ស៊ុយអែត ៖ រឿងដ៏ភ្ញាក់ផ្អើលមួយកើតឡើង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីកីឡាករជើងចាស់ Zlatan Ibrahimovic ត្រូវបានកោះហៅឱ្យចូលក្រុមជម្រើសជាតិស៊ុយអែតសារជាថ្មីម្តងទៀត ក្រោយចូលនិវត្តន៍អស់រយៈពេល៥ឆ្នាំកន្លងមក។

កីឡាកររកគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រស៊ុយអែតវ័យ ៣៩ឆ្នាំរូបនេះ រកបាន ៦២គ្រាប់ពីការបង្ហាញចំនួន ១១៦ប្រកួត មុនពេលប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ បន្ទាប់ពីជ្រុះចេញពីពានរង្វាន់ Euro 2016 ត្រឹមវគ្គជម្រុះក្នុងពូល។

សូមបញ្ជាក់ថា ស៊ុយអែតនឹងត្រូវប៉ះហ្សកហ្ស៊ី នាថ្ងៃទី ២៥ ខែមីនាខាងមុខនេះ មុនពេលបន្តជួបជាមួយកូសូវ៉ូ នាថ្ងៃទី២៨ ក្នុងខែដដែល សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup 2022 ។
ជុំវិញការវិលត្រឡប់មកចូលរួមជាមួយក្រុមជម្រើសជាតិវិញ ខ្សែប្រយុទ្ធក្រុមនយក្ស AC Milan រូបនេះ បានបង្ហោះសារមួយលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ដោយសរសេរយ៉ាងខ្លីថា «ការវិលត្រឡប់មកវិញ របស់ព្រះជាម្ចាស់»៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ