ខេត្តស្វាយរៀង ៖ ក្មេងស្រីម្នាក់បានដើរចាប់ត្រី ហើយធ្វើឲ្យភក់ប្រឡាក់សម្លៀកបំពាក់និងដៃជើង បន្ទាប់មកនាងក៏ចុះទៅក្នុងស្រះទឹកដើម្បីលាងសំអាតខ្លួន ស្រាប់តែរអិលជើងធ្លាក់ចូលកន្លែងទឹកជ្រៅ បណ្តាលឲ្យលង់បាត់បង់ជីវិតតែម្តង។
ហេតុការណ៍៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិទួលចំបក់ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះផាន់ រស្មី អាយុ១២ឆ្នាំ រស់នៅភូមិទូលចំបក់ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង មានឪពុកឈ្មោះសៅ ចាន់ថា អាយុ៤៨ឆ្នាំ និងម្ដាយឈ្មោះប៉ាក គុន្ធា អាយុ៣៩ឆ្នាំ នៅភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានបន្តទៀតថា ក្រោយពីបានទទួលព័ត៌មានខាងលើភ្លាម សមត្ថកិច្ចប៉ុស្តិ៍នគបាលរដ្ឋបាលសង្កែបាន សហការជាមួយលោកមេឃុំសង្កែ និងកម្លាំងជំនាញស្រុក លោកគ្រូពេទ្យសាមគ្គីស្រុករំដួលចុះមកដល់កន្លែងកើតហេតុក៏បានពិតនិត្យស.ព រកឃើញថា ក្មេងស្រីរងគ្រោះពិតជាបានលង់ទឹក បណ្តាលឱ្យបាត់បង់ជីវិតប្រាកដមែន។ មូលហេតុ ដោយសារនាងដើរចាប់ត្រី ហើយភក់ប្រឡាក់ខ្លួននិងសំលៀកបំពាក់ ក៏ចុះទៅលាងសំអាតក្នុងទឹកស្រះក៏ជួបគ្រោះបែបនេះតែម្តង ។
ក្រោយពីសមត្ថកិច្ចពិនិត្យរួចរាល់ ស.ពក្មេងស្រីរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ