Zaha ផ្ញើសារដ៏មានអត្ថន័យមួយ ក្រោយបដិសេធមិនលុតជង្គង់មុនការប្រកួត
អង់គ្លេស ៖ កីឡាករ Wilfried Zaha ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Crystal Palace បានក្លាយជាកីឡាករដំបូងគេនៅក្របខណ្ឌ English…
អង់គ្លេស ៖ កីឡាករ Wilfried Zaha ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Crystal Palace បានក្លាយជាកីឡាករដំបូងគេនៅក្របខណ្ឌ English…
អង់គ្លេស ៖ កីឡាករ Wilfried Zaha ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Crystal Palace បានក្លាយជាកីឡាករដំបូងគេនៅក្របខណ្ឌ English Premier League ដែលបដិសេធមិនលុតជង្គង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍ មុនពេលការប្រកួតចាប់ផ្តើម។

ក្នុងជំនួបដែលម្ចាស់ផ្ទះ Crystal យកឈ្នះលើក្រុម West Brom ដោយលទ្ធផល ១-០ កាលពីយប់ម្សិលមិញ គេឃើញគ្រប់គ្នាដែលមានវត្តមានលើទីលានប្រកួតទាំងអស់សុទ្ធតែលុតជង្គង់ លើកលែងតែ Zaha តែប៉ុណ្ណោះដែលឈរតែម្នាក់ឯង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ខ្សែប្រយុទ្ធកូដឌីវ័រវ័យ២៨ឆ្នាំរូបនេះ បានលើកឡើងថា «មិនមានការសម្រេចចិត្តត្រូវឬខុសនោះទេ ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានអារម្មណ៍ថាការលុតជង្គង់គ្រាន់តែជាផ្នែកមួយនៃទម្លាប់មុនការប្រកួតប៉ុណ្ណោះ។ ខណៈការរើសអើងជាតិសាសន៍នៅតែកើតមានដដែល »។

កីឡាកររូបនេះបានបន្តទៀតថា «ក្នុងនាមជាសង្គមមួយ ខ្ញុំមានអារម្មណ៍ថា យើងគួរតែជំរុញឱ្យមានការអប់រំប្រសើរជាងមុននៅក្នុងសាលារៀន។ ហើយសហគមន៍មួយឬប្រព័ន្ធផ្សព្វផ្សាយសង្គម គួរតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងមនុស្សដែលរំលោភបំពានសិទ្ធិអ្នកដទៃតាមប្រព័ន្ធអ៊ីនធឺណិត។ ដោយវាមិនត្រឹមតែសម្រាប់កីឡាករបាល់ទាត់តែប៉ុណ្ណោះទេ»។
សូមរំលឹកថា ក្លិបទាំងអស់នៅក្របខណ្ឌ Premier League បានចាប់ផ្តើមអនុវត្តយុទ្ធនាការលុតជង្គង់មុនចាប់ផ្តើមការប្រកួតដើម្បីគាំទ្រចលនា «Black Lives Matter» ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីមរណភាពរបស់បុរសស្បែកខ្មៅ គឺលោក George Floyd កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីត្រូវប៉ូលិសស្បែកសម្នាក់នៅរដ្ឋមីនីសូតា (Minnesota) សហរដ្ឋអាមេរិក យកជង្គង់សង្កត់កជាប់រហូតដាច់ខ្យល់ស្លាប់បាត់បង់ជីវិត៕ (ដកស្រង់ចេញពី BBC)

ចែករំលែកព័តមាននេះ