នៅពេលលោកអ្នកទទួលទានទឹកក្តៅឧណ្ហ ឬទឹកត្រជាក់ស្រាប់តែមានអារម្មណ៍ថាដូចជាស្រៀវធ្មេញ នេះគឺជាអាការដំបូងនៃជំងឺពុកធ្មេញ ហើយបើសិនជាលោកអ្នកនៅតែមិនព្រមមកព្យាបាលទៀតអាការនេះអាចនឹងវិវឌ្ឍទៅជាបញ្ហាធ្ងន់ធ្ងរ ដែលបណ្តាលឲ្យខូចធ្មេញទាំងមូល ។
បើតាមការឲ្យដឹងរបស់លោកសាស្ត្រាចារ្យទន្តបណ្ឌិត គាម ប៊ន ឯកទេសផ្នែកទន្តសាស្ត្រ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានប្រាប់កោះសន្តិភាពឲ្យដឹងថា ជំងឺពុកធ្មេញ ឬដង្កូវស៊ីធ្មេញនេះត្រូវបានគេចែកជាបីដំណាក់កាល៖
១-ពុកធ្មេញទៅលើតែតួធ្មេញ ៖ អាចឈឺចាប់នៅពេលប៉ះជាមួយទឹកត្រជាក់ ឬទឹកក្តៅឧណ្ហ ។
២-ពុកធ្មេញរហូតដល់រលាកសរសៃធ្មេញ ៖ នៅពេលចំណីអាហារចូលទៅកន្លែងដែលពុកនោះបណ្តាលឲ្យឈឺចាប់ខ្លាំងពិបាកទ្រាំ តែនៅពេលយកចំណីអាហារចេញពីធ្មេញពុកនោះក៏លែងឈឺចាប់ ។
៣-ពុករហូតដល់រលួយសរសៃធ្មេញ ៖ ក្នុងដំណាក់កាលនេះ នៅពេលចំណីអាហារចូលទៅក្នុងធ្មេញមិនធ្វើឲ្យមានការឈឺចាប់ទេ តែអាចឈឺនៅពេលដែលលោកអ្នកទំពាអាហារ ។
ចំណែកឯវិធីព្យាបាលក៏មានបីដំណាក់ដែរ៖
-ដំណាក់កាលទី១ ៖ នៅពេលដែលមានបញ្ហាពុកធ្មេញ ត្រូវតែធ្វើការប៉ះធ្មេញ។
-ដំណាក់កាលទី២ ៖ ដាក់ថ្នាំឲ្យងាប់សរសៃធ្មេញ និងត្រូវដកសរសៃធ្មេញចេញ ហើយធ្វើការប៉ះសំអាតធ្មេញឡើងវិញ។
-ដំណាក់កាលទី៣ ៖ ត្រូវតែធ្វើការសម្អាតសរសៃដែលរលួយចេញទាំងអស់ និងដាក់ថ្នាំកម្ចាត់មេរោគ រួចប៉ះធ្មេញឡើងវិញ ។
ជាការពិតណាស់ បើសិនជាលោកអ្នកដែលមានបញ្ហាពុកធ្មេញហើយ នៅតែបន្តទុកមិនព្រមមកព្យាបាលនោះ ក្រៅពីឈឺចាប់នៅមានកើតជារបូសនៅក្នុងធ្មេញ ដែលជាហេតុបណ្តាលឲ្យធ្មេញខូចទាំងស្រុង ជាពិសេសអាចធ្វើឲ្យលោកអ្នកស្លាប់បាត់បង់ជីវិតបានយ៉ាងងាយ ដោយសារតែមេរោគជ្រៀតចូលទៅក្នុងសរសៃឈាមខួរក្បាលទៅជារលាកស្រោមខួរ។ ដូច្នេះអ្វីដែលល្អបំផុតត្រូវតែមកព្យាបាលឲ្យបានទាន់ពេលវេលា ជាពិសេសនៅពេលដែលមានបញ្ហាស្រៀវធ្មេញ ៕
ចែករំលែកព័តមាននេះ