ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តតាកែវបានចុះទៅបិទផ្ទះរៀបពិធីមង្គលការ មួយកន្លែងនៅស្រុកសំរោង និងយកសំណាកអ្នកពាក់ព័ន្ធនានា ប្រហែល ៤០០នាក់ ក្រោយពីអតីតសង្ឃ កក្កដា សុភ័ណ្ឌ ដែលបានទៅចូលរួមធ្វើជាអ្នកកំដរកូនកម្លោះត្រូវបានរកឃើញកើតកូវីដ ១៩ ។

អាជ្ញាធរមានសមត្ថកិច្ចនៅខេត្តតាកែវដែលមានឯកឧត្តម ឧត្តមសេនីយ៍ឯក មុំ សោភ័ណ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ សហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសំរោង ខេត្តតាកែវ រួមជាមួយអាជ្ញាធរភូមិ ឃុំ និងស្រុក បានញ្ជើញចុះផ្ទាល់ដល់ទីតាំងផ្ទះការមួយកន្លែងនៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ដែលជាប់ពាក់ព័ន្ធនឹងបុគ្គលឈ្មោះ កក្កដា សុភ័ណ្ឌ ដែលក្រសួងសុខាភិបាលយកសំណាកពិនិត្យឃើញវិជ្ជមានកូវីដ១៩ និងលទ្ធផលប្រកាសដោយបុគ្គលរូបនេះ គឺធ្វើឡើងកាលពីយប់ថ្ងៃទី ១៤ ខែមីនា ។

សូមបញ្ជាក់ថា អ្នកកំដរកូនកំលោះម្នាក់ គឺអតីតសង្ឃ កក្កដា សោភ័ណ្ឌ បានកើតកូវីដ ១៩ ដោយសាមីខ្លួន បានប្រកាសពីករណីវិជ្ជមានវីរុសកូវីដ១៩ តាមហ្វេសប៊ុក នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានឡានពេទ្យ ដឹកទាំងយប់ ទៅកាន់មណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។

ក្រៅពីប្រកាសសូមទោស និងស្តាយក្រោយ ដែលបានឆ្លងកូវីដ អតីតសង្ឃនេះ ក៏បានប្រកាសឲ្យមិត្តភក្តិ និងអ្នកបានជួបរួបគេទាំងអស់ ទៅពិនិត្យសុខភាព និងស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល។

នៅលើហ្វេសប៊ុក អតីតសង្ឃនេះ បានសរសេរថា «ខ្ញុំកក្កដា សោភ័ណ្ឌ បានទទួលលទ្ធផលពីគ្រូពេទ្យថា ខ្ញុំ Positive, មានផ្ទុកមេរោគ Covid-19 នេះពិតមែន។ អ្វីដែលស្មានមិនដល់ បានកើតឡើងហើយ… ឥឡូវនេះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ នឹងពង្រឹងស្មារតីអោយបានល្អ រង់ចាំការព្យាបាល។ សូមទោសអ្នករាល់គ្នាផង… បើខ្ញុំមិនមកពិនិត្យ ខ្ញុំគេចវេះ វាជារឿងមិនល្អទេ សុខចិត្តអោយអ្នកទាំងអស់គ្នាជេរខ្ញុំ… សូមទោសមិត្តភក្តិ អ្នករាប់អាន ដែលខ្ញុំនាំទុក្ខអោយ… សូមមេត្តាទៅពិនិត្យសុខភាព ដែលនៅជិត និងស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាល កុំអោយស្តាយក្រោយដូចខ្ញុំ»។


ក្នុងពិធីមង្គលការ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ទើបរកឃើញកើតកូវីដ១៩ នោះគឺ ពិធីមង្គលការនេះ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

ដូច្នេះសូមអ្នកពាក់ព័ន្ធ ក្នុងពិធីមង្គលការ កាលពីថ្ងៃទី១២ ខែមីនា នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ និងអ្នកចូលរួមពិធីទាំងអស់ សូមទៅពិនិត្យសុខភាព និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

ចែករំលែកព័តមាននេះ