សូមឲ្យទប់ស្កាត់កុំឲ្យមានការនាំត្រីចូលច្រើនជ្រុល ធ្វើអ្នកចិញ្ចឹមត្រីក្នុងស្រុកប្រឈមខ្លំាង ។

សំណើរនេះបានធ្វើឡើងកិច្ចប្រជុំមួយរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសមាគមវារីវប្បករកម្ពុជា មិនមានការបង្ហាញថា មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងអ្នកនេសាទ ដែលពាក់ព័ន្ធផ្ទាល់ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញកាលពីម្សិលមិញនោះទេ ។  កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងស្វែងរកមូលហេតុពិតប្រាកដដែលនាំអោយតម្លៃត្រីធ្លាក់ថ្លៃ និងស្វែងរកដំណោះស្រាយជាក់លាក់លើបញ្ហាធ្លាក់ថ្លៃនៃផលវារីវប្បកម្មនៅកម្ពុជា។  

ជាច្រើនខែមកហើយដែលសមាគមវារីវប្បករកម្ពុជាលើកឡើងពីសមាជិករបស់ខ្លួនកំពុងជួបការលំបាកពីការធ្លាក់ថ្លៃត្រី ពិសេសត្រីពោ ត្រីប្រា ត្រីអណ្អែង និងត្រីឆ្តោ ដែលកសិករក្នុងស្រុកចិញ្ចឹមច្រើនហើយការនាំចូលក៍មានច្រើន ។ បើតាមកិច្ចប្រជុំខាងលើត្រីរបស់កសិករប្រមាណជាង ៣ម៉ឺនតោនកំពុងរងចំាអ្នកទិញបានពេញទំហំត្រូវចាប់ក្នុងខែមករា កុម្ភៈ និងមីនានេះ ។ 

«ប្រសិនបើយើងមិនចាប់ទាន់ពេលវេលាទេវាធ្វើឱ្យខូចនៅគុណភាពត្រី ទីមួយគឹត្រីនឹងអាចស្គម ហើយប្រសិនបើជាឱ្យចំណីត្រីវាអាចធំលើសទម្ងន់ វានឹងបង្កើនការចំណាយច្រើនដល់វារីវប្បករយើងទៀតផង ។ មួយវិញទៀត រដូវកាលនេះជារដូវកាលរាំងស្ងួតដែលធ្វើឱ្យតំបន់មួយចំនួនអាចខ្វះទឹក ហើយនៅពេលដែលខ្វះទឹក ត្រីអាចងាប់ ដែលនាំអោយមានការខាតបង់កាន់តែច្រើន ។ ក្នុងន័យនេះប្រសិនបើគ្មានអន្តរាគមន៍ទាន់ពេលវេលាទេ វាអាចធ្វើអោយប៉ះពាល់ និងអាចធ្វើឱ្យវារវប្បករបាក់ទឹកចិត្ត ហើយអាចឈានទៅដល់ការលែងចិញ្ចឹមត្រីក្នុងស្រុកផងដែរ» ។ នេះជាការលើកឡើងរបស់តំណាងវារីវប្បករនៅក្នុងកិច្ចប្រជុំនោះ ។  

អ្នកចិញ្ចឹមត្រីបានស្នើបន្ថែមថា «សូមក្រសួង-ស្ថាប័នដែលពាក់ព័ន្ធមេត្ដាត្រួតពិនិត្យឱ្យបានច្បាស់លាស់ទៅលើឈ្មួញនាំចូលឱ្យស្របទៅតាមច្បាប់អនុញ្ញាតត្រឹមត្រូវចៀសវាងការនាំត្រីលើសបរិមាណដែលមាននៅក្នុងលិខិតអនុញ្ញាត ដែលជាមូលហេតុធ្វើឱ្យលើសតម្រូវការនៃការផ្គត់ផ្គង់ក្នុងស្រុក ដែលធ្វើអោយបាត់តុល្យភាពរវាងការផ្គត់ផ្គង់ក្នុងស្រុក និងការនាំត្រីចូលដែលមានតម្លៃប្រកួតប្រជែងទាបជាងការផលិតក្នុងស្រុក» ។  កិច្ចប្រជុំមិនមានដំណោះស្រាយភ្លាមៗចំពោះសំណើរទទួចរបស់វារីវប្បករកម្ពុជានោះទេ ។ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារកសិកកម្មនិងអភិវឌ្ឍន៍ជបនទ សន្យាថា យកសំណើនេះដើម្បីធ្វើជារបាយការណ៍លម្អិតមួយជូនទៅថ្នាក់ដឹកនាំដើម្បី ដំណោះស្រាយដើម្បីអនុវត្តបន្តបន្ទាប់ ៕