រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានធ្វើសកម្មភាពចាប់ប្អូនស្រីគូដណ្ដឹងរបស់ខ្លួនឱបថើប រួចបម្រុងចាប់បំពានសេពសន្ថវៈ ប៉ុន្តែមិនបានសម្រេចឡើយ ដោយសារតែនាងរើបំរះ និងខាំអណ្ដាតជននោះ បណ្ដាលឲ្យរងរបួសចេញឈាម ព្រមទាំងស្រែកយំខ្លាំងៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះជួល និងអ្នកជិតខាង នាំគ្នាជួយចាប់ខ្លួនបានភ្លាមៗតែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងបន្ទប់ជួល ស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យខាងលើឈ្មោះប៉ិច លីឃឹម អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់កើតហេតុខាងលើ ចំណែកនារីរងគ្រោះដែលរងការធ្វើបាបពីបងថ្លៃនោះមានអាយុ២១ឆ្នាំ និងស្នាក់នៅបន្ទប់ផ្ទះជួលជាមួយគ្នានោះដែរ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជនសង្ស័យ និងបងស្រីរបស់នារីរងគ្រោះ គឺត្រូវជាគូដណ្ដឹងនឹងគ្នា ហើយដោយសារតែប្រទេសកម្ពុជាកំពុងមានការផ្ទុះជំងឺ COVID-19 ទើបមិនទាន់បានរៀបការនឹងគ្នា ប៉ុន្តែជនសង្ស័យរូបនេះបានមកស្នាក់នៅក្នុងបន្ទប់ជួលជាមួយនាងជាគូដណ្ដឹងដែលត្រូវជាបងស្រីរបស់នាងរងគ្រោះ ។ មិនតែប៉ុណ្ណោះ នៅក្នុងបន្ទប់នេះ មានការស្នាក់នៅជាមួយគ្នាចំនួន៤នាក់ គឺជនសង្ស័យ ស្ត្រីជាគូដណ្ដឹង នារីរងគ្រោះដែលជាប្អូន និងសាច់ញាតិម្នាក់ទៀតផងដែរ និងបានស្នាក់នៅមួយរយៈពេលកន្លងមកហើយ។
ប្រភពដដែលបន្តថា លុះដល់វេលាព្រឹកថ្ងៃកើតហេតុ ស្ត្រីជាគូដណ្ដឹង រួមនឹងសាច់ញាតិម្នាក់ទៀតបានចេញទៅធ្វើការដោយទុកឲ្យជនសង្ស័យ និងប្អូនស្រី (ជនរងគ្រោះ) នៅក្នុងបន្ទប់ជួលតែ២នាក់ដូចសព្វមួយដងដែរ ដោយពុំបានគិតខ្លាចអ្វីឡើយ ព្រោះតែទុកចិត្តថា ជាគូដណ្ដឹង និងគិតថាជាអនាគតស្វាមីទៅហើយ។

ប្រភពដដែលបន្តថា ខណៈពេលមុនកើតហេតុនោះ នារីរងគ្រោះបានដេកមើលទូរស័ព្ទនៅក្នុងបន្ទប់ ដោយឃើញឱកាសល្អជនសង្ស័យក៏បានបិទទ្វារបន្ទប់ រួចខ្ទាស់គន្លឹះជាប់ ហើយបានចាប់ឱបថើប ព្រមទាំងបឺតមាត់នាង បម្រុងបំពានសេពសន្ថវៈ ប៉ុន្តែត្រូវនារីរងគ្រោះបានរើបំរះមិនព្រម និងខាំអណ្ដាតជននោះ បណ្ដាលឲ្យរងរបួសហូរឈាមតែម្តង រួចស្រែកយំខ្លាំងៗបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងម្ចាស់ផ្ទះជួល នាំគ្នាទៅមើលនិងគោះទ្វារ ទើបជនសង្ស័យរូបនេះលេងនាងវិញ ហើយនាងក៏បានបើកទ្វាររត់ចេញមកក្រៅប្រាប់អ្នកជិតខាងពីសកម្មភាពរបស់ជនសង្ស័យដែលបានចាប់បំពាននាង ទើបអ្នកជិតខាងនិងម្ចាស់ផ្ទះជួល ឃាត់ខ្លួនជននេះ រួចប្រគល់ជូននគរបាល ដើម្បីសាកសួរ និងចាត់ការតាមច្បាប់តែម្ដង៕
ចែករំលែកព័តមាននេះ