ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​សម្រេច​ឲ្យ​បង្កើត​គណបក្ស​កែទម្រង់​កម្ពុជា​តែ​ប្តូរ​ពាក្យ​«​សង្គ្រោះ​បំរើ​ការពារ​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ក្រសួងមហាផ្ទៃ​សម្រេច​ឲ្យ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ឈ្មោះ​ថា «​គណបក្ស​កែទម្រង់​កម្ពុជា​» ហើយ ប៉ុន្តែ​ត្រូវ​ធ្វើការ​ប្តូរ​ពាក្យស្លោក​របស់​ខ្លួន​ចេញ ដើម្បី​កុំ​ជាន់​នឹង​អតីត​គណបក្សប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ពេល​កន្លង​មក ។ សម្ដេច​ក្រឡាហោម ស…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ក្រសួងមហាផ្ទៃ​សម្រេច​ឲ្យ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ឈ្មោះ​ថា «​គណបក្ស​កែទម្រង់​កម្ពុជា​» ហើយ ប៉ុន្តែ​ត្រូវ​ធ្វើការ​ប្តូរ​ពាក្យស្លោក​របស់​ខ្លួន​ចេញ ដើម្បី​កុំ​ជាន់​នឹង​អតីត​គណបក្សប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ពេល​កន្លង​មក ។

សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​សម្រេច​អនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស​កែទម្រង់​កម្ពុជា ដែល​សរសេរ​ជា​អក្សរ​កាត់ «​គក​ក​» និង​មានឈ្មោះ​ជា​អក្សរ​ឡា​តាំង «CAMBODIA REFORM PARTY» មាន​អាសយដ្ឋាន​នៃ​ទីស្នាក់ការ​កណ្តាល ផ្ទះ​លេខ​៥១៥ ផ្លូវជាតិ​លេខ​៥ ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ។

យោង​តាម​លិខិត​របស់ ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា «​ទន្ទឹម​នេះ ផ្អែក​តាម​បញ្ញត្តិ មាត្រា​១១​ថ្មី នៃ​ច្បាប់​ស្តី​ពី គណបក្ស​នយោបាយ​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​តំណាង​ស្ថាបនិក គណបក្ស​ធ្វើការ​ផ្លាស់​ប្តូរ​ពាក្យ​សង្គ្រោះ​បំរើ​ការពារ​ដែល​មាននៅ​ក្នុង​សញ្ញា​សម្គាល់​របស់​គណបក្ស ដោយសារ​ពាក្យ​នេះ​ដូច​គ្នា​នឹង​បាវចនា​របស់​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​រំលាយ ដោយ​សាលដីកា​តុលាការ​កំពូល​» ។

ក្រសួង​បន្ដ​ថា ដើម្បី​ទទួល​បាន​សុពលភាព និង​អាច​ធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​គណបក្ស​កែទម្រង់​កម្ពុជា ត្រូវ​រៀបចំ​បែបបទ និង​បំពេញ​លក្ខខណ្ឌ​ស្នើ​សុំ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ស្រប​តាម​កថា ខណ្ឌ​ទី​២ មាត្រា​៩ មាត្រា​១៨​ថ្មី មាត្រា​១៩​ថ្មី និង​មាត្រា​២០ នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ព្រមទាំង ផ្លាស់​ប្តូរ​ពាក្យ​ដែល​មាននៅ​ក្នុង សញ្ញា​សម្គាល់​របស់​គណបក្ស ដូចដែល​បាន​ណែនាំ​ខាងលើ ។

សូម​ជម្រាប​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​របស់​ក្រុម​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​នេះ ទម្រាំ​មានការ​ទទួលស្គាល់​ពី​ក្រសួងមហាផ្ទៃ​មានការ​ឆ្លើយឆ្លង​ចោទ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ក្រុម​អ្នកគាំទ្រ​អតីត​ប្រឆាំង​មួយ​ចំនួន​ក្នុង​នោះ​មាន​ក្រុម​អ្នកគាំទ្រ​លោក កឹ​ម សុខា និង​ក្រុម​អ្នកគាំទ្រ​លោក សម រ​ង្ស៊ី ។

យ៉ាងណា​ក្តី​ទោះបី​មានការ​វាយប្រហារ​គ្នា​ពី​អតីត​ក្រុមប្រឆាំង​ដែល​ធ្លាប់​រួមរស់​ជាមួយ​គ្នា​ក្តី​លោក អ៊ូ ច័ន្ទ​រ័​ត្ន សមាជិក​ម្នាក់​ដែល​ទទួល​បាន​សម្បទាន​សិទ្ធិ​ធ្វើ​នយោបាយ​ក្នុង​ចំណោម​អ្នកមួយ​ចំនួន​ទៀត​ដែល​បង្កើត​គណបក្ស​នយោបាយ​ធ្លាប់​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នេះ គឺជា​សិទ្ធិ​របស់​ក្រុម​គាត់ ហើយ​ការ​បង្កើត​គណបក្ស​នោះ​ទៀត​សោត​មិន​មាន​បំណង​ធ្វើការ​វាយប្រហារ​ទៅ​អ្នក​ណា​នោះ​ទេ ។

លោក​ថា មក​ដល់​ពេល​នេះ​កម្ពុជា​ត្រូវ​មានការ​កែទម្រង់ ទើប​ក្រុម​លោក​សម្រេច​ដាក់ ឈ្មោះ​គណបក្ស​នយោបាយ​នេះ​ថា​«​គណបក្ស​កែទម្រង់​កម្ពុជា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ