រាជធានីភ្នំពេញ ៖ រថយន្តរ៉េវ4 បើកឆ្លងផ្លូវបែកជាបួន ស្រាប់តែរថយន្តដឹកទំនិញធន់ធំបើកលឿនឆ្លងផ្លូវដូចគ្នាបុកចំក្បាលរថយន្តចំពេញទំហឹង បណ្តាលអោយក្រឡាប់ផ្ងារជើងម្ខាងឡើង លើរងការខូចខាតខ្ទេចយ៉ាងដំណំ ចំណែករថយន្តបង្កព្យាយាមបើករត់គេចខ្លួន ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង11និង20នាទីយប់ថ្ងៃទី16 ខែមិនា ឆ្នាំ2021 តាមបណ្តោយផ្លូវហាណូយ ផ្លូវម៉ុងរិទ្ធីនៅចំណុចស្តុប24ម៉ោង ស្ថិតនៅក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុខាងលើនេះគឺគេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តមួយគ្រឿងម៉ាករ៉េវ4 ពណ៌ត្រួយចេក ពាក់ស្លាកលេខស្វាយរៀង2A1038 បើកបរតាមបណ្តោយផ្លូវសម្តេចជាស៊ីមក្នុងទិសដៅពីលិចទៅកើត ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះ គឺរថយន្តរ៉េវ4 បើកឆ្លងផ្លូវបែកជាបួនទៅត្រង់ រួចហើយឆ្លងបានពាក់កណ្តាលផ្លូវមិនបានប្រយ័ត្ននោះទេ ក៏មានរថយន្តបង្កមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយទឹកបិច ពាក់ស្លាកលេខភ្នំពេញ3C5797 បើកបរតាមបណ្តោយផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើងបើកក្នុងស្ថានភាពល្បឿនយ៉ាងលឿនដូចហោះ ហើយអត់បានចាប់ហ្វ្រាំងនោះទេ ទើបជ្រុលទៅបុកនឹងចំពាក់កណ្តាលរថយន្តចំពេញទំហឹង បណ្តាលអោយក្រឡាប់ផ្ងារជើងម្ខាងឡើងលើ រួចខ្ទាតទៅប៉ះឡើងសួនច្បារពុះចែកទ្រូងផ្លូវធ្វើអោយរថយន្តខូចខាតខ្ទេចយ៉ាងដំណំរួញចូលគ្នា ទាំងមុខនឹងដំបូលខូចខាតយ៉ាងដំណំ រីឯឃឿនសួនច្បារពុះចែកទ្រូងផ្លូវវិញរងការខូចខាតតិចតួច ។

ចំណែកឯអ្នកបើកបរវិញរងរបួសស្រាល រីឯរថយន្តបង្កធន់ធំដឹកទំនិញវិញបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុបានចំងាយ2ទៅ3គីឡូត្រូវបានសមត្ថកិច្ចធ្វើការអន្តរាគមន៍ឃាត់ខ្លួនយកអ្នកបើកបរយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដោយសារតែមានការបើកបរមិនមានការយោគយល់គ្នានឹងបន្ថយល្បឿនទើបបង្កអោយមានគ្រោះថ្នាក់ដូច្នេះតែម្តង ។

ក្រោយពេលកើតហេតុខាងលើនេះរថយន្តភាគីទាំងសងខាងត្រូវបានសមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយទៀត ៕


ចែករំលែកព័តមាននេះ