ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូរ​រក្សាខ្លួន​ឱ្យ​ឆ្ងាយ​ចាក​ទី​មិន​គួរ

5 ឆ្នាំ មុន

ព្រះ​បរម​សាស្តា​ត្រាស់​ថា រក្សាខ្លួន​ចៀស​ចេញ​ឱ្យ​ឆ្ងាយ​ចាក​ទី​ដែល​មានទុក្ខ ឬ​ទី​ដែល​សង្ស័យ​ថា​នឹង​មានទុក្ខ ហើយ​ត្រូវ​រក្សាខ្លួន​ដោយ​ការ​សង្រួម​មិន​ធ្វើបាប​តាម​កាយ វាចា ចិត្ត ប្រព្រឹត្ត​កុសលធម៌​ឱ្យ​ចម្រើន​ឡើង ហើយ​រៀបចំ​អត្ត​ចរិត​ឲ្យ​បាន​ល្អ​ប្រពៃ​ទៅ​តាម​មាគ៌ា​នៃ​បណ្ឌិត​ទាំងឡាយ ឈ្មោះ​ថា រក្សាខ្លួន…

ព្រះ​បរម​សាស្តា​ត្រាស់​ថា រក្សាខ្លួន​ចៀស​ចេញ​ឱ្យ​ឆ្ងាយ​ចាក​ទី​ដែល​មានទុក្ខ ឬ​ទី​ដែល​សង្ស័យ​ថា​នឹង​មានទុក្ខ ហើយ​ត្រូវ​រក្សាខ្លួន​ដោយ​ការ​សង្រួម​មិន​ធ្វើបាប​តាម​កាយ វាចា ចិត្ត ប្រព្រឹត្ត​កុសលធម៌​ឱ្យ​ចម្រើន​ឡើង ហើយ​រៀបចំ​អត្ត​ចរិត​ឲ្យ​បាន​ល្អ​ប្រពៃ​ទៅ​តាម​មាគ៌ា​នៃ​បណ្ឌិត​ទាំងឡាយ ឈ្មោះ​ថា រក្សាខ្លួន ។

បើ​តាម​សាសន​សុភាសិត​បាន​ពន្យល់​ថា រក្សា​អ្វី​ស្មើនឹង​ការ​រក្សាខ្លួន​ឱ្យ​ល្អ​ប្រពៃ​នេះ​មិន​មាន​ឡើយ ចុះបើ​សូ​ម្បី​តែ​ខ្លួន​ឯង​រក្សា​មិន​បាន​ក្នុង​គ្រា​ដែល​កំពុង​មានទុក្ខ​លំបាក​នេះ​ផង តើ​គួរ​នឹង​រក្សា​អ្វី​បាន​ទៅ ។ តាម​ពិត​បុគ្គល​ណា​ដែល​រក្សា​ខ្លួនឯង​ឲ្យ​ផុត​ចាក​បាប​អកុសល ឱ្យ​ផុត​ពី​ទីឋាន​ដែល​មានទុក្ខ​ទាំងឡាយ ជន​នោះ​ឈ្មោះ​ថា​ជា​អ្នក​ស្ងួនគ្រង​បម​បី​រក្សា​ថែខ្លួន​ដោយ​ពិត នេះ​ហើយ​ដែល​លោក​ហៅ​ថា​រក្សាខ្លួន​ដ៏​ត្រឹមត្រូវ ។

ការ​រក្សាខ្លួន​ឱ្យ​រួច​ផុត​អំពី​សេចក្តី​ទុក្ខ​ទាំងឡាយ​នេះ​មិនមែន​ទាល់តែ​គ្រហស្ថ​នោះ​ទេ អ្នកបួស​ក៏​ត្រូវ​រក្សា​ឱ្យ​បាន​ដែរ ដូច​ជា​យើង​ទទួលទាន​អាហារ​អ​ញ្ចឹ​ង​ដែរ មិនមែន​ទាល់តែ​គ្រហស្ថ​ឯណា អ្នកបួស​ក៏​អាច​ឆាន់​អាហារ​បាន​ដូច​គ្នា ហេតុនេះ​សូម​សាធុជន​ខំ​រក្សាខ្លួន​ឱ្យ​បាន​ល្អ​ប្រពៃ​ចុះ សេចក្តីសុខ​កំពុង​រង់ចាំ​លោក​អ្នក​ហើយ ៕ សាន សារិន